វីដេអូ​ដំបូង​បង្អស់​របស់​ YouTube និង​រឿង​រ៉ាវ​ដ៏​អស្ចារ្យ​​នៅ​ពី​ក្រោយ​

​វីដេអូ​ដំបូង​បង្អស់​របស់​ YouTube និង​រឿង​រ៉ាវ​ដ៏​អស្ចារ្យ​​នៅ​ពី​ក្រោយ
​វីដេអូ​ដំបូង​បង្អស់​របស់​ YouTube និង​រឿង​រ៉ាវ​ដ៏​អស្ចារ្យ​​នៅ​ពី​ក្រោយ

វីដេអូ​ដំបូង​គេ​បង្អស់​នៅ​លើ​ Youtube មាន​រយៈ​ពេល​​ត្រឹម​តែ18​វិនាទីប៉ុណ្ណោះ ប៉ុន្តែ នៅខាង​ក្រោយ​វីដេអូ​នេះ គឺជា​រឿង​រ៉ាវ​ដ៏អស្ចារ្យ​ដែល​នាំ​ឱ្យ​ Youtube ​ក្លាយ​ជា​បណ្ដាញ​សង្គម​ចែក​រំលែក​វីដេអូធំបំផុត​ក្នុង​ពិភពលោក​​នា​​បច្ចុប្បន្ន​។

កាល​ពី​15ឆ្នាំមុន​ ពោល​គឺ​នៅ​ថ្ងៃទី​23​មេសា​ឆ្នាំ​2005 សហស្ថាបនិក​របស់​ Youtube គឺ​លោក​ Jawed Karim ដែល​ត្រូវ​បាន​គេ​ស្គាល់​​ថា​ជា​ម្ចាស់​គណនី​ “jawed” នៅ​លើ​ Youtube បាន​បង្ហោះ​វីដេអូ​ខ្លី​មួយ​ដែល​មាន​រយៈ​ពេល​18​វិនាទី​ និង​មាន​ចំណង​ជើង​ថា “ខ្ញុំ​នៅ​ឯសួន​សត្វ” (Me at the zoo)។

ខ្លឹមសារ​នៃ​វីដេអូ​នេះ គឺជា​ទិដ្ឋ​ភាព​ដែល​លោក Jawed Karim កំពុង​ឈរ​នៅ​ក្នុង​សួន​សត្វ​ ដោយ​មាន​ទ្រុង​ និង​សត្វ​ដំរី​ជា​ច្រើន​ក្បាល​នៅ​ខាង​ក្រោយ​។ លោក Jawed Karim ចាប់​ផ្ដើមដោយ​ការ​​និយាយ​ថា “បាន​ហើយ យើង​កំពុង​នៅ​ឯសួន​សត្វ នៅ​ខាង​មុខ​សត្វ​ដំរីជា​ច្រើន​ក្បាល​”។

“ប្រការ​ដែល​អស្ចារ្យ​អំពី​បុរស​ទាំង​នេះ នោះ​គឺ​ពួកគេ​មាន​ភ្លុក​​យ៉ាង​វែង​ៗ” Karim បាន​បញ្ចប់​វីដេអូ​​របស់​ខ្លួន​ ដោយ​មិន​អាច​ធ្វើ​ឱ្យ​ខ្លី​ជាង​នេះ​បាន​។

លោក Jawed Karim សហស្ថាបនិក​របស់​ Youtube
លោក Jawed Karim សហស្ថាបនិក​របស់​ Youtube

វី​ដេអូ​ដំបូង​គេ​បង្អស់នេះ មិន​បាន​ប្រើ​ពាក្យ​ពេចន៍​ដែល​ពួក​ YouTuber សព្វ​ថ្ងៃ​និយាយ​គ្រប់​ៗ​គ្នា​នោះ​ទេ​ ដូច​ជា​ឃ្លា “សូម​ជួយ​ចុច like បើ​សិន​ជា​អ្នក​ចូលចិត្ត​ខ្លឹម​សារ​នេះ​” ឬ​ថា “ដើម្បី​តាម​ដាន​វីដេអូ​ថ្មី​ៗ​បំផុត​របស់​យើង​ខ្ញុំ សូម​ចុច​subscribe និង​ចុច​រូប​កណ្ដឹង​​” ។ល។ វីដេអូ​នេះ​ក៏​មិនត្រូវ​បាន​​​បន្ថែម​-បន្ថយ​ពន្លឺ​ ឬ​ពណ៌​ ឬមួយ​កម្ម​វិធី​ទី​បី​ណា​មួយ​​ទាំង​អស់​​។ ទិដ្ឋ​ភាព​ទាំង​មូល​ត្រូវ​បាន​ថត​​យ៉ាង​សាមញ្ញ​ជា​ទី​បំផុត​ដោយ​កំលោះ​​ម្នាក់​ដែល​មិន​មាន​គេ​ស្គាល់​ច្រើន ហើយ​ក៏​មិន​មាន​គោល​បំណង​ច្បាស់​លាស់​។

វីដេអូនេះ​ បើ​សិន​ជា​ត្រូវ​បាន​បង្ហោះ​នៅ​ក្នុង​ពេល​បច្ចុប្បន្ន នោះ​ប្រហែល​ជា​ពិបាក​នឹង​ទាក់​ទាញ​មនុស្ស​ឱ្យ​ចូល​មើល​សូម្បី​ត្រឹម​​តែ​​100​លើក​​។ ក៏ប៉ុន្តែ​ ដោយ​សារ​តែ​ជា​វីដេអូ​ដំបូង​គេ​បង្អស់​នៅលើ​ Youtube វីដេអូ​នេះ​បាន​ទាក់ទាញ​អ្នក​ចូល​មើល​ដល់​ទៅ​ជាង​93​លាន​លើក​ និង​ការ​ចុច​ “like” ជាង​3លាន​លើក​ផងដែរ​​។

ការ​ចាប់​ផ្ដើម​របស់​បណ្ដាញ​សង្គម​ “យក្ស” ​ក្នុង​ពិភពលោក

Jawed Karim កើត​ឆ្នាំ​1979 ​និង​ធំឡើង​នៅ​ប្រទេស​អាល្លឺម៉ង់ តែ​បាន​ធ្វើ​ដំណើរ​ជា​មួយ​គ្រួ​សារ​មក​រស់នៅ​សហរដ្ឋ​អាមេរិក​​​កាល​ពី​ឆ្នាំ​1992​។ បុរស​នេះ​បាន​បញ្ចប់​ការ​សិក្សា​នៅ​វិទ្យា​ល័យ​ Central ហើយក៏បាន​បន្ត​ការ​សិក្សា​នៅ​សាកល​វិទ្យា​ល័យ​ Illinois។

​វីដេអូ​ដំបូង​បង្អស់​របស់​ YouTube និង​រឿង​រ៉ាវ​ដ៏​អស្ចារ្យ​​នៅ​ពី​ក្រោយ
លោក Karim ជាមួយ​នឹង​លោក Chad Hurley និង​លោក Steve Chen

Karim បាន​ចាក​ចោល​សាលា​រៀន​នៅ​មុន​ពេល​បញ្ចប់​ការ​សិក្សា ដើម្បី​ក្លាយ​ជា​បុគ្គលិក​របស់​ក្រុម​ហ៊ុន PayPal ប៉ុន្តែ ក្រោយ​មក​គាត់​ក៏បាន​បន្ត​ការ​សិក្សា​រហូត​បាន​ទទួល​សញ្ញា​បត្រ​ផ្នែក​វិទ្យា​សាស្ត្រ​កុំព្យូទ័រ​ក្នុង​ឆ្នាំ​2004។

ក្នុង​អំឡុង​ធ្វើ​ការ​ឱ្យ​ Paypay លោក Karim ក៏បាន​ស្គាល់​ Chad Hurley និង​ Steve Chen។ អ្នក​ទាំង​3​ ក្រោយ​មក​ក៏​មាន​គំនិត​បង្កើត​គេហទំព័រ​ចែក​រំលែង​វីដេអូ​​ដែល​មាន​ឈ្មោះ​ថា Youtube នៅក្នុង​ឆ្នាំ​2005។

គំនិត​ខាង​លើ​នេះ បាន​កើត​ឡើង​បន្ទាប់​ពី​ Karim យល់​ថា មាន​ការ​លំបាក​ខ្លាំងក្នុងការ​ស្វែង​រក​ទិន្ន​ន័យ​នៅ​លើ​អ៊ីនធើណិត​​ដែល​ពាក់​ព័ន្ធ​នឹង​ព្រឹត្តិការណ៍​សំខាន់​ៗ​ក្នុង​ពិភពលោក​ ដូច​ជា​​គ្រោះ​មហន្តរាយ​​រលក​យក្ស​នៅ​មហាសមុទ្រ​ឥណ្ឌា​​នា​ឆ្នាំ​2004 ឬ​ហេតុ​ការណ៍​លេច​សុដន់​របស់​កំពូល​តារា​ចម្រៀង​ Janet Jackson នៅ​លើ​ឆាក​តន្ត្រី​ជា​ដើម​។ល។

Karim មាន​គំនិត​បង្កើត​គេហទំព័រ​ចែក​រំលែក​វីដេអូ ហើយ​ក៏បាន​យក​គំនិត​នេះ​ទៅ​ពិភាក្សា​ជា​មួយ Hurley និង​ Chen។ ពួកគេ​ក៏​បាន​រួម​ដៃ​គ្នា​ បង្កើត​គេហទំព័រ​ Youtube នេះ​ឡើង​។

បន្ទាប់​ពី​ការ​បង្ហោះ​វីដេអូ​ដំបូង​ដែល​មាន​ចំណង​ជើង​ថា “Me at the zoo”​ ដូចដែល​បាន​លើក​ឡើង​ខាង​ដើម Youtube ក៏ចាប់​ផ្ដើម​ដំណើរ​ការ​កំណែ​សាក​ល្បង​នៅក្នុង​ខែឧសភា​ ឆ្នាំ​2005 ហើយ​មក​ដល់​ខែ​វិច្ឆិកា ពួក​គេ​មាន​កំណែ​ផ្លូវ​ការ​។ ចាប់​តាំង​ពី​ពេល​នោះ​មក Youtube កាន់​តែ​មាន​មនុស្ស​ចូល​ប្រើ​ប្រាស់​ ដោយ​ការ​បង្ហោះ​ និង​ចែក​រំលែក​វីដេអូ​កាន់​តែ​ច្រើន​ឡើង​ពីមួយ​ថ្ងៃទៅ​មួយ​ថ្ងៃ​។

ក្រោយ​រយៈ​ពេល​1​ឆ្នាំ​នៃ​ការ​បង្ហាញ​ខ្លួន នៅ​ខែ​តុលា ឆ្នាំ​2006 ក្រុម​ហ៊ុន​ Google បាន​ប្រកាស​ទិញ​ Youtube ក្នុង​តម្លៃ​1.65​ពាន់​លាន​ដុល្លារ​អាមេរិក។ ក៏ប៉ុន្តែ ទឹក​ប្រាក់​ដ៏ច្រើន​សន្ធឹក​សន្ធាប់​ដែល​ Google បាន​ចំណាយ គឺ​ពិត​ជា​មហា​ស័ក្ដិ​សម​​ ខណៈ​ដែល​ពេល​នេះ Youtube បាន​ក្លាយ​ជា​កម្មវិធីចែក​រំលែក​វីដេអូ​ធំជាង​គេ​បង្អស់​ក្នុង​ពិភពលោក​ ដោយ​​ទាក់​ទាញ​មនុស្ស​ចូល​មើល​ប្រមាណ​ជា​ជាង​2​ពាន់​លាន​លើក​ជា​រៀង​រាល់​ខែ​ និង​1​ពាន់​លាន​ម៉ោង​ក្នុង​1ថ្ងៃ​ៗ។

លោក Karim កាល​ណោះ​ត្រូវ​បាន​ជ្រើសរើស​ជា​ទីប្រឹក្សា​សម្រាប់​ Youtube ខណៈ​ដែល​គាត់​កំពុង​ជា​និស្សិត​​នៅ​សាលា​Stanford។ Karim ក៏​ទទួល​បាន​ភាគ​ហ៊ុន​ចំនួន​ 137,443​ហ៊ុន​​នៅ​ក្នុង​ក្រុម​ហ៊ុន​ Google ដែល​ប្រហាក់​ប្រហែលនឹង​​​ 185​លាន​ដុល្លារ​នា​បច្ចុប្បន្ន​(ខែ​ឧសភា​ ឆ្នាំ​2020)៕

ប្រភព​៖ សារ​ព័ត៌មាន​បរទស

Advertisement