WHO នឹងដាក់ឱ្យប្រើ App ឆែករោគសញ្ញាផ្ទុកកូវីដ១៩ សម្រាប់ប្រទេសមិនសូវមានធនធានគ្រប់គ្រាន់

WHO នឹងដាក់ចេញឱ្យប្រើប្រាស់នូវកម្មវិធី (app) ដើម្បីឆែកមើលអ្នកដែលអាចសង្ស័យថា មានផ្ទុកមេរោគកូរ៉ូណា ហើយថែមទាំងអាចតាមដានពីទំនាក់ទំនងរបស់ពួកទៀតផង។

តាមប្រភពពីសារព័ត៌មាន Reuters បានឱ្យដឹងថា ក្នុងពេលឆាប់ៗនេះ WHO អាចនឹងដាក់ឱ្យប្រើប្រាស់នូវកម្មវីធី (app) ដើម្បីឆែកមើលរោគសញ្ញាអ្នកដែលអាចមានផ្ទុកមេរោគកូរ៉ូណា សម្រាប់ប្រទេសទូទាំងពិភពលោក  ជាពិសេសសម្រាប់ប្រទេសដែលមិនសូវមានធនធានគ្រប់គ្រាន់  តែអាចមានលទ្ធភាពប្រើកម្មវីធីរបៀបនេះបាន។

លើសពីនេះទៅទៀត WHO កំពុងតែសិក្សា ថាតើគេគួរតែបន្ថែមមុខងារដែលអាចធ្វើការតាមដានការធ្វើទំនាក់ទំនងជាប្រចាំរបស់អ្នកជំងឺ (contact tracing) ថែមទៀតដែរឬទេ?។

អ្វីដែលជាចំណុចសំខាន់នៃកម្មវិធីនេះ គឺវានឹងធ្វើការសួរទៅអ្នកដែលមានរោគសញ្ញាដែលអាចសង្ស័យថា នឹងកើតជំងឺកូវីត-19 ចំណែកឯរបៀប និងទីតាំងធ្វើតេស្តរកមើលជំងឺនេះ វាអាស្រ័យទៅតាមប្រទេសរបស់អ្នកប្រើប្រាស់ដែលអាចធ្វើការកែសម្រួលកម្មវីធីនេះរៀងៗខ្លួន។

កន្លងមកតាមបណ្តាប្រទេសមួយចំនួនដូចជា ឥណ្ឌា អូស្ត្រាលី ចក្រភពអង់គ្លេស ជាដើមបានបង្កើត និងដាក់ឱ្យប្រើប្រាស់កម្មវិធីប្រភេទនេះតាមបច្ចេកវិទ្យារបស់គេរួចមកហើយដែរ ដោយមានមុខងារដូចជា ណែនាំអ្នកមានរោគសញ្ញាឱ្យធ្វើតេស្ត និងតាមដានការចល័តរបស់ប្រជាពលរដ្ឋ ដើម្បីងាយស្រួលក្នុងការស្វែងរកអ្នកដែលអាចត្រូវបានឆ្លង។

WHOសង្ឃឹមថា កម្មវីធីនេះនឹងមានសារៈប្រយោជន៍យ៉ាងខ្លាំងសម្រាប់ប្រទេសមួយចំនួនដែលមិនទាន់មានការរីកចម្រើនខ្លាំងខាងបច្ចេកវិទ្យាមានដូចជា អាមេរិកខាងត្បូង និងអាហ្វ្រិក ហើយថែមទាំងជាប្រទេស កំពុងមានករណីឆ្លងកើនឡើងនោះ៕

Advertisement