អាយុ​17​ឆ្នាំ​ បង្កើតបាន​​គេហទំព័រ​តាម​ដាន​ COVID-19! គេ​ស្នើ​ផ្សាយ​ពាណិជ្ជកម្មតម្លៃ ​​8​លាន​ដុល្លារ​ នៅ​តែ​បដិសេធ

អាយុ​17​ឆ្នាំ​ បង្កើតបាន​​គេហទំព័រ​តាម​ដាន​ COVID-19! គេ​ស្នើ​ផ្សាយ​ពាណិជ្ជកម្ម​8​លាន​ដុល្លារ​ នៅ​តែ​បដិសេធ

សិស្ស​មធ្យម​សិក្សា​ម្នាក់​ មាន​អាយុ​17​ឆ្នាំ​ នៅ​សហរដ្ឋ​អាមេរិក​ បង្កើត​បាន​គេហទំព័រ​​មួយ​ដើម្បី​ជួយ​ឱ្យ​អ្នក​រាល់​គ្នា​ តាម​ដាន​ស្ថាន​ការណ៍​របស់​ COVID-19 នៅ​ទូទាំង​ពិភពលោក​។ គេហទំព័រ​នេះ​កំពុង​តែ​មាន​ភាព​ល្បី​ល្បាញ​ខ្លាំង ​​រហូត​ដល់​មាន​ក្រុម​ហ៊ុន​ខ្លះ​ត្រៀម​ចំណាយ​ប្រាក់​8​លាន​ដុល្លារ​ដើម្បី​បាន​ផ្សាយ​ពាណិជ្ជកម្ម​ ប៉ុន្តែ កុមារ​រូប​នេះ​មិន​យល់​ព្រម​។

Avi Schiffmann រស់នៅ​ក្នុង​តំបន់ Seattle នៃ​រដ្ឋ​វ៉ាស៊ីង​តោន​ សហរដ្ឋ​អាមេរិក​ បច្ចុប្បន្ន​សិក្សា​នៅ​សាលា​មធ្យម​សិក្សា​ Mercer Island។ តាំង​ពី​តូច Avi Schiffmann ចូល​ចិត្ត​កុំព្យូទ័រ​ខ្លាំង​ណាស់ ដោយ​សារ​តែ​ទទួល​ឥទ្ធិពល​ពី​ការ​ងារ​​ជា​អ្នក​សរសេរ​កូដ​កម្ម​វិធី​កុំព្យូទ័រ​របស់​ឪពុក​។

កាល​ពី​ប៉ុន្មាន​ខែ​មុន Avi Schiffmann បង្កើត​បាន​គេហទំព័រ​មួយ​ដែល​មាន​អាសយដ្ឋាន ncov2019.live ប្រើ​ប្រាស់​ដើម្បី​ប្រមូល​ព័ត៌មាន​ទាក់​ទិន​នឹង​ស្ថាន​ការណ៍​នៃ​វីរុស​COVID-19 ពី​បណ្ដា​ប្រទេស​ ក៏ដូច​ជា​ពី​អង្គ​ការ​សុខ​ភាព​ពិភព​លោក​ WHO ព្រម​ទាំង​អាច​ធ្វើ​បច្ចុប្បន្ន​ភាព​នៃ​តួលេខ​​អ្នក​ជំងឺ​ អ្នក​បាន​ជា​សះ​ស្បើយ​ និង​អ្នក​បាន​ស្លាប់​​ដោយ​សារ​វីរុស​COVID-19។ល។

អាយុ​17​ឆ្នាំ​ បង្កើតបាន​​គេហទំព័រ​តាម​ដាន​ COVID-19! គេ​ស្នើ​ផ្សាយ​ពាណិជ្ជកម្ម​8​លាន​ដុល្លារ​ នៅ​តែ​បដិសេធAvi បាន​ចំណាយ​​កម្លាំង​កាយ​ ចិត្ត​ និង​ពេល​វេលា​ជា​ច្រើន​ដើម្បី​រក្សា​គេហទំព័រ​នេះ​ឱ្យ​ដំណើរ​ការ​បាន​ល្អ ក៏ដូចជា​ដោះ​ស្រាយ​បញ្ហា​ពាក់​ព័ន្ធ​។ កុមារ​រូប​នេះ​បាន​ប្រាប់អ្នក​យក​ព័ត៌មាន​របស់​​ Bussiness Insider​ ថា មក​ដល់​ពេល​នេះ Avi ​បាន​ចំណាយ​ពេល​រាប់​រយ​ម៉ោង​ដើម្បី​សរសេរកូដ និង​ដំណើរ​ការ​គេហទំព័រ​នេះ ហើយ​មាន​ពេល​មួយ​នោះ​ Avi ត្រូវ​ធ្វើ​ការ​រយៈ​ពេល​ប្រហែល​50​ម៉ោង​ជាប់​ៗគ្នា​ទៀត​ផង​។

គេហទំព័រ​នេះ ត្រូវ​បាន​បង្កើត​ឡើង​ដើម្បី​ធ្វើ​បច្ចុប្បន្ន​ភាព​នៃ​ស្ថាន​ការណ៍​​របស់​ COVID-19 ដូច្នេះ ពេល​ណា​ក៏​មាន​អ្នក​ចូល​មើល​។ ពេល​គេហទំព័រ​ជួប​បញ្ហា​ក្នុង​ពេល​គាត់​កំពុង​គេង ពេល​ភ្ញាក់​ដឹង​ខ្លួន Avi តែង​តែ​ឃើញ​សារ​ផ្ដល់​ដំណឹង​រាប់​ពាន់​ ដូច្នេះ Avi មាន​អារម្មណ៍​ថា ខ្លួន​មាន​ភារកិច្ច​ធំធេង​ចំពោះ​កិច្ច​ការ​នេះ​។

គេហទំព័រ​ ncov2019.live ទទួល​បាន​អ្នកចូល​មើល​ប្រមាណជា​30​លាន​នាក់​ក្នុង​មួយ​ថ្ងៃ​ៗ ហើយ​បើ​គិត​មក​ដល់​បច្ចុប្បន្ន គេហទំព័រ​នេះ​មាន​អ្នក​ចូល​មើល​ជាង​700​លាន​លើក​។ ដូច្នេះ​ វា​ជា​រឿង​ធម្មតា​ នៅ​ពេល​មាន​ក្រុម​ហ៊ុន​ខ្លះ​ចង់​ចំណាយ​ប្រាក់​ដើម្បី​បាន​ផ្សាយ​ពាណិជ្ជ​កម្ម​នៅ​លើ​គេហទំព័រ​នេះ​។

អាយុ​17​ឆ្នាំ​ បង្កើតបាន​​គេហទំព័រ​តាម​ដាន​ COVID-19! គេ​ស្នើ​ផ្សាយ​ពាណិជ្ជកម្ម​8​លាន​ដុល្លារ​ នៅ​តែ​បដិសេធ

Avi បាន​ឱ្យ​ដឹង​ថា ធ្លាប់​មាន​គេ​ស្នើ​ជួល​ឱ្យ​ផ្សាយ​ពាណិជ្ជ​កម្ម​នៅ​លើ​ ncov2019.live របស់​គាត់ក្នុង​តម្លៃ​ឡើង​ដល់​8​លាន​ដុល្លារ​ ក៏ប៉ុន្តែ​​ Avi បាន​បដិសេធ​។ បើ​សិន​ជា​ទទួល​ការ​ផ្សាយ​ពាណិជ្ជ​កម្ម​ Avi អាច​រក​បាន​ដល់​ទៅ​30​លាន​ដុល្លារ​ឯណោះ។ ប៉ុន្តែ កុមារ​រូប​នេះ​និយាយ​ថា ការ​រក​ប្រាក់​មិន​មែន​ជា​គោល​បំណង​នៃ​ការ​បង្កើត​គេហទំព័រ​នេះ​នោះ​ទេ​។

Avi ថ្លែង​ថា “ប្អូន​ទើប​តែ​មាន​អាយុ​17​ឆ្នាំ ប្អូន​មិន​ត្រូ​វការ​8​លាន​ដុល្លារ​នោះ​ឡើយ​។ល។ ប្អូន​មិន​ចង់​មាន​ឈ្មោះ​ថា​ជា​មនុស្ស​ឃើញ​តែ​ប្រាក់​នោះទេ”។

ក្រៅ​ពី​នេះ Avi ក៏បាន​ឱ្យ​ដឹង​ថា មូលហេតុ​ផ្សេង​មួយ​ទៀត​ដែល​នាំ​ឱ្យ​ប្អូន​បដិសេធ​8​លាន​ដុល្លារ​នេះ​ នោះគឺ​ Avi មិន​ចង់​ឃើញ​ឃ្លីប​វីដេអូ​ផ្សាយ​ពាណិជ្ជកម្ម​លោត​ឡើង​នៅ​លើ​គេហទំព័រ​របស់​ខ្លួន​ ព្រោះ​ថា​ Avi មិន​អាច​គ្រប់​គ្រង​វា​បាន​។ Avi មិន​ចង់​ថែរក្សា​គេហទំព័រ​ដោយ​ការ​ចុះ​កិច្ចសន្យា​ជាមួយ​ក្រុម​ហ៊ុន​ផ្សាយ​ពាណិជ្ជកម្ម​ ឬ​ត្រូវ​ទទួល​យក​អ្វី​ដែល​ខ្លួន​​មិន​ចូល​ចិត្ត​នោះដែរ​។

អាយុ​17​ឆ្នាំ​ បង្កើតបាន​​គេហទំព័រ​តាម​ដាន​ COVID-19! គេ​ស្នើ​ផ្សាយ​ពាណិជ្ជកម្ម​8​លាន​ដុល្លារ​ នៅ​តែ​បដិសេធ
អាយុ​17​ឆ្នាំ​ បង្កើតបាន​​គេហទំព័រ​តាម​ដាន​ COVID-19! គេ​ស្នើ​ផ្សាយ​ពាណិជ្ជកម្ម​8​លាន​ដុល្លារ​ នៅ​តែ​បដិសេធ

Avi និយាយ​ថា មាន​អ្នក​អាន​ជា​ច្រើន​មក​ពីបណ្ដា​​ប្រទេស​​ដែល​មាន​ល្បឿន​អ៊ីនធើណិត​មិន​សូវ​បាន​លឿន ហើយ​បើ​សិន​ជា​ដាក់​ឃ្លីប​វីដេអូ​ផ្សាយ​ពាណិជ្ជកម្ម​ទៀត វា​នឹង​កាន់​តែ​ធ្វើ​ឱ្យ​គេហទំព័រ​ត្រូវ​ដើរ​យឺត​មិន​ខាន។ ក៏ប៉ុន្តែ Avi ក៏​បាន​ផ្ដល់​ជម្រើស​មួយ​ដល់​សប្បុរសជន​ផងដែរ​ នោះ​គឺ​ការ​ដាក់​ប៊ូតុង “បរិច្ចាគ” នៅ​លើ​គេហទំព័រ​នេះ ដើម្បី​ងាយ​ស្រួល​ដល់​ការ​គាំទ្រ​ពី​សំណាក់​អ្នក​ចិត្ត​ល្អ​​។

Avi ទទួល​បាន​ការ​អញ្ជើញ​ឱ្យ​ចូល​ធ្វើ​ការ​នៅ​ក្នុង​ក្រុម​ហ៊ុន​​ជា​ច្រើន​ដោយ​សារ​តែ​ជោគ​ជ័យ​របស់​គេហទំព័រ​ខាងលើ ក្នុង​នោះ​ក៏​មាន​ Microsoft ផងដែរ​។ ប៉ុន្តែ បច្ចុប្បន្ន Avi មិន​ទាន់​ចង់​ធ្វើ​ការ​នៅឡើយ​។ កុមារ​រូប​នេះ​មាន​ផែន​ការ​ផ្ទាល់​ខ្លួន​ និង​មាន​កិច្ច​ការ​ជា​ច្រើន​ដែល​ចង់​ធ្វើ​ ពិសេសគឺ​កិច្ច​ការ​​ដែល​មានការ​រួម​ផ្សំ​រវាង​វិស័យ​វិទ្យា​សាស្ត្រ​បច្ចេក​វិទ្យា​ និងវិស័យ​វេជ្ជ​សាស្ត្រ​៕

ប្រភព​៖ សារ​ព័ត៌មានប​រទេស

Advertisement