ទូរ​ “ATM អង្ករ​” នៅ​វៀត​ណាម កំពុង​ពេញ​និយម​ក្នុង​វិបត្តិ​COVID-19

ទូរ​

ខណៈ​ដែល​វីរុស​COVID-19 កំពុង​តែ​រាលដាល​នៅ​ប្រទេស​វៀតណាម​ ពិសេស​គឺ​នៅ​ទីក្រុង​ហាណូយ​ និង​ទីក្រុង​សៃហ្គន (ហូជីមិញ) ​សកម្ម​ភាព​មនុស្ស​ធម៌​ជា​ច្រើន​ត្រូវ​បាន​បង្កើត​ឡើង​​ដើម្បី​ជួយ​សម្រាល​ទុក្ខ​លំបាក​របស់​គ្រួសារ​ក្រី​ក្រ នោះ​គឺក៏​មាន​ទូរ​​ “ATM អង្ករ” ផងដែរ។

កាល​ពី​ព្រឹក​មិញ ទូរ “ATM អង្ករ​” មួយ​កន្លែងនៅ​តំបន់​ហាដុង​ រដ្ឋធានី​ហាណូយ ​​ត្រូ​វ​បាន​បង្កើត​ឡើង​ដោយ​យក​តម្រាប់​តាម​គំរូ ទូរ​ “ATM អង្ករ” នៅ​ទីក្រុង​ហូជីមិញ ដើម្បី​ធ្វើ​ជា​ទីតាំង​ចែក​អង្ករ​ដោយ​មិន​គិត​ថ្លៃ​ដល់​ប្រជាជន​ក្រីក្រ​ដែល​កំពុង​ជួប​បញ្ហា​សេដ្ឋ​​កិច្ច​ធ្ងន់​ធ្ងរ​ដោយ​សារ​វិបត្តិ​សុខ​ភាព​COVID-19។ បន្ទាប់​ពី​ចាប់​ដំណើរ​ការ​ភ្លាម ពលរដ្ឋ​ក្រីក្រ​ជា​ច្រើន​ បាន​នាំ​គ្នា​មក​ទទួល​អង្ករ​មនុស្ស​ធម៌​ពី​ទូរ​ “ATM អង្ករ​” នេះ​។

សារ​ព័ត៌មាន​ក្នុង​ស្រុក​បាន​ឱ្យ​ដឹង​ថា​ ពលរដ្ឋ​ដែល​មក​ទទួល​អង្ករ​ពីទូរ “ATM អង្ករ”នេះ ដំបូង​គឺ​តម្រូវ​ឱ្យ​លាង​ដៃ​ដោយ​អាល់កុល រួច​ត្រូវ​តម្រង់​ជួរ​តាម​លំដាប់​លំដោយ និង​ត្រូវ​គោរព​ទៅ​តាម​វិធាន​ការ​ទប់​ស្កាត់​ការ​ឆ្លង​រាល​ដាល​នៃ​វីរុស​COVID-19 ដែល​ត្រូវ​បាន​កំណត់​ដោយ​រដ្ឋ​អំណាច​ និង​អ្នក​គ្រប់​គ្រង​ “ATM”។

លោក​ Nguyen Van Thuan តំណាង​របស់ទូរ​​ “ATM អង្ករ” ខាងលើ​បាន​ឱ្យ​ដឹង​ថា បន្ទាប់​ពី​មាន​ការ​អនុញ្ញាត​ពី​អាជ្ញា​ធរ លោក​ក៏បាន​ដំឡើង​ទូរ​ “ATM អង្ករ​”​នេះ។

គណៈ​កម្ម​ការ​គ្រប់​គ្រង​ទូរ “ATM អង្ករ” ខាង​លើ បាន​ត្រៀម​អង្ករ​ចំនួន​10តោន​ដើម្បី​ផ្ដល់​ជូន​អ្នក​ក្រី​ក្រ​។ ពលរដ្ឋ​ដែល​មក​ទទួល​អង្ករ​ពី​ទូរ​ “ATM អង្ករ” នេះ នឹង​ទទួល​បាន​អង្ករ​1គីឡូក្រាម​/លើក​។ កម្មវិធី​មនុស្ស​ធម៌​នេះ​នឹង​បន្ត​រហូត​ដល់​ថ្ងៃទី​15​មេសា ចាប់​ពីម៉ោង​8ព្រឹក​ដល់​ម៉ោង​18​ល្ងាច​ជា​រៀង​រាល់​ថ្ងៃ​។ លោក​ Thuan បាន​បន្ត​ថា “បើ​សិន​ជា​រដ្ឋ​នៅ​តែ​បន្ត​សុពលភាព​នៃ​បម្រាម​គោចរ​ក្នុង​តំបន់​នេះ ខ្ញុំ​និង​មិត្ត​ភក្ដិ​របស់​ខ្ញុំ ក៏នឹង​នៅ​តែ​បន្ត​សកម្ម​ភាព​មនុស្ស​ធម៌​នេះ​”។

ទូរ​ “ATM អង្ករ” ថ្មី​មួយ​​នេះ រួម​នឹង​ទូរ “ATM អង្ករ” ជា​ច្រើន​ផ្សេង​ទៀត​ ត្រូវ​បាន​បង្កើត​ឡើង​ដោយ​យោង​ទៅ​តាម​គំរូ​ ទូរ​ “ATM អង្ករ” នៅ​ទីក្រុង​សៃហ្គន ភាគ​ខាង​ត្បូង​ប្រទេស​វៀត​ណាម​។ ទូ​រ “ATM អង្ករ” នេះ រួម​មាន​ប៊ូតុងមួយ​ដែល​ភ្ជាប់​​ជា​មួយ​សន្ទះ​បិទ​បើក​ស្វ័យ​ប្រវត្ត​ និង​ធុង​ដាក់​អង្ករ​មួយ​ដែល​ត្រូវ​បាន​បញ្ជា​ដោយ​ប្រព័ន្ធ​​ឆ្លាត​វៃ។ ប្រព័ន្ធ​ដំណើរ​ការ​នេះ​ក៏អាច​ដឹង​បាន​ថា អ្នក​ដែល​មក​ទទួល​អង្ករ​ ​ពិត​ជា​អ្នក​ក្រី​ក្រ​មែន​ ឬ​អត់​ ហើយ​ពួកគេ​បាន​មក​ទទួល​អង្ករ​ប៉ុន្មាន​ដង​​ផងដែរ​​។

អ្នក​មក​ទទួល​អង្ករ​ គ្រាន់​តែ​ចុច​លើ​ប៊ូតុង​មួយ​ នោះ​អង្ករ​ក្នុង​ទូរ​ “ATM អង្ករ” ​នឹង​ហូរ​ចេញ​មក​ទៅ​តាម​បរិមាណ​ដែល​បាន​កំណត់​៕

ប្រភព៖ សារ​ព័ត៌មាន​បរទេស​

Advertisement