តើអ្វីទៅជាប្រព័ន្ធបច្ចេកវិទ្យាសាកថ្មឥតខ្សែ NFC?

ពិភពលោកមានការរីកចម្រើនយ៉ាងខ្លាំងជារៀងរាល់ថ្ងៃ ជាពិសេសលើវិស័យបច្ចេកវិទ្យាតែម្តង។ ជីវិតរស់នៅប្រចាំថ្ងៃរបស់មនុស្សសព្វថ្ងៃនេះ គឺពឹងផ្អែកស្ទើរតែទាំងស្រុងទៅលើការប្រើប្រាស់ឧបករណ៍អេឡិចត្រូនិក ដែលធ្វើឱ្យជីវិតពួកគេមានភាពងាយស្រួលក្នុងការរស់នៅ បំពេញការងារ ប្រកបមុខរបរអាជីវកម្មផ្សេងៗ ជាមួយគ្នានេះដែរ ឧបករណ៍ទាំងអស់នោះក៏ត្រូវការថាមពល ដើម្បីប្រើប្រាស់ផងដែរ។

កាលពីពេលថ្មីៗនេះ NFC Forum បានធ្វើការផ្សព្វផ្សាយទាក់ទងទៅនឹងការអនុម័តឱ្យមានសមត្ថភាពសាកថ្មឥតខ្សែ សម្រាប់ឧបករណ៍អេឡិចត្រូនិកដែលប្រើប្រាស់ថាមពលថ្មតិចតួច មានដូចជា នាឡិកាឆ្លាតវៃ (smart watch) និងប៊ិចសម្រាប់ tablet ជាដើម។ ដើម្បីសាកថ្មឧបករណ៍តាមរយៈ NFC លោកអ្នកអាចប្រើជាមួយទូរស័ព្ទស្មាតហ្វូនដែលមានបច្ចេកវិទ្យា NFC ឬឧបករណ៍ NFC ក៏បាន។

បច្ចេកវិទ្យានេះអាចធ្វើការផ្ទេរថាមពលរហូតដល់ 1វ៉ាត់ និងប្រើហ្វ្រេកង់ជាមូលដ្ឋាន 13.56MHz ជាមួយនឹងអានុភាពនៃតភ្ជាប់របស់ NFC ដើម្បីធ្វើការគ្រប់គ្រងទៅលើការផ្ទេរថាមពល ដែលការដំឡើងនេះធ្វើឱ្យមានភាពល្អប្រសើរដល់អ្នកប្រើប្រាស់ ព្រោះវាមិនទាមទារឱ្យលោកអ្នកដាក់ឧបករណ៍ត្រូវគ្នាយ៉ាងល្អ ដើម្បីសាកថ្មនោះទេ ដែលរឿងនេះ វាផ្ទុយពីបច្ចេកវិទ្យាផ្សេងៗទៀត មានដូចជា Qi ជាដើម។

ទោះបី NFC Forum ទើបតែអនុម័តការប្រើប្រាស់សាកថ្មតាមរយៈ NFC ក៏ដោយ ក៏មានក្រុមហ៊ុនខ្លះ បាននិងកំពុងសាកល្បងប្រើបច្ចេកវិទ្យានេះផងដែរ។ ជាឧទាហរណ៍ ក្រុមហ៊ុន Samsung បានប្រើបច្ចេកវិទ្យានេះជាមួយនាឡិកា Galaxy Fit ព្រោះហេតុនេះហើយ បានជាអ្នកប្រើប្រាស់ពុំអាចសាកថ្ម Galaxy Fit ជាមួយទូរស័ព្ទស្មាតហ្វូន Samsung បាន ដោយសារថា ទូរស័ព្ទទាំងនោះបានប្រើបច្ចេកវិទ្យា Qi ដែលជាប្រព័ន្ធបច្ចេកវិទ្យាផ្សេងមួយទៀត។

NFC Forum គឺជាសមាគមឧស្សាហកម្មមួយដែលបង្កើតឡើងដោយមិនយកប្រាក់កម្រៃ តាំងពីឆ្នាំ2004 មកម្ល៉េះ​ ក្នុងគោលបំណងដើម្បីអភិវឌ្ឍការប្រើប្រាស់ឧបករណ៍អេឡិចត្រូនិក ក្នុងការចែករំលែកគ្នាទៅវិញទៅមក និងធ្វើឱ្យមានភាពប្រាកដប្រជាក្នុងកិច្ចសហការរវាងឧបករណ៍ និងសេវាកម្ម ព្រមទាំងធ្វើការអប់រំអំពីបច្ចេកវិទ្យា NFC ទៅលើទីផ្សារអ្នកប្រើប្រាស់ផងដែរ៕

Advertisement