Facebook នឹង​​​ក្លាយ​ជា​អ្នក​នាំ​មុខ​គេ​ក្នុងការ​ផ្លាស់​ប្ដូរ​​របៀប​​ធ្វើការ​​ថ្មី​

Facebook នឹង​​​ក្លាយ​ជា​អ្នក​នាំ​មុខ​គេ​ក្នុងការ​ផ្លាស់​ប្ដូរ​​របៀប​​ធ្វើការ​​ថ្មី​

ក្រុម​ហ៊ុន​ Facebook នឹង​អនុញ្ញាត​ឱ្យ​បុគ្គលិក​យ៉ាង​តិច​ពាក់កណ្ដាល​ធ្វើ​ការ​ពី​ចម្ងាយ​ទាំង​ស្រុង​ក្នុងបំណង​ក្លាយ​ជា​ក្រុម​ហ៊ុន​នាំ​មុខគេ​ក្នុងការ​ផ្លាស់​ប្ដូរ​វិធី​ធ្វើ​ការ​​ក្នុង​ពិភពលោក​នា​ពេល​ដ៏ខ្លី​ខាង​មុខ​។

CEO របស់​ក្រុម​ហ៊ុន​ Facebook លោក Mark Zuckerberg បាន​ចែក​រំលែក​ព័ត៌មាន​នៅ​លើ​ទំព័រ​ផ្ទាល់​ខ្លួន​របស់​លោក​​ថា​ បុគ្គលិក​របស់​ខ្លួន​អាច​ដាក់​ពាក្យ​ធ្វើ​ការ​ពី​ចម្ងាយ​ ដោយ​មិន​ចាំបាច់​មក​ក្រុម​ហ៊ុន​ ចាប់​ពី​ចុង​ឆ្នាំ​នេះ​។ “យើង​នឹង​អនុវត្ត​លើ​កិច្ច​ការ​នេះ​យ៉ាង​យក​ចិត្ត​ទុក​ដាក់​បំផុត និង​ប្រកប​ដោយ​ការ​ទទួល​ខុស​ត្រូវ​​។ ការ​ផ្លាស់​ប្ដូរ​នេះ​នឹង​ត្រូវ​ចំណាយ​ពេ​ល​ចាប់​ពី​5​ទៅ​10​ឆ្នាំ​ ប៉ុន្តែ​វា​អាច​លឿន​ជាង​នេះ​”។ លោក​ Zuckerberg សង្កត់​ធ្ងន់​​ថា “ប្រហែល​50%​ (នៃ​បុគ្គលិក​) នឹង​ប្ដូរ​ទៅ​ធ្វើ​ការ​ពី​ចម្ងាយ​ជា​រៀង​រហូត​”។

បច្ចុប្បន្ន Facebook មានបុគ្គលិក​ជាង​48,000​នាក់​ ​ធ្វើ​ការ​នៅក្នុង​​ការិយាល័យ​ចំនួន​70​នៅ​ទូទាំង​ពិភព​លោក​។

Facebook បាន​រៀប​ផែន​ការ​បើក​ការិយាល័យ​របស់ខ្លួន​ឡើង​វិញ​នៅ​ថ្ងៃទី​6​កក្កដា​​ខាងមុខ​។ តាម​គម្រោង​ ក្រុម​ហ៊ុន​នេះ​នឹង​មាន​បុគ្គលិក​តែ​25​%ប៉ុណ្ណោះ​ដែល​នឹង​មក​ធ្វើ​ការ​នៅ​ក្នុង​ការិយាល័យ​។ ស្ថាបនិក​របស់​ Facebook បាន​ឱ្យ​ដឹង​ថា បន្ទាប់​ពី​បានចូល​រួម​កិច្ច​ប្រជុំ​​តាម​អនឡាញ​មួយ​ លោក​​ “ត្រូវ​បាន​បញ្ចុះ​បញ្ចូល​” ទាក់​ទិន​នឹង​ទៅ​ផល​ប្រយោជន៍​​នានា​នៅ​ពេល​អនុញ្ញាត​ឱ្យ​បុគ្គលិក​ធ្វើ​ការ​ពីចម្ងាយ​ ពិសេស​គឺ​ការ​សន្សំសំច័យ​​ថាម​ពល​​អគ្គិសនី និង​ការ​ការ​ពារ​បរិស្ថាន​។

តាម​គម្រោង​ ក្រុម​ហ៊ុន​ Facebook នឹង​ជ្រើស​រើស​បុគ្គលិក​សរុប​ប្រមាណ​ជា​10,000​នាក់​បន្ថែម​ទៀត​នៅក្នុង​ឆ្នាំ​នេះ​។ បន្ទឹម​នឹង​នេះ​ Facebook ក៏​នឹង​បង្កើត​មជ្ឈមណ្ឌល​មួយ​ចំនួន​នៅ​ Atlanta, Dallas និង Denver នៃ​សហរដ្ឋ​អាមេរិក​ផងដែរ​។ ប៉ុន្តែ Zuckerberg បញ្ជាក់ថា​ នេះ​គ្រាន់​តែ​ជា​ទីកន្លែង​សម្រាប់​បុគ្គលិក​មក​ប្រជុំ​តែប៉ុណ្ណោះ មិនមែន​ជា​ការិយាល័យ​នោះ​ទេ​។

បុគ្គលិក​របស់​ Facebook ម្នាក់​សុំ​មិន​បញ្ចេញ​ឈ្មោះ​ បាន​ប្រាប់​ NYTimes ថា ក្រុម​ការ​ងារ​ដែល​ធ្វើ​ការ​​ពី​ចម្ងាយ​ មាន​ការ​លំបាក​ណាស់​នៅ​ពេល​ត្រូវ​ត្រួត​ពិនិត្យ​ខ្លឹម​សារ​​រាប់​មិន​អស់​នៅ​លើ Facebook ពិសេស​គឺ​ព័ត៌មាន​ក្លែង​ក្លាយ​ទាក់ទង​នឹង​ COVID-19៕

ប្រភព​៖ សារ​ព័ត៌មាន​បរទេស​

Advertisement