ចៀសវាងមេរោគឆ្លងតាមការកាន់ iPhone ក្រុមហ៊ុន Apple ប្រាប់ឱ្យជូតជាមួយក្រដាសសើម ដាក់អាល់កុល

ក្រោយ​ពីមេរោគ​កូវីដ-19 បាន​រាតត្បាត​ពាស​ពេញ​ពិភពលោក ការ​សម្អាត​ឧបករណ៍ប្រើ​ប្រាស់​ផ្ទាល់​ខ្លួន​ឱ្យ​បាន​ញឹកញាប់ បានក្លាយ​ជា​ផ្នែក​មួយ​ជួយ​កាត់​បន្ថយ​ឱកាស​នៃ​ការ​ឆ្លង​វីរុស​នេះ​បាន​ផង​ដែរ។

ជាមួយ​គ្នា​នេះ វេបសាយ​ផ្លូវការ​របស់​ Apple ​ក៏​បាន​អាប់ឌែត​​ទាក់ទង​នឹង​ការ​សម្អាត​ឧបករណ៍​របស់​ខ្លួន​ផង​ដែរ ដើម្បីចៀស​វាង និងការពារ​កុំឱ្យមេរោគ​ឆ្លង​តាម​ការ​កាន់ iPhone។

Apple បាន​ធ្វើ​ការ​អាប់ឌែត​វេបសាយ​របស់​ខ្លួន ដើម្បី​ឱ្យ​អ្នក​ប្រើ​ប្រាស់​ iPhone iPad និង​ Mac ទាំងអស់បាន​ដឹង​ថា​ ពួក​គេ​អាច​សម្អាត​​ឧបករណ៍​របស់​ខ្លួន​ជា​មួយ​​ក្រដាស​សើមដែល​មាន​ជាតិ​អាល់កុល​បាន ដោយ​មិន​បាច់​ព្រួយ​បារម្ភ​ថា វានឹង​ខូច​នោះ​ទេ។

Apple បាន​ណែនាំ ដោយការ​ប្រើ​ប្រាស់​​ក្រដាស​សើម​មាន​ជាតិ​អាល់កុល ឬ​ផលិតផល​ម៉ាក​ ​Clorox Disinfecting Wipes ដោយអ្នក​អាច​​ជូត​សម្អាត​ថ្នមៗ​លើ​ផ្នែក​រឹង​នៃ​ផលិតផល​ Apple ដូច​ជា​អេក្រង់ ក្ដារ​ចុច​ និង​ផ្ទៃ​ខាង​ក្រៅ​ដទៃ​ទៀតបាន។

កុំ​ប្រើ​ទឹក​សាប៊ូ​​ដែល​វា​មាន​ជាតិ​​គីមី​ខ្លាំង កុំ​ឱ្យ​មាន​សំណើម​ជ្រៀត​ចូលទៅក្នុង​រន្ធ​នានា និង​កុំ​ជ្រលក់​ផលិតផល Apple ចូល​ក្នុង​ទឹក​លាង​សម្អាត​នានា។ កុំ​ជូត​សម្អាត​លើ​ផ្ទៃ​ក្រណាត់ ឬ​ស្បែក។​​

កន្លង​មក​ Apple បាន​ណែនាំ​មិន​ឱ្យ​ប្រើ​ប្រាស់​​សារធាតុ​ផ្សេង​ក្រៅ​ពី​ទឹក​ ដើម្បី​សម្អាត​ផលិតផល​ Apple ឡើយ ព្រោះ​វាមាន​សារធាតុ​ខ្លះ​អាច​ប៉ះពាល់​ដល់​​ស្រទាប់​ Oleophobic ដែល​ក្រុមហ៊ុន​បាន​បំពាក់​លើ​អេក្រង់​នៃ​ឧបករណ៍​របស់ខ្លួន៕

Advertisement