អ៊ីស្រាអែល បង្កើតម៉ាស់ពិសេស អាចញ៉ាំអាហារបាន ដោយមិនបាច់ដកម៉ាស់ចេញ

ក្រុម​អ្នក​ច្នៃប្រឌិត​ជនជាតិ​អ៊ីស្រាអែល បាន​បង្កើត​ម៉ាស់​ការពារ​មេរោគ​កូ​រ៉ូ​ណា​ជាមួយ​មាត់​បញ្ជា​ពី​ចម្ងាយ ដែល​អាច​អនុញ្ញាតឱ្យ​មនុស្ស​បរិភោគ​អាហារ​បាន ដោយ​មិនចាំបាច់​ដក​ម៉ាស់​ចេញ ជា​ឧបករណ៍​ដែល​ពួកគេ​និយាយថា អាចធ្វើឱ្យ​ការចូលទៅ​ភោជនីយដ្ឋាន​មិនសូវមាន​គ្រោះថ្នាក់។

ដង្កៀប​ច្របាច់ ដែល​ធ្វើ​ប្រតិបត្តិការ​ដូច​ហ្វ្រាំងដៃ​កង់​ដែរនោះ នឹង​បើក​មាត់​នៅខាងមុខ​ម៉ាស់​ដើម្បីឱ្យ​អាហារ​ឆ្លងកាត់​បាន។ ដំណើរការ​នេះ​អាចមាន​ភាពច្របូកច្របល់ ជាមួយនឹង​ការ៉េម ឬ​ទឹកជ្រលក់ ប៉ុន្តែ​បើជា​អាហារ​ដែលរឹងៗជាង​នេះ អាច​ចូល​បាន​យ៉ាង​ងាយស្រួល។

លោក អាសា​ហ្វ ជី​តេ​លី​ស អនុប្រធាន​ក្រុមហ៊ុន Avtipus Patents and Inventions បាន​និយាយ​កាលពី​ថ្ងៃ​អង្គារ​ទី19 ឧសភា​ថា  “ម៉ាស់​នឹង​បើក​មាត់ ដោយ​ប្រព័ន្ធ​មេកានិច តាមរយៈ​ការបញ្ជា​ពី​ចម្ងាយ​ដោយ​ដៃ ឬ​បើក​មាត់​ដោយ​ស្វ័យប្រវត្តិ​នៅពេលណា​ដែលមាន​សម ឬ​ស្លាបព្រា មក​នៅ​ពីមុខ​ម៉ាស់។ បន្ទាប់មក​អ្នក​អាច​ញ៉ាំ ឬ​ផឹក​ដោយ​គ្មាន​ការបារម្ភ ហើយ​ពេល​អ្នក​ដក​សម ឬ​ស្លាបព្រា​ចេញ​វិញ វា​នឹង​បិទ​វិញ​ដោយ​ស្វ័​ប្រវត្តិ ហើយ​អ្នក​ថែមទាំង​ត្រូវបាន​ការពារ​ពី​វីរុស និង​មនុស្ស​ផ្សេងទៀត​ដែល​អង្គុយ​ជាមួយ​អ្នក​ទៀតផង។

ក្រុមហ៊ុន​បាន​និយាយថា ខ្លួន​គ្រោង​នឹង​ចាប់ផ្តើម​ផលិត​ម៉ាស់​នេះ​ក្នុង​រយៈពេល​ប៉ុន្មាន​ខែ​ទៀត ហើយ​បានដាក់​ស្នើសុំ​ប៉ាតង់​រួចហើយ។ ក្រុមហ៊ុន​បាន​និយាយថា ខ្លួន​ទំនងជា​នឹង​លក់​វា​ក្នុងតម្លៃ​ពី ៣ ទៅ ១០សេ​គែល (ប្រមាណ 0.85ដុល្លារ​ទៅ 1.85ដុល្លារ​អាមេរិក)៕

 

Advertisement