“សុនកដែកឃ្វាលចៀមជំនួសសុនកសាច់” ជាគន្លឹះជោគជ័យក្នុងវិស័យកសិកម្ម(វីដេអូ)

ពីមួយថ្ងៃទៅមួយថ្ងៃ គេឃើញមានរ៉ូបូតជាច្រើនប្រភេទត្រូវបានគេប្រើប្រាស់នៅក្នុងអាជីវកម្ម ក៏ដូចជានៅក្នុងជីវភាពប្រចាំថ្ងៃ ដូច្នេះយុគសម័យនៃរ៉ូបូតដំណើរការដោយស្វ័យប្រវត្តជិតមកដល់មែនទែនហើយ។

ពួកវាបានបង្ហាញវត្តមានកាន់តែច្រើននៅលើវាលដំណាំ ចំការឈើហូបផ្លែ។ល។ រ៉ូបូតស្វ័យប្រវត្តទាំងនេះ មិនត្រឹមតែជាម៉ាស៊ីនជំនួយ ឬម៉ាស៊ីនប្រមូលផលដ៏អស្ចារ្យនោះទេ ប៉ុន្តែពួកវាគឺជាសុនកយន្ត និងយន្តហោះគ្មានមនុស្សបើកជាដើមដែលមានប្រភេទខ្លះមានរូបរាងតូចច្រឡឹង អាចដើរ រត់ ហក់លោតបានដោយស្វ័យប្រវត្ត ក្នុងនោះក៏មានសុនកយន្ត Boston Dynamics ជាឧទាហរណ៍។

ពួកវាត្រូវបានបំពាក់កម្មវិធីគ្រប់ប្រភេទ ចាប់ពីកាមេរ៉ា កាំរស្មីអ៊ីនហ្វ្រារ៉េដ បច្ចេកវិទ្យាស្កេនរូបភាព3D រហូតដល់ថ្នាក់មានសមត្ថភាពបង្កើតផែនទីទៅតាមពេលវេលាជាក់ស្ដែងទៀតផង។

បណ្ដារ៉ូបូត ដូចជា Dynamics នេះ កាន់តែមានភាពឆ្លាតវៃ និងរហ័យរហួនជាងមុន និងអាចដើរនៅលើផ្ទៃដែលមានឧបសគ្គច្រើន ព្រមទាំងអាចធ្វើការម្នាក់ឯងបានល្អនៅក្នុងកសិដ្ឋាននានា។

ពួកវាអាចធ្វើការជំនួសសុនកដែលមានជំនាញខាងឃ្វាលចៀម ដោយមិនបាច់មានការឃ្លាំមើលច្រើនពីមនុស្ស។ សុនកយន្តអាចដេញហ្វូងចៀមទៅកាន់ទីតាំងដែលត្រូវបានកំណត់នៅក្នុងកម្មវិធីកុំព្យូទ័រ ព្រមទាំងអាចគ្រប់គ្រងតួលេខចៀមក្នុងហ្វូន និងបញ្ជូនព័ត៌មានជាបន្តបន្ទាប់ទៅកាន់ម៉ាស៊ីនផ្ទុកទិន្នន័យគ្រប់ពេល និងគ្រប់ទីកន្លែង។

នេះគឺជាគន្លឹះជោគជ័យមួយរបស់វិស័យកសិកម្ម។ នៅក្នុងអនាគត រដូវកាល ផលិតភាព ឬទិន្នផលនឹងត្រូវព្យាករបានយ៉ាងសុក្រឹត ហើយបញ្ហានៃការប្រើប្រាស់កម្លាំងមនុស្សក៏នឹងត្រូវបានដោះស្រាយ។

ស្វ័យប្រវត្តភាពកំពុងតែប្ដូរផ្លាស់វិធីដែលកសិករកំពុងធ្វើនាបច្ចុប្បន្ន។ រ៉ូបូតនេះនឹងជួយបង្កើនទិន្នផលកសិកម្ម ក៏ដូចជាផលិតភាពនៃកម្លាំងពលកម្ម។ល។

ប្រភព៖ សារព័ត៌មានបរទស

Advertisement