ក្រុមហ៊ុន Google ដាច់ចិត្តបង្ហើបឱ្យដឹងជាលើកដំបូងបំផុតថា YouTube រកបាន 15 ពាន់លានដុល្លារកាលពីឆ្នាំ2019

គិត​រយៈពេលពេញ​ 1​ឆ្នាំ​កាល​ពី​ឆ្នាំ2019 ក្រុមហ៊ុន Google បាន​បង្ហើបឱ្យដឹង​ថា​ YouTube រក​ចំណូល​បាន 15ពាន់​លាន​ដុល្លារ (15 Billions dollar) ដែល​ស្មើ​នឹង 10% នៃ​ចំណូលរបស់ Google ទាំង​អស់។ ក្រៅ​ពី​នេះ YouTube ក៏​មាន​អ្នក​ចុះ​ឈ្មោះ​ជាង 20លាន​នាក់លើ​សេវាកម្ម​ Premium (YouTube ដែល​គ្មាន​វីដេអូ​ពាណិជ្ជកម្ម) និង​​​សេវាកម្ម Music Premium រួម​ទាំង​មាន​​អ្នក​ចុះ​ឈ្មោះ​ជាង 2លាន​នាក់ទៀត​ សម្រាប់​សេវាកម្ម​ទូរទស្សន៍​ផង​ដែរ។

នេះ​ គឺ​ជា​ការ​ប្រកាស​លើក​ដំបូង​​​បំផុត ក្នុង​ប្រវត្តិសាស្ត្រ​រយៈពេល 15ឆ្នាំ ដែល YouTube ស្ថិត​ក្រោម​ការ​កាន់​កាប់​របស់​ Google ចាប់​តាំង​ពី​ពេល​ដែល Google បានទិញ​វេបសាយ​នេះ​ក្នុង​ឆ្នាំ2006 ជា​មួយ​ទំហំ​ទឹក​ប្រាក់ 1.65ពាន់​លាន​ដុល្លារ។

ក្នុង​រយៈពេល 3ខែ​ចុង​ក្រោយ​នៃ​ឆ្នាំ2019 បណ្ដាញ YouTube អាច​រក​ប្រាក់​ចំណូល​បាន​ជិត 5ពាន់​លាន​ដុល្លារ ពី​ការ​ផ្សព្វផ្សាយ​ពាណិជ្ជកម្ម។ នេះ​បើ​តាម​ការ​បង្ហាញ​របស់​ Alphabet ដែល​ជា​ក្រុមហ៊ុន​មេ​របស់​ Google ដែល​មាន​បង្ហាញ​ក្នុង​របាយការណ៍​ចំណូល​ប្រចាំ​ត្រីមាស​ទី4។

Alphabet និយាយ​ថា ​ចំណូល​ពី​ផលិតផល​ទាំង​នោះ បាន​ដាក់​បញ្ចូល​ក្នុង​ផ្នែក “Other” ដែល​រក​ចំណូល​បាន 5.3ពាន់​លាន​ដុល្លារ នៅ​ត្រីមាស​ទី4 ឆ្នាំ2019 ហើយ​ក្នុង​នោះ​មាន​រាប់​បញ្ចូល​ Hardware ដូច​ជា​ទូរស័ព្ទ Pixel និង Speaker Google Home។ ដូច​នេះ​គេ​​មិន​អាច​​ដឹង​ច្បាស់​ពី​ចំណូល​​ជាក់​លាក់​នៃ​ផលិតផល​នីមួយៗ​នោះ​ទេ៕

Advertisement