NASA បញ្ចេញ​រូប​ថតដ៏អស្ចារ្យ​1សន្លឹក ​របស់​កាឡាក់ស៊ី M77 ដែល​មានចម្ងាយពី​​ផែន​ដី​​ 47​លាន​ឆ្នាំ​ពន្លឺ

NASA បញ្ចេញ​រូប​ថតដ៏អស្ចារ្យ​1សន្លឹក ​របស់​កាឡាក់ស៊ី M77 ដែល​មានចម្ងាយពី​​ផែន​ដី​​ 47​លាន​ឆ្នាំ​ពន្លឺ

តេឡេស្កូប​អវកាស​ Hubble របស់​ទីភ្នាក់​ងារ​អវកាស​អាមេរិកាំង NASA ថត​បាន​រូប​ភាព​ច្បាស់​ត្រជាក់​ភ្នែក​របស់​កាឡាក់​ស៊ី1​ ដែល​ត្រូ​វ​បាន​គេ​ដាក់​ឈ្មោះ​ឱ្យ​ថា Messier 77 ស្ថិត​នៅ​ក្នុង​កញ្ចុំ​ផ្កាយ​ Cetus។

ទីភ្នាក់​ងារ​អវកាស​អាមេរិកាំង​ NASA កាល​ពី​ថ្ងៃទី17មីនា​កន្លង​ទៅ បាន​បញ្ចេញ​រូប​ថត​1សន្លឹក​​ដ៏​អស្ចារ្យ​របស់​កាឡាក់ស៊ី Messier 77 (M77) ដែល​មាន​ចម្ងាយពី​ភព​ផែន​ដី​​ ប្រមាណជា 47​លាន​ឆ្នាំ​ពន្លឺ​ (ពន្លឺ​​ព្រះអាទិត្យ​ ត្រូវ​ធ្វើ​ដំណើរ​8នាទី​ និង​20​វិនាទី​ ទើប​មក​ដល់​ផែនដី)។ ​ត្រង់​ចំណុច​ពណ៌​ក្រហម​ដែល​នៅ​ពាស​ពេញ​កាឡាក់ស៊ី​នេះ គឺ​បញ្ជាក់​ថា Messier 77 សម្បូរ​ទៅ​ដោយ​ឧស្ម័ន អ៊ីដ្រូសែន(hydrogen)។ ពន្លឺ​ភ្លឺ​ចែង​ចាំង​នៅ​ចំកណ្ដាល​កាឡាក់​ស៊ី គឺជា​ស្នូល​របស់​វា។​ ចំណែក​នៅ​ជុំ​វិញ​ស្នូល​ គឺជា​ដៃ​របស់​កាឡាក់ស៊ី ដែល​មាន​រាង​ដូច​គូទ​ខ្យង​​ និង​គ្រប​ដណ្ដប់​ដោយ​​ពពក​ធូលី​ដ៏ក្រាស់​។ តំបន់​ដែល​មាន​ពន្លឺ​ពណ៌ក្រហម​ ស្ថិត​នៅ​ជុំ​វិញ​ក្បែរ​ស្នូល​របស់​កាឡាក់​ស៊ី​ គឺជា​កន្លែង​កកើត​របស់​ផ្កាយ​ថ្មី។

តារា​វិទូ​ជនជាតិ​បារាំង Pierre Méchain បាន​រក​ឃើញ​កាឡាក់ស៊ី M77 កាល​ពី​ឆ្នាំ​1780។ កាល​ណោះ​ តារា​វិទូ​រូប​នេះ ​យល់​ថា M77 គឺជា​ nebula ដែល​ជា​ពពក​ធូលី​យក្ស​ សម្បូរ​ដោយ​​ឧស្ម័ន​​អ៊ីដ្រូសែន អេលីយ៉ូម និងឧស្ម័នអ៊ីយ៉ុងផ្សេងទៀត នៅ​ក្នុង​ទី​អវកាស​ដ៏សែន​ឆ្ងាយ។ ប៉ុន្តែ តាម​ការ​ពិត M77 គឺជា​កាឡាក់​ស៊ី​ដ៏​មហា​សែន​ធំ​មួយ។ នៅ​លើ​ផែន​ដី តារា​វិទូ​អាច​ពិនិត្យ​មើល​​ M77 បាន​ច្បាស់​បំផុត នៅ​ក្នុង​ខែ​ធ្នូ រៀង​រាល់​ឆ្នាំ​។

កាឡាក់ស៊ី M77 គឺដូច​ទៅ​នឹង​ Seyfert ផង​ដែរ ដែល​វា​ជា​កាឡាក់ស៊ី​មាន​ស្នូល​ធ្វើ​សកម្ម​ភាព​ខ្លាំង​ក្លា​បំផុត​ ហើយ​ត្រូវ​បានគ្រប​ដណ្ដប់​ដោយ​ឧស្ម័ន​ និង​ធូលី​អវកាស​​​ ដែល​នៅ​ជុំ​វិញ។ M77 គឺជា​កាឡាក់ស៊ី​1 ក្នុង​ចំណោម​កាឡាក់ស៊ី​​​​មាន​ពន្លឺ​ចែង​ចាំង​ជា​ច្រើន​ ដែល​ត្រូវ​បាន​សិក្សា​ស្រាវ​ជ្រាវ​ល្អិត​ល្អន់​បំផុត​។ កាល​ពី​ថ្ងៃទី​24វិច្ឆិកា ឆ្នាំ​2018 ក្រុម​អ្នក​វិទ្យា​សាស្ដ្រ​ក៏​បាន​សង្កេត​​ឃើញ​ផ្កាយ​1កំពុង​​តែ​​ផ្ទុះ​ (ដែល​គេ​ហៅ​ថា ការ​ផ្ទុះ​ supernova)​ នៅ​ក្នុង​កាឡាក់ស៊ី​ M77 នេះ​ផងដែរ​៕

ប្រភព៖ សារ​ព័ត៌មាន​បរទេស

Advertisement