អ្នកប្រើ អាចនឹងត្រូវ Hacker លួចយកលេខសម្ងាត់ វីនដូ ពេលខលតាមកម្មវិធី Zoom

ដោយសារ​តែមាន​តម្រូវការ​បន្ទាន់​នៃ​កម្មវិធី ដែលមាន​ភាពងាយស្រួល​ក្នុងការ​ប្រើប្រាស់​ជា​លក្ខណៈ Video Conferencing ក្នុងអំឡុងពេល​នៃ​ការរីក​រាលដាល មេរោគ​កូ​វីដ-19 ក៏បាន​ធ្វើឱ្យ Zoom ក្លាយជា​កម្មវិធី​មួយ​ដែល​ទទួល​ការពេញនិយម ពី​មនុស្ស​រាប់លាន​នាក់​ក្នុងពេល​តែ 2 ឬ 3សប្ដាហ៍​ចុងក្រោយ​នេះ បើទោះបីជា​កម្មវិធី​នេះ​បាន​បង្កើតឡើងបាន​ជាង 9ឆ្នាំ​មកហើយ​ក៏ដោយ។

ទោះបី Zoom គឺជា​កម្មវិធី​មួយ​ដែលមាន​ប្រជាប្រិយភាព​សម្រាប់ Online Video Meeting ក៏ដោយ តែ​វា​មិនមែនជា​ជម្រើស​ដ៏​ល្អ​បំផុត សម្រាប់​ផ្នែក​ឯកជន​ភាព (Privatecy) និង​សន្តិសុខ (Security) នៅឡើយ​ទេ ដូចជា​កម្មវិធី​នេះ​ពុំមាន end-to-end encrypted ដូច​កម្មវិធី​គេផ្សេងៗទៀត ដែល​អាចធ្វើឱ្យ​ក្រុមហ៊ុន​ថតចម្លង​វីដេអូ​របស់លោក​អ្នក​បាន ប៉ុន្តែ​កំហុស​ដ៏​ធំ​មួយទៀត​នោះ​គឺ ជនអនាមិក​អាច​លួច​យក​លេខ​សម្ងាត់ វីន​ដូ តាមរយៈ​ភាព​ចន្លោះប្រហោង​ក្នុង​កម្មវិធី​នេះ​បាន។

ភាព​ចន្លោះប្រហោង​នេះ គឺ​ដោយសារតែ Zoom ដំណើរការ​នៅលើ​ប្រព័ន្ធ​ដំណើការ Windows ដែល​ប្រើ​មុខងារ Remote UNC paths ហើយ​បំប្លែង​នូវ URLs ទៅជា Hyperlinks សម្រាប់​អ្នកទទួល​នៅក្នុង​សារ ជា​លក្ខណៈ​ផ្ទាល់ខ្លួន ឬ​ជា​ក្នុង​ក្រុម។

ក្រុម​អ្នកស្រាវជ្រាវ​បានផ្ដល់​ព័ត៌មាន​នេះ​ទៅ​ក្រុមហ៊ុន Zoom ប៉ុន្តែ​ក្រុមហ៊ុន​ពុំទាន់​បានធ្វើ​កំណែទម្រង់​លើ​កម្មវិធី​នេះ​ទេ ដូច្នេះ​ពួកគេ​ក៏​សំណូមពរ​ឱ្យ​អ្នកប្រើប្រាស់ គួរប្រើ​កម្មវិធី Zoom តាមរយៈ Web Browser ជាជាង​កម្មវិធី​ផ្ទាល់​របស់ Zoom សម្រាប់ វីន​ដូ ឬក៏​ប្រើ​កម្មវិធី​ផ្សេងទៀត​ក៏បាន។

គេ​ក៏បាន​ដឹងផង​ដែរ​ថា កាលពី​សប្ដាហ៍​មុន​ក្រុមហ៊ុន Zoom ទើបតែ​ធ្វើ​បច្ចុប្បន្នភាព​កម្មវិធី​ជាមួយ​ប្រព័ន្ធ iOS ក្រោយពី​ត្រូវបាន​គេ​រកឃើញថា ក្រុមហ៊ុន​នេះ​បានផ្ដល់​ទិន្នន័យ​របស់​អ្នកប្រើប្រាស់​ទៅឱ្យ​ក្រុមហ៊ុន Facebook៕

Advertisement