សហរដ្ឋ​អាមេរិក ចេញច្បាប់​ហាម​ក្រុម​ហ៊ុន​អ៊ីនធើណិត​ មិន​ឱ្យ​ប្រើ​ប្រាស់​ឧបករណ៍​បច្ចេក​វិទ្យា​របស់ក្រុម​ហ៊ុន​ចិន Huawei

សហរដ្ឋ​អាមេរិក ចេញច្បាប់​ហាម​ក្រុម​ហ៊ុន​អ៊ីនធើណិត​ មិន​ឱ្យ​ប្រើ​ប្រាស់​ឧបករណ៍​របស់ក្រុម​ហ៊ុន​ចិន Huawei

ប្រធានាធិបតី​សហ​រដ្ឋ​អាមេរិក លោក Donald Trump កាល​ពី​ម្សិល​មិញ បាន​ចេញ​ច្បាប់​ហាម​ក្រុម​ហ៊ុន​អ៊ីនធើណិត​ក្នុង​ប្រទេសនេះ ​មិន​ឱ្យ​យក​​ប្រាក់​ជំនួយ​របស់​រដ្ឋា​ភិបាល​ ទៅ​ទិញ​ឧបករណ៍​បច្ចេក​វិទ្យា​ពី​ក្រុម​ហ៊ុនចិន​ Huawei។

ទន្ទឹម​នឹង​ Huawei ច្បាប់​នេះ​ក៏​ហាម​ក្រុម​ហ៊ុន​ទូរគមនាគមន៍​នៅ​សហ​រដ្ឋ​អាមេរិក​ ទិញ​ឧបករណ៍​ពី​បណ្ដា​ក្រុម​ហ៊ុន​ផ្សេង​ដែល​ត្រូវ​បាន​សហរដ្ឋ​អាមេរិក ចាត់​ទុក​ថា​ជា “ការ​គំរាម​កំហែង​ដល់​សន្តិ​សុខ​ជាតិ​”។

ច្បាប់​នេះ​ក៏បាន​ស្នើ​ឱ្យ​គណៈ​កម្មការ​​ទូរគមនាគមន៍​សហ​រដ្ឋ FCC (Federal Communications Commission) បង្កើត​កម្ម​វិធី​ជំនួយ​ដល់​បណ្ដា​ក្រុមហ៊ុន​អ៊ីនធើណិត​តូច​ៗផងដែរ​។ ក្រុម​ហ៊ុន​តូច​ទាំង​នោះ នឹង​ទទួល​បាន​ប្រាក់​ជំនួយ​ពី​រដ្ឋាភិបាល​ បើសិន​ពួកគេ​យល់​ព្រម​បោះ​បង់​ឧបករណ៍​ ឬ​សេវា​កម្ម​របស់​ចិន​ ​ដែល​ត្រូវ​បាន​ហាមដោយ​អាមេរិក​​ ចេញ​ពី​ប្រព័ន្ធ​ទូរគមនា​គមន៍​។

កាល​ពី​ថ្ងៃទី​27មីនា សភាជាន់​ខ្ពស់​សហរដ្ឋ​អាមេរិក​ បាន​បោះ​ឆ្នោត​យល់​ព្រមទម្លាក់​កញ្ចប់​ថវិកាជំនួយ​ ចំនួន​1ពាន់​លាន​ដុល្លារ​ សម្រាប់​ក្រុម​ហ៊ុន​ទូរគមនា​គមន៍​ណា​ដែលមិន​ប្រើ​ប្រាស់​ឧបករណ៍​ដែល​ផលិត​ឡើង​ដោយ​ក្រុម​ហ៊ុន ចិន Huawei និង ZTE។ កញ្ចប់​ជំនួយ​នេះ នឹង​ប្រើ​ប្រាស់​ដើម្បី​ជួយ​ដល់​ក្រុម​ហ៊ុន​អ៊ីនធើណិត​តូច​ៗ ដែល​កំពុង​ធ្វើ​សកម្ម​ភាព​នៅ​តាម​តំបន់​ជនបទ​ នៅ​ទូទាំង​សហ​រដ្ឋ​អាមេរិក​។ នេះ​បើ​តាម​ការ​ចុះ​ផ្សាយ​របស់​សារ​ព័ត៌មាន SCMP។

សមាគម​ទូរគមនា​គមន៍​មិន​ប្រើ​ខ្សែនៅ​ជនបទ​​របស់សហរដ្ឋ​​អាមេរិក​ RWA (Rural Wireless Association) បាន​សរសើរ​អំពី​កាយ​វិការ​នេះរបស់​សភាជាន់​ខ្ពស់​ ប៉ុន្តែ សមាគមនេះ​យល់​ថា 1ពាន់​លាន​ដុល្លារ​ គឺ​វា​ “មិន​សម​ស្រប​” នោះ​ទេ​។ នេះ​បើ​តាម​សារ​ព័ត៌មាន Reuters។

បច្ចុប្បន្ន ក្រុមហ៊ុន​ទូរគមនា​គមន៍​ជា​ច្រើន​នៅ​សហ​រដ្ឋ​អាមេរិក បាន​បំពាក់​ឧបករណ៍​ផ្សេង​ៗ​ដែល​ផលិត​ដោយ​ក្រុម​ហ៊ុន​ចិន Huawei និង​ ZTE ដោយ​សារ​តែវា​មាន​តម្លៃ​ទាប។ ប៉ុន្តែ ឧបករណ៍​ទាំង​នោះ​ ភាគ​ច្រើន ត្រូវ​បានបំពាក់​តាំង​ពី​ប៉ុន្មាន​ឆ្នាំមុន​​មក​ហើយ​។

សេត​វិមាន​ ធ្លាប់​បាន​លើក​ឡើង​ និង​សង្ស័យ​ថា Huawei បាន​ប្រើ​ប្រាស់​បណ្ដាញ​ទូរគមនា​គមន៍​ដើម្បី​បើក​ដៃ​ឱ្យ​រដ្ឋា​ភិបាល​ចិន​ ធ្វើ​សកម្ម​ភាព​ចារ​កិច្ច​។ រដ្ឋាភិបាល​សហ​រដ្ឋ​អាមេរិក ក៏មាន​ការព្រួយ​បារម្ភ ​ខ្លាច​ក្រុម​ហ៊ុន​ចិន​នឹង​ “បង្កការ​​គំរាម​កំហែង​ដល់​សន្តិសុខ​ជាតិ​” បើ​សិន​ជា​ទទួល​បាន​ការ​អនុញ្ញាត​ឱ្យដំឡើង​ប្រព័ន្ធ​ 5G នៅ​លើ​ទឹក​ដី​សហ​រដ្ឋ​អាមេរិក។ ប៉ុន្តែ ក្រុមហ៊ុន​ Huawei តែង​តែ​បដិសេធ​រាល់​ការ​ចោទ​ប្រកាន់​នេះ​៕

ប្រភព៖ សារ​ព័ត៌មាន​បរទេស

Advertisement