អ្នកវិទ្យាសាស្រ្ត​ បង្កើត​បានយានអវកាស ហោះទៅសិក្សាលម្អិតពី​ព្រះអាទិត្យ

ថ្មីៗនេះ​ភ្នាក់ងារ​អវកាស​អឺរ៉ុប សហការជាមួយអង្គការ NASA បាន​បាញ់​បង្ហោះ​យានអវកាស Solar Orbiter រួចហើយកាលពីថ្ងៃទី10 ខែកុម្ភៈ ឆ្នាំ​2020 ដើម្បីធ្វើដំណើរទៅសិក្សាលម្អិតអំពី​ព្រះអាទិត្យ។ យានអវកាសទម្ងន់ 1,900គីឡូក្រាមនេះ ត្រូវបាន​ដាក់​នៅលើគ្រាប់រ៉ុក្កែត Atlas V ហើយ​ត្រូវបាញ់​បង្ហោះ​​ចេញពី​មជ្ឈមណ្ឌល​អវកាស Cape Canaveral ក្នុងរដ្ឋ Florida។

យានអវកាស Solar orbiter បានបំបែក​ខ្លួនចេញពីគ្រាប់រ៉ុក្កែត​ក្នុងរយៈពេល 53នាទីបន្ទាប់ពីការបាញ់បង្ហោះតាម​ការ​គ្រោងទុកហើយ​ប៉ុន្មាន​នាទី ​ក្រោយ​មកទៀត​ក្រុម​បេសកកម្មបាន​បង្កើត​ការទាក់ទង​ជាមួយវា​បាន​សម្រេច។ បេសកកម្ម​នេះ ត្រូវបាន​រំពឹងថា នឹងបញ្ជូន​ទិន្នន័យ និងរូបភាព​នៅលើព្រះអាទិត្យ​បានលើសពីការ​រំពឹងទុក​មកកាន់ផែនដីវិញ ក្នុងនោះ​រួមមានទាំងរូបភាព​ដំបូង​នៃតំបន់​ប៉ូល​របស់​ព្រះអាទិត្យ​ផងដែរ។

គម្រោងដែលមាន​តម្លៃ 1.7​ពាន់លាន​ដុល្លារ​នេះ ត្រូវបាន​ធ្វើឡើង​ដើម្បី​អាចឱ្យអ្នក​វិទ្យាសាស្រ្ត​យល់​បានកាន់តែច្បាស់​ពី​ថាមពល​របស់​ព្រះអាទិត្យ។ វា​នឹងត្រូវបាន​ដាក់​នៅលើគន្លង​ដែលមានចម្ងាយ 42លានគីឡូម៉ែត្រ​ពី​ព្រះអាទិត្យដោយ​វានឹងអាចថតរូបភាពផ្ទៃនៃពិភពនេះ​ក្នុងកម្រិតគុណភាពខ្ពស់៕

Advertisement