បេសក​កម្ម​ទៅកាន់​ពិភពព្រះអង្គារ​ ដើម្បី​ស្វែង​រក​សភាវ​រស់​ ត្រូវ​បាន​ពន្យារ​ពេល​ ដោយ​សារ​តែ​…

បេសក​កម្ម​ទៅកាន់​ពិភពព្រះអង្គារ​ ដើម្បី​ស្វែង​រក​ភាវ​រស់​ ត្រូវ​បាន​ពន្យា​ពេល​ ដោយ​សារ​តែ​...

ផែន​ការ​បញ្ជូន​រ៉ូបូត​ឡើង​ទៅ​ស្វែង​រកស​​ភាវ​រស់​នៅ​លើ​ពិភពព្រះ​អង្គារ​​ របស់​រុស្ស៊ី និង​ទីភ្នាក់​ងារ​អវកាស​អឺរ៉ុប​(ESA) ត្រូវ​បាន​ពន្យា​រពេល​ចំនួន​2ឆ្នាំ ដោយ​សារ​បញ្ហា​បច្ចេក​ទេស និង​ផល​ប៉ះពាល់​របស់​រោគ​រាត​ត្បាត​ COVID-19។

ទីភ្នាក់​ងារ​អវកាស​រុស្ស៊ី(Roscosmos) និង​ទីភ្នាក់​ងារ​អវកាស​អឺរ៉ុប(ESA) បាន​សម្រេច​ចិត្ត​ពន្យា​ពេល​ក្នុង​ការ​បាញ់​បង្ហោះ​យាន​អវកាស​របស់​ពួកគេ​ទៅ​ខែ​សីហា ឬ​ខែកញ្ញា​ ឆ្នាំ​2022 ពោល​គឺ​យឺត​ជាង​2ឆ្នាំ​ ធៀប​នឹងផែន​ការ​ដែល​បាន​គ្រោង​ទុក​។ ក្រុម​អ្នក​គ្រប់​គ្រង​គម្រោង​បាន​ឱ្យ​ដឹង​ថា ពួកគេ​ត្រូវ​ធ្វើ​ការ​ពិសោធ​ជា​ច្រើន​ទៀត​ ដើម្បី​ធានា​ឱ្យ​បាន​ថា រាល់​ផ្នែក​នៃ​យាន​អវកាស​ ដំណើរ​ការ​ល្អ​បំផុត​ក្នុង​បេសក​កម្ម​ទៅ​កាន់​ឋាន​ព្រះអង្គារ​។

“នោះ​គឺជា​ការ​សម្រេច​ចិត្ត​ដ៏​លំបាក​មួយ ប៉ុន្តែ​វា​ចាំបាច់​ណាស់​” Dmitry Rogozin អ្នក​ដឹក​នាំ​ទីភ្នាក់​ងារ​អវកាស​ Roscosmos របស់​សហ​ព័ន្ធ​រុស្ស៊ី ថ្លែង​អំពី​ការ​ពន្យា​ពេល​លើ​ការ​បាញ់​បង្ហោះ​យាន​អវកាស​​ទៅ​កាន់​ពិភព​ព្រះ​អង្គារ​។​ តាម​ផែន​​ការ​ដំបូង​ យាន​អវកាស​គ្មាន​មនុស្ស​បើក​បរ ExoMars ដែល​នឹង​មាន​ភារកិច្ច​នាំ​រ៉ូបូត​ឡើង​ទៅ​កាន់​ពិភព​ព្រះអង្គារ​ដើម្បី​ស្វែង​រក​សភាវ​រស់​នេះ​ នឹង​ត្រូវ​បាញ់​បង្ហោះ​នៅ​ចុង​ឆ្នាំ​ បន្ទាប់​ពី​បាន​ពន្យា​ពេល​ជា​ច្រើន​លើក ប៉ុន្តែ​ពេល​នេះ វា​នៅ​តែ​ត្រូវ​បាន​ពន្យា​ពេល​ម្ដង​ទៀត​។

អគ្គនាយក​នៃ​ទី​ភ្នាក់​ងារ​អវកាស ​ESA លោក Jan Worner សង្កត់​ធ្ងន់​ថា “ទាំង​2ភាគី សុទ្ធ​តែ​ចង់​ឱ្យ​បេសក​កម្ម​នេះ​ទទួល​បាន​ជោគ​ជ័យ​ 100​%។ សកម្ម​ភាព​សាក​ល្បង​​នានា​នឹង​ជួយ​ធានា​សុវត្ថិ​ភាព​សម្រាប់​ការ​បាញ់​បង្ហោះ​​ ហើយ​តាម​រយៈ​នេះ យើង​នឹង​ទទួល​បាន​លទ្ធ​ផល​ល្អបំផុត​ផ្នែក​វិទ្យា​សាស្ត្រ​”។ នេះ​បើ​តាម​សារ​ព័ត៌មាន AFP។

ទន្ទឹម​នឹង​មូល​ហេតុ​បច្ចេក​ទេស ការ​ពន្យា​រពេល​ខាងលើ​ក៏បាន​កើត​ឡើង​​ដោយ​សារ​ផល​ប៉ះពាល់​ពី​រោគ​រាត​ត្បាត​ COVIVD-19​ ផងដែរ​។ Rogozin បាន​ឱ្យ​ដឹង​ថា បទ​បញ្ជា​រឹត​បន្តឹង​ការ​ធ្វើ​ដំណើរ​រវាង​បណ្ដា​ប្រទេស​ បាន​ធ្វើ​ឱ្យ​ក្រុម​អ្នក​វិទ្យា​សាស្ត្រ​ជួប​បញ្ហា​ក្នុង​ការ​សហការ​គ្នា​ ដើម្បី​អនុវត្ត​គម្រោង​ការ​នេះ​។

កម្មវិធី​អវកាស​រួម ExoMars ត្រូវ​បាន​គេ​មើល​ឃើញ​ថា​ជា​និមិត្ត​រូប​សំខាន់​ក្នុង​កិច្ច​សហប្រតិបត្តិ​ការ រវាង​រុស្ស៊ី និង​អឺរ៉ុប នៅ​ក្នុង​ស្ថាន​ភាព​តាន​តឹង​ជាមួយ​អ៊ុយ​ក្រែន​ និង​ស៊ីរី​។ ទីភ្នាក់​ងារ​អវកាស​ Roscosmos របស់​រុស្ស៊ី នឹង​ផ្ដល់​កន្លែង​បាញ់​បង្ហោះ កន្លែង​ចុះ​ចត​ និង​ម៉ូឌុល​ដើម ចំណែក​ទីភ្នាក់​ងារ​អវកាស​អឺរ៉ុប ESA នឹង​ទទួល​ខុស​ត្រូវ​ក្នុង​ការ​អភិវឌ្ឍ​ និង​គ្រប់​គ្រង​ដំណើរ​ការ​រ៉ូបូត​ Rosalind Franklin។

រ៉ូបូត​ខាង​លើនឹង​ត្រូវ​បាន​បញ្ជា​ពី​មជ្ឈមណ្ឌល​អវកាស​មួយ​ នៅ​ក្នុង​តំបន់ Torino ភាគ​ខាង​ជើង​ប្រទេស​អ៊ីតាលី​ ដែល​ជា​កន្លែង​កំពុង​រង​គ្រោះ​ខ្លាំង​ដោយសារ​រោគ​ COVID-19 នៅ​អឺរ៉ុប។ Rosalind Franklin គឺជា​ឧបករណ៍​ដំបូង​គេ​ដែល​មាន​សមត្ថ​ភាព​ស្វែង​រក​សភាវ​រស់​នៅ​ក្រោម​ដី​​ ជម្រៅ 2ម៉ែត្រ៕

ប្រភព៖ សារ​ព័ត៌មាន​បរទេស

Advertisement