ប្លែកជាងមុន! Facebook បំបែកកម្មវិធី Gaming ឱ្យនៅដាច់ដោយឡែក ងាយស្រួលតាមដានព័ត៌មាន COVID-19

ក្រុមហ៊ុន Facebook បាន​សម្រេច​ដាក់​ឱ្យ​ប្រើប្រាស់​ជា​ផ្លូវការ​នូវ​កម្មវិធី Gaming ​សម្រាប់​ប្រព័ន្ធ Android ដែល​កម្មវិធីនេះ​បាន​ចេញ​ផ្សាយ​មុន​កាល​កំណត់​​ដែល ដំបូង​ឡើយ​ Facebook គ្រោង​ចេញ​នៅ​ខែ​មិថុនា។

កម្មវិធី​នេះ​ផ្តល់​ភាព​ងាយស្រួល​សម្រាប់​អ្នក​និយម​ទស្សនា ​ឬ​ចូលចិត្ត​លេង​ហ្គេម​តូចៗ​នៅ​លើ Facebook ដែល​អាច​បើក​បាន​ឆាប់​រហ័ស និង​មិន​ស្មុគស្មាញ​ក្នុង​ការ​ស្វែងរក​ដូច​មុន ដោយ​ប្រើប្រាស់ App ​ដាច់​ដោយ​ឡែក​ពី​កម្មវិធី​មេ​តែ​ម្តង។

The New York Times បាន​ចេញ​ផ្សាយ​ថា​ ដោយ​មើល​ឃើញ​ពី​តួ​លេខ​កើន​ឡើង​យ៉ាង​លឿននៃ​អ្នក​លេង​ហ្គេម ដែល​មាន​ដល់ 700លាន​នាក់​ក្នុង​ចំណោម 2.5ពាន់​លាន​នាក់​នៃ​អ្នក​ប្រើប្រាស់​សរុប ទើប​ Facebook សម្រេច​បោះ​ទុន​ធំ​ លើ​ការ​វិនិយោគ​បង្កើត App នេះ​ឡើង​យ៉ាង​ឆាប់​រហ័ស​បែប​នេះ ណា​មួយគឺ​ដើម្បី​សម្រប​ទៅ​នឹង​ស្ថានភាព​ COVID-19 ដែល​មនុស្ស​ជា​ច្រើន​កំពុង​សម្ងំ​នៅ​ផ្ទះ​ផង។ ឥឡូវមាន​សម្រាប់តែ Android Version ​ប៉ុណ្ណោះ ដោយ​សម្រាប់​ឧបករណ៍ iOS នឹង​ត្រូវ​បាន​ចេញ​ផ្សាយ​នា​ពេល​ឆាប់ៗ​ខាង​មុខ​នេះ៕​

Advertisement