ផ្កាយ​មួយ​ដួង​កំពុង​ “ស៊ីសាច់​” មិត្ត​រួម​ដំណើររបស់​វា​ ​ក្នុង​ប្រព័ន្ធ​ផ្កាយ​ភ្លោះ​នៃ​កាឡាក់ស៊ី​មួយ​ដែល​នៅ​ក្បែរ ​Milky Ways

ផ្កាយ​មួយ​ដួង​កំពុង​

អ្នក​វិទ្យា​សាស្ត្រ​បាន​ប្រើ​ប្រាស់​កម្មវិធី​កុំព្យូទ័រ​ដើម្បី​ធ្វើការ​វិភាគ​ទៅ​លើ​ដំណើារ​វិវឌ្ឍ​ន៍​របស់​ផ្កាយ​ភ្លោះ​នេះ ហើយ​បាន​រក​ឃើញ​ថា ផ្កាយ​ដែល​មាន​ទំហំ​ធំជាង​គេ​ បាន​ស្រូប​យកវត្ថុ​ធាតុ​ពី​ផ្កាយ​តូច​ជាង​​ដែល​កំពុងគោចរ​ជុំវិញ​វា​ នៅ​ក្នុង​រយៈ​ចម្ងាយ​ខ្លី​។

ក្រុម​តារា​វិទូ​នៅ​​មជ្ឈ​មណ្ឌល​​រុក​រក​រលក​ទំនាញ​ ARC Centre of Excellence for Gravitational Wave Discovery (OzGrav) របស់​ក្រុម​ប្រឹក្សា​ស្រាវ​ជ្រាវ​អូស្ត្រាលី​ សហការ​ជាមួយ​មន្ទីរ​ស្រាវ​ជ្រាវ​ Max Planck របស់​អាល្លឺម៉ង់ សាកលវិទ្យា​ល័យ​ Monash របស់​អូស្ត្រាលី និង​សាកល​វិទ្យា​ល័យ Birmingham នៃ​ប្រទេស​អង់គ្លេស​​ បាន​ធ្វើ​ការ​ស្វែង​យល់​អំពី​ប្រភព​នៃ​ប្រព័ន្ធ​ផ្កាយ​ភ្លោះ​ Be X-ray ដែល​ត្រូវ​បាន​រកឃើញ​នៅ​ក្នុងកាឡាក់ស៊ី​​ Small Magellanic Cloud ដែល​នៅ​មិន​ឆ្ងាយ​ប៉ុន្មាន​ពី​កាឡាក់ស៊ី​ Milky Ways របស់មនុស្ស​​យើង​។

កាឡាក់ស៊ី​​ Small Magellanic Cloud ដែល​នៅ​មិន​ឆ្ងាយ​ប៉ុន្មាន​ពី​កាឡាក់ស៊ី​ Milky Ways របស់មនុស្ស​​យើង
កាឡាក់ស៊ី​​ Small Magellanic Cloud ដែល​នៅ​មិន​ឆ្ងាយ​ប៉ុន្មាន​ពី​កាឡាក់ស៊ី​ Milky Ways របស់មនុស្ស​​យើង

ប្រព័ន្ធ​ផ្កាយ​ភ្លោះ Be X-ray គឺជា​ប្រព័ន្ធ​ផ្កាយ​មួយ​ ដែល​រួម​មាន​ផ្កាយ​នឺត្រុង​មួយ​ដែល​គោចរ​យ៉ាង​លឿន​ជុំវិញ​ផ្កាយ​មួយទៀត​ដែល​មាន​ទំហំ​ធំជាង​វា​។ ល្បឿន​នៃ​ការ​គោចរ​របស់​ផ្កាយ​នឺត្រុង​តូច បាន​ធ្វើ​ឱ្យ​ផ្កាយ​ធំ​ បង្កើត​បាន​ជា​កង​អវកាស​ដ៏​ធំ​មួយ​ដែល​ពេញ​ទៅ​ដោយ​វត្ថុ​ធាតុ​ផ្សេង​ៗ។ បន្ទាប់​មក ផ្កាយ​នឺត្រុង​ក៏បាន​បញ្ចេញ​កាំរស្មី​ X ដែល​ក្រុម​តារាវិទូ​អាចសង្កេត​ឃើញ និង​​វាស់​វែង​បាន​។

បណ្ឌិត​ Serena Vinciguerra ប្រធាន​ក្រុម​ស្រាវ​ជ្រាវ​នៅ​ OzGrav បាន​ប្រើ​ប្រាស់​កម្មវិធីកុំព្យូទ័រ​​ COMPAS ដើម្បី​ក្លែង​បង្កើត​​បរិយាកាស​ដែល​ដូច​ទៅ​នឹង​កាឡាក់ស៊ី​​ Small Magellanic Cloud។ តាម​រយៈ​ការ​ប្រៀប​ធៀប​ចំណុច​ពិសេស​របស់គន្លង​គោចរ​របស់​ប្រព័ន្ធ​ផ្កាយ​ភ្លោះ​ Be X-ray ដែល​ត្រូវ​បាន​បង្កើត​ឡើង​​ក្នុង​កុំព្យូទ័រ ជាមួយ​នឹង​ប្រព័ន្ធ​ផ្កាយ​ភ្លោះ​ពិត​នៅ​ក្នុង​អវកាស​ដែល​ត្រូវ​បាន​សង្កេត​ឃើញ ក្រុម​តារាវិទូ​អាច​ស្វែង​យល់​អំពី​ដំណើ​ការ​នៃ​ការ​វិវឌ្ឍ​ន៍​របស់​ផ្កាយ​ទាំង​នេះ​៖

ដំបូង​ឡើយ​ ផ្កាយ​ទាំង​នេះ​បាន​កកើត​ក្នុង​ប្រព័ន្ធ​ផ្កាយ​ភ្លោះ​ដែល​មាន​គន្លង​គោចរ​រាង​ពង​ក្រពើ​តូច​ចង្អៀត​។ ផ្កាយ​មួយ​ដួង​ដែល​មាន​ទំហំ​ធំ​ជាង​គេ​ មាន​ការ​វិវឌ្ឍន៍​​លឿងជាង​ និង​ប្រែ​ទៅ​ជា​ធំ​ជាង​មុន​យ៉ាងលឿន។ ដោយ​សារ​តែ​នៅ​មិន​សូវ​ឆ្ងាយ​ពី​គ្នា ផ្កាយ​ធំជាង​ ក៏​ស្រូប​យក​វត្ថុ​ធាតុ​ពី​ផ្កាយ​តូច​ជាង​វា​បាន​ច្រើន​។ នៅ​ដំណាក់​កាល​ចុង​ក្រោយ​នៃ​ការ​វិវឌ្ឍន៍ ផ្កាយ​ធំ​ជាង​គេ​​​អាចនឹង​​​ផ្ទុះ​ឡើង​ក្រោម​ទម្រង់​​ supernova ហើយ​​ប្រែ​ក្លាយ​ជា​​ផ្កាយ​នឺត្រុង​តួច​ ប៉ុន្តែ​ហាប់​ណែន​។​ បើ​សិន​ជា​ផ្កាយ​ទាំង​2​នេះ​នៅ​មាន​ជីវិត​បន្ទាប់​ពី​ការ​ផ្ទុះ​ ពួក​វា​នឹង​បង្កើត​បាន​ជា​ប្រព័ន្ធផ្កាយ​ភ្លោះ​​ Be X-ray ដោយ​មាន​ផ្កាយ​នឺត្រុង​តូច​មួយ​ វិល​ជុំ​វិញ​ផ្កាយ​យក្ស​ធំ​មួយ​ ក្នុង​ល្បឿន​យ៉ាង​លឿន៕

ប្រភព​៖ Sci Tech Daily

Advertisement