វៀត​ណាមបង្កើត​បាន​រ៉ូបូត​ថ្មី អាច​បំពេញ​កិច្ច​ការ​គិលានុបដ្ឋាកបាន​ច្រើន​ ពិសេស​គឺ​ការ​ងារ​ប្រឈម​នឹង​ ​COVID-19

វៀត​ណាមបង្កើត​បាន​រ៉ូបូត​ថ្មី អាច​បំពេញ​កិច្ច​ការ​គិលានុបដ្ឋាកបាន​ច្រើន​ ពិសេស​គឺ​ការ​ងារ​ប្រឈម​នឹង​ ​COVID-19

Robot ដែល​ត្រូវ​បាន​បង្កើត​ឡើង​ដោយ​វិទ្យា​ស្ថាន​បច្ចេក​ទេស​យោធា​​របស់​ក្រសួង​ការ​ពារ​ជាតិ​​វៀតណាម អាច​ប្រើ​ដើម្បី​ដឹក​ជញ្ជូន​អាហារ​ ថ្នាំពេទ្យ សំរាម​ជា​ដើម នៅ​ជុំវិញ​កន្លែង​ព្យាបាល​អ្នកជំងឺ​ COVID-19។

រ៉ូបូត​ដែល​មាន​ឈ្មោះ​ថា Vibot នេះ ត្រូវ​បាន​គេ​ដាក់​ឱ្យ​ប្រើ​ប្រាស់​សាក​ល្បង​នៅ​ឯមន្ទីរ​ពេទ្យ​ Bac Thang Long នា​ទី​ក្រុង​ហាណូយ។ តួនាទី​របស់​វា​នៅ​ទី​នេះ គឺការ​យក​ថ្នាំពេទ្យ​ទៅ​ចែក​ជូន​អ្នក​ជំងឺCOVID-19​ ជំនួស​ក្រុម​គិលានុបដ្ឋាក​។ Vibot ត្រូវ​បាន​គេ​កំណត់​ឱ្យ​យក​ថ្នាំ​ពេទ្យ​ដែល​ក្រុម​គ្រូពេទ្យ​បាន​រៀប​ចំ​ ធ្វើ​ដំណើរ​ទៅ​កាន់​​បន្ទប់​របស់​អ្នក​ជំងឺ​ ហើយ​អញ្ជើញ​អ្នក​ជំងឺ​ឱ្យ​ចេញ​មក​យក​ថ្នាំ​ និង​អរគុណ​ រួច​ជូន​ពរ​សុខ​ភាព​ល្អ​ដល់​អ្នកជំងឺ​ ខណៈ​ចល័ត​ទៅ​កាន់​បន្ទប់​ផ្សេង​ទៀត​។ ក្នុង​ពេល​ចល័ត​ រ៉ូបូត​នេះ​ថែម​ទាំង​ចាក់​ចម្រៀង​​លើក​ទឹក​ចិត្ត​ឱ្យ​ប្រជាជន​ទប់ស្កាត់​ COVID-19 ផងដែរ​។

ក្នុង​ដំណាក់​កាល​ដំបូង​ រ៉ូបូត​នេះ​ត្រូវ​បាន​រចនា​ឡើង​ដើម្បី​ជញ្ជូន​​អាហារ​ និង​ថ្នាំ​ពេទ្យ​ជា​ដើមដោយ​ស្វ័យ​ប្រវត្ត​​ ពី​ខាង​ក្រៅ​ចូល​ទៅ​ក្នុង​បន្ទប់​អ្នក​ជំងឺ​ ព្រម​ទាំង​អាច​នាំ​យក​សំរាម​ ឬ​របស់​របរ​ផ្សេង​ៗ​ពី​បន្ទប់​អ្នក​ជំងឺ​ទៅ​កាន់​​កន្លែង​ដែល​គេ​បាន​កំណត់​។ រ៉ូបូត​នេះ​ក៏​ថែម​ទាំង​អាច​ជួយ​ភ្ជាប់​ទំនាក់​ទំនង​ពី​ចម្ងាយ​រវាង​ក្រុម​គ្រូពេទ្យ​ និង​អ្នក​ជំងឺ​ទៀត​ផង​។

លោក​បណ្ឌិត​ Tang Quoc Nam អ្នក​ស្រា​វជ្រាវ​នៅ​មន្ត្រី​បច្ចេក​ទេស​យោធា និង​ជា​អ្នក​ដឹក​នាំ​គម្រោង​ បាន​ឱ្យ​ដឹង​ថា បន្ទាប់​ពី​ក្រសួង​វិទ្យា​សាស្ត្រ​ និង​បច្ចេក​វិទ្យា​ប្រគល់​ភារ​កិច្ច ​ពួកគេ​ក៏​​រចនា​​រ៉ូបូត​នេះ​បាន​ដោយ​ជោគ​ជ័យ ដោយ​ចំណាយ​ពេល​ត្រឹម​តែ​2សប្ដាហ៍​ប៉ុណ្ណោះ​។​ រ៉ូបូត​នេះ​ដំណើរ​ការ​ដោយ​មាន​ការ​បញ្ជា​ពី​មជ្ឈ​មណ្ឌល​ប្រតិបត្តិ​ការ​របស់​វា​​។

រ៉ូបូត Vibot របស់​កង​ទ័ព​វៀតណាម

ប្រធាន​មន្ទីរ​ពេទ្យ​ Bac Thang Long បាន​វាយ​តម្លៃ​ខ្ពស់​ទៅ​លើ​រ៉ូបូត​នេះ​ នៅ​ពេល​ដែល​វា​អាច​បំពេញ​ភារ​កិច្ច​ជា​ច្រើន​ជំនួស​​បុគ្គលិក​សុខាភិបាល​ចាប់​ពី​3ដល់​5​នាក់​។

វៀត​ណាមបង្កើត​បាន​រ៉ូបូត​ថ្មី អាច​បំពេញ​កិច្ច​ការ​គិលានុបដ្ឋាកបាន​ច្រើន​ ពិសេស​គឺ​ការ​ងារ​ប្រឈម​នឹង​ ​COVID-19
​រ៉ូបូត​ TUG នៃ​​ក្រុម​ហ៊ុន​ Aethon របស់​សហរដ្ឋ​អាមេរិក

រ៉ូបូត​ខាង​លើ​នេះ​ក៏នឹង​ត្រូវ​​អភិវឌ្ឍ​បន្ត​​​ទៀត​។ នេះ​បើ​តាម​លោក Nguyen Lac Hong អនុប្រធាន​មន្ទីរ​ស្រាវ​ជ្រាវ​បច្ចេក​ទេស​យោធា​នៃ​ក្រសួង​ការ​ពារ​ជាតិ​វៀត​ណាម​។ មន្ទីរ​ស្រាវ​ជ្រាវ​នេះ​ក៏​មាន​មហិច្ឆតា​ដើរ​ឱ្យ​ទាន់​រ៉ូបូត​ TUG នៃ​​ក្រុម​ហ៊ុន​ Aethon របស់​សហរដ្ឋ​អាមេរិក​ទៀត​ផង​៕

ប្រភព៖ សារ​ព័ត៌មាន​បរទេស

Advertisement