ម្ចាស់​ Facebook ថា “បណ្ដាញ​សង្គម​មិន​គួរ​ធ្វើ​ជា​អាជ្ញាកណ្ដាល​” ក្រោយ​លោក​ Trump ចុះ​ហត្ថ​លេខា​លើ​បទ​បញ្ជា​​ទាក់ទង​នឹង​បណ្ដាញ​សង្គម​

ម្ចាស់​ Facebook ថា

អគ្គនាយក​ប្រតិបត្តិ​​របស់​ Facebook លោក Mark Zuckerberg យល់​ថា បណ្ដាញ​សង្គម​មិន​គួរ​ក្លាយ​ជា​កន្លែង​​ពិនិត្យ​រក​ភាព​ពិត​​របស់​ព័ត៌មាន​ដែល​បង្ហោះ​ដោយ​​អ្នក​នយោបាយ​នោះ​ឡើយ​។

“ខ្ញុំ​​គិត​ថា Facebook ឬ​កម្មវិធី​ដែល​ប្រើ​អ៊ីនធើណិត​​ទូទៅនានា​ មិន​គួរ​ធ្វើ​ជា​អាជ្ញា​កណ្ដាល​ក្នុង​ការ​កាត់​ក្ដី​រក​​ភាព​ពិត​នោះទេ” Zuckerberg ប្រាប់​ CNBC បន្ត​ថា “សេចក្ដី​ថ្លែង​ការ​ណ៍​នយោបាយ​គឺជា​ផ្នែក​មួយ​ប្រកប​ដោយ​ភាព​រសើប​​នៅក្នុង​​សង្គម​ប្រជាធិបតេយ្យ​ ហើយ​អ្នក​រាល់​គ្នា​អាច​ដឹង​បាន​អំពី​អ្វី​ដែល​អ្នក​នយោបាយ​បាន​ថ្លែង​”។

មហាសេដ្ឋី​ Zuckerberg និយាយ​ថា Facebook ប្រើ​ប្រាស់​ប្រព័ន្ធ​ចម្រោះ​​ព័ត៌មាន​ឯករាជ្យ​ តាម​ពេល​វេលា​ជាក់​ស្ដែង​ និង​បូក​រួម​ជាមួយ​ក្រុម​ត្រួត​ពិនិត្យ​ខ្លឹម​សារ​ដែល​ធ្វើ​ការ​ជា​ប្រចាំ​។ ប៉ុន្តែ CEO របស់​ Facebook ថ្លែង​​ថា កម្មវិធី​ត្រួត​ពិនិត្យ​មិន​​បាន​ព្យាយាម​​វិភាគ​រក​ខុស​-ត្រូវ​​ទៅ​លើ​សេចក្ដី​ថ្លែង​ការណ៍​ ឬ​ការ​ប្រកាស​ដែល​មាន​ចរិត​នយោបាយ​នោះ​ទេ​។ លោក​ក៏បាន​បញ្ជាក់ថា នេះ​គឺជា​បញ្ហា​ “រសើប​” ដែល​បណ្ដាញ​សង្គម​ដូច​ជា Facebook ​ជា​ដើម​​ ត្រូវ​តែ​​ “មាន​ការ​គោរព”​។

ម្ចាស់​ Facebook ថា "បណ្ដាញ​សង្គម​មិន​គួរ​ធ្វើ​ជា​អាជ្ញាកណ្ដាល​" ក្រោយ​លោក​ Trump ចុះ​ហត្ថ​លេខា​លើ​បទ​បញ្ជា​​ទាក់ទង​នឹង​បណ្ដាញ​សង្គម​កាល​ពី​ខែ​តុលា​ឆ្នាំ​មុន Facebook បាន​ប្រកាស​ថា​ ខ្លួន​អនុញ្ញាត​ឱ្យ​អ្នក​នយោបាយ​​ឃោសនា​​នៅ​លើ​បណ្ដាញ​សង្គម​នេះ​បាន​ សូម្បី​តែ​ខ្លឹម​សារ​ឃោសនា​នោះ​ជា​ព័ត៌មាន​មិន​ត្រឹម​ត្រូវ​។​ ក៏ប៉ុន្តែ​ ថ្មី​ៗ​នេះ Facebook ធ្លាប់​បាន​លុប​សារ​មួយ​​ទាក់​ទិន​នឹង​វីរុស​COVID-19 ដែល​ត្រូវ​បាន​បង្ហោះ​ដោយ​ប្រធានាធិបតី​ប្រេស៊ីល​ លោក Jair Bolsonaro កាលពី​ខែ​មីនា​។ បញ្ហា​នេះ​ត្រូវ​បាន​ម្ចាស់​ Facebook អះអាង​ថា “អ្វី​ក៏​ដោយ​ ក៏​តែង​តែ​មាន​ដែន​កំណត់​របស់​វា សូម្បី​តែ​អ្នក​នយោបាយ​។ គ្មាន​នរណា​ម្នាក់​មាន​សិទ្ធិ​ប្រើ​ប្រាស់​ Facebook ដើម្បី​បង្កើតអំពើ​ហិង្សា​ ឬ​បង្ហោះ​ព័ត៌​មាន​ក្លែង​ក្លាយ​ដែល​បង្ក​ផល​ប៉ះពាល់​នោះ​ទេ​”។

Zuckerberg បច្ចុប្បន្ន​កំពុង​តែ​រក្សា​ជំហរ​កណ្ដាល​។ ជាង​នេះ Zuckerberg ថែម​ទាំង​បាន​ព្យាយាម​បែង​ចែក​ភាព​ខុស​គ្នា​រវាង​ Facebook ជាមួយ​នឹង​ Twitter ទៀត​ផង បន្ទាប់​ពី​​ Twitter បាន​ដាក់​ tag និង​តំណ​ភ្ជាប់​​នៅ​លើ​សារ​ចំនួន​2​ឃ្លា​របស់​ប្រធានាធិបតី​ Donald Trump។ សកម្ម​ភាព​របស់​ Twitter ត្រូវ​បាន​គេ​មើល​ឃើញ​ថា​ ជា​មូលហេតុ​ធំ​មួយ​ដែល​នាំ​ឱ្យ​លោក​ Trump ចុះ​ហត្ថលេខា​លើ​​បទ​បញ្ជា​​មួយ​ទាក់​ទង​នឹង​បណ្ដាញ​​សង្គម​ ដែល​លោក​ Trump អះអាង​ថា គឺ​ក្នុង​បំណង​ “ការ​ពារ​សិទ្ធិ​សេរី​ភាព​ក្នុង​ការ​បញ្ចេញ​មតិ​​នៅ​ចំពោះ​ការ​គំរាម​កំហែង​មួយ​ក្នុង​ចំណោម​ការ​គំរាម​កំហែង​ដ៏​ធ្ងន់​ធ្ងរ​បំផុត​ក្នុង​ប្រវត្តិ​សាស្ត្រ​សហរដ្ឋអាមេរិក​”។

ម្ចាស់​ Facebook ថា "បណ្ដាញ​សង្គម​មិន​គួរ​ធ្វើ​ជា​អាជ្ញាកណ្ដាល​" ក្រោយ​លោក​ Trump ចុះ​ហត្ថ​លេខា​លើ​បទ​បញ្ជា​​ទាក់ទង​នឹង​បណ្ដាញ​សង្គម​
Twitter កាល​ពី​ថ្ងៃទី​27​ឧសភា បាន​ដាក់​ tag នៅ​លើ​សារ​ចំនួន​2ឃ្លា​​របស់​លោក Trump ហើយ​បានបន្ថែម​​ឧទាន​សញ្ញា​​​នៅ​ខាង​ក្រោម​សារ​ទាំង​នេះ​។ ពេល​ចុច​ទៅលើ​តំណ​ភ្ជាប់​(link) ដែល​ត្រូវ​បាន​ភ្ជាប់​ទៅ​នឹង​​សារនោះ​​​ អ្នក​ប្រើ​ប្រាស់​នឹង​ត្រូវ​បាន​នាំ​ទៅ​កាន់​ទំព័រ​មួយ​ដែល​​គ្រប់គ្រង​ដោយ​ Twitter ដែល​មាន​សរសេរ​ថា ប្រសាសន៍​របស់​ម្ចាស់​សេត​វិមាន​គឺ​មិន​ត្រឹម​ត្រូវ​នោះ​ទេ។ នេះ​អាច​ជា​មូល​ហេតុ​មួយ​ដែល​ធ្វើ​ឱ្យ​លោក​ Trump ខឹង​សម្បាខ្លាំង​។

សេត​វិមាន​កំពុង​តែ​ពិចារណា​បង្កើត​ក្រុម​ប្រឹក្សា​មួយ​ដើម្បី​ត្រួត​ពិនិត្យ​ទៅ​លើ​ការ​តវ៉ា​ទាក់​ទិន​នឹង​និន្នា​ការ​ប្រឆាំង​នឹង​មតិ​អភិរក្ស​និយម​​​​នៅ​លើ​បណ្ដាញ​សង្គម​​​នានា​។

បើ​ទោះ​ជា​យ៉ាង​នេះ​ក៏​ដោយ យោង​តាម​ USA Today រដ្ឋាភិបាល​របស់​លោក​ Trump ​តែ​​ឯង​​នឹង​មិន​អាច​កែ​ប្រែ​ ឬ​បិទ​បណ្ដាញ​សង្គម​បាន​ឡើយ​។ ព្រោះ​ថា​ បញ្ហា​ខាង​លើ​នេះ តម្រូវ​ឱ្យ​មាន​ការ​គាំទ្រ​ពី​រដ្ឋ​សភា​​ ឬ​គណៈ​កម្ម​ធិការ​ទូរគមនាគមន៍​ជាតិ​ FCC (Federal Communications Commission)៕

ប្រភព​៖ សារ​ព័ត៌មាន​បរទេស

Advertisement