ថៃ និងវៀតណាម អះអាងដូចគ្នាថា ទទួលបានជោគជ័យក្នុងការធ្វើតេស្ដគំរូបឋម វ៉ាក់សាំងកូវីដ-19

ក្រសួងសាធារណៈសុខាភិបាលថៃ នៅថ្ងៃពុធសប្ដាហ៍នេះ បានប្រាប់ប្រព័ន្ធផ្សព្វផ្សាយថា អាជ្ញាធរសុខាភិបាលរបស់ខ្លួន បានបង្កើតភាពជឿនលឿន ក្នុងការអភិវឌ្ឍវ៉ាក់សាំងប្រឆាំងមេរោគកូវីដ​-19 បន្ទាប់ពីការធ្វើតេស្ដគំរូបឋមក្នុងមន្ទីរពិសោធន៍ ដែលបានបង្ហាញលទ្ធផលជោគជ័យ។

លោកវេជ្ជបណ្ឌិត Opas Karnkawinpong ជាអគ្គនាយកនៃនាយកដ្ឋានវិទ្យាសាស្ត្រ និងវេជ្ជសាស្ត្រនៃក្រសួងសារធារណៈសុខាភិបាល របស់ប្រទេសថៃ បានថ្លែងប្រាប់ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកថា ក្រុមអ្នកស្រាវជ្រាវថៃ បានចាក់គំរូវ៉ាក់សាំង DNA លើខ្លួនសត្វកណ្ដុរពិសោធន៍ជាច្រើនក្បាល ហើយបន្ទាប់មកបានធ្វើតេស្ដឈាមលើពួកវា ដើម្បីឱ្យដឹងថា តើកណ្ដុរទាំងនេះបានអភិវឌ្ឍអង្គបដិបក្ខប្រាណ ឬអង់ទីគ័រ ប្រឆាំងមេរោគដែរ ឬក៏យ៉ាងណា។

វេជ្ជបណ្ឌិត Opas បានបន្ថែមទៀតថា ជាលទ្ធផល សត្វកណ្ដុរពិសោធន៍មានការអភិវឌ្ឍអង់ទីគ័រ ក្នុងកម្រិតមួយគួរជាទីគាប់ចិត្ត។

ជំហានបន្ទាប់ គឺជាការធ្វើតេស្ដគំរូវ៉ាក់សាំងលើមនុស្ស ដើម្បីពិនិត្យមើលថា តើប្រព័ន្ធភាពសុំា មានប្រតិកម្ម ក្នុងកម្រិតដូចគ្នានឹងការធ្វើតេស្ដលើសត្វកណ្ដុរពិសោធន៍ដែរឬទេ?។ ម្យ៉ាងវិញទៀត បើទោះជាការអភិវឌ្ឍវ៉ាក់សាំងនៅក្នុងប្រទេសថៃ មិនមានភាពជឿនលឿនខ្លាំង ដូចនៅប្រទេសចិន សហរដ្ឋអាមេរិក និងនៅតាមបណ្ដាប្រទេសអឺរ៉ុបក៏ដោយ ក៏លោកនៅតែសង្ឃឹមដែរថា ក្រុមអ្នកវិទ្យាសាស្ត្រថៃ នឹងអភិវឌ្ឍវ៉ាក់សាំង COVID-19 មួយបាន ដែលនឹងមានភាពល្បីល្បាញគ្រប់ពេលវេលា។

រី​ឯ​ វៀតណាម ​បាន​ប្រកាស​ថា ខ្លួនបាន​ធ្វើតេស្ត​វ៉ាក់សាំង​ប្រឆាំង​កូវីដ-19 នៅ​លើ​​សត្វចិញ្ចឹមប្រកប​ដោយ​ជោគជ័យ។ គម្រោង​បង្កើត​វ៉ាក់សាំង​នេះត្រូវបានបង្កើត​ឡើងរួមគ្នា រវាង​ក្រុមអ្នកវិទ្យាសាស្ត្រនៅក្រុមហ៊ុន​បង្កើត​វ៉ាក់សាំង ​វ៉ាប៊ីអូថិច (VABIOTECH) និងសហការី​មកពីសាកលវិទ្យាល័យ ប្រ៊ីស្តូល (Bristol) តាំងពី​ប្រទេសវៀតណាម បាន​រក​ឃើញ​ករណី​ឆ្លងជំងឺ​កូវីដ​-19 លើក​ដំបូង​មកម្ល៉េះ​។

ក្រុមអ្នកវិទ្យាសាស្ត្រ​បានទទួលជោគជ័យ​ក្នុងការបង្កើត​សារធាតុ​អង់ទីគ័រ នៅក្នុងមន្ទីរ​ពិសោធន៍​ដែលត្រូវ​បានគេចាត់​ទុកថា ជាគ្រឿង​ផ្សំដ៏សំខាន់បំផុត​ក្នុងការផលិតបាននូវ​វ៉ាក់សាំងនេះ​។

​លោក Mac Van Trong អ្នកវិទ្យាសាស្ត្រ​នៅក្រុមហ៊ុន វ៉ាប៊ីអូថិក និង​នៅក្រសួងសុខាភិបាល វៀតណាម បាននិយាយថា ពួក​គេបានជោគជ័យ​ក្នុងការបង្កើត​សារធាតុមួយ​ចំនួនដែលឈាន​ដល់ការបង្កើត​វ៉ាក់សាំង​ដែលពួកគេបាន​ធ្វើតេស្តនៅលើខ្លួន​សត្វដោយជោគជ័យ​។

មន្ត្រី​ជំនាញ​បាន​បញ្ជាក់ថា វ៉ាក់សាំងនេះ​ បាននិងកំពុង​ធ្វើតេស្តនៅលើសត្វ​កណ្ដុរ​ដើម្បីពិនិត្យ​ពីលទ្ធភាព​របស់វ៉ាក់សាំង​នេះក្នុងការបង្កើត​អង់ទីគ័រការពារវីរុសកូរ៉ូណាប្រភេទថ្មីនេះ ​ហើយ​គេត្រូវរង់​ចាំមើលលទ្ធផល​នេះរយៈពេល 2-3សប្ដាហ៍ទៀត​មុនពេលធ្វើតេស្តនៅ​លើខ្លួនមនុស្ស​៕

ប្រភព៖ https://www.nationthailand.com/news/30387391

https://e.vnexpress.net/news/news/vietnam-tests-covid-19-vaccine-on-mice-4093317.html

Advertisement