Drone តាក់​ស៊ី​ហោះ​145​គម/ម៉ោង​ ​ចាប់ផ្ដើម​ដំណើរ​ការ​ដឹក​ទំនិញ​ហើយ​

Drone តាក់​ស៊ី​ហោះ​145​គម/ម៉ោង​ ​ចាប់ផ្ដើម​ដំណើរ​ការ​ដឹក​ទំនិញ​ហើយ​

ម៉ូដែល​តាក់​ស៊ី​ហោះ​ EHang នឹង​អាច​ដឹក​ទំនិញ​​ទៅ​ដល់​ផ្ទះ​របស់​ប្រជា​ជន​ ក្រោយ​ពី​ទទួល​បាន​លិខិត​អនុញ្ញាត​រកស៊ី​ពី​រដ្ឋាភិបាល​ចិន​។

ម៉ូដែល​តាកស៊ី​ហោះ​គ្មាន​មនុស្ស​បើក​របស់​ក្រុម​ហ៊ុន​បច្ចេក​វិទ្យា​ EHang នៅក្នុងខេត្ត​ក្វាងចូវ​​ ប្រទេស​ចិន​ បំពាក់​ម៉ាស៊ីន​រុញ​ច្រាន​ចំនួន​16​ ​អាច​ដឹក​ទំនិញ​ទម្ងន់​150​គីឡូក្រាម​​នៅក្នុង​ជើង​ហោះ​ហើរ​នីមួយ​ៗ​ ហើយ​អាច​ហោះ​ហើរ​ទៅ​ដល់​តំបន់​ដាច់​ស្រយាល​ និង​តំបន់​ភ្នំ​ទៀត​ផង​។ ក្រុម​ហ៊ុន​ EHang ឱ្យ​ដឹង​ថា drone ខ្នាត​ធំ​របស់​ពួកគេ​គឺជា​មធ្យោបាយ​ហោះ​ហើរ​ដឹក​អ្នក​ដំណើរ​ដោយ​ស្វ័យ​ប្រវត្ត​ ដែល​ដំណើរ​ការ​ដោយ​អគ្គិសនី​ដំបូង​គេ​បង្អស់​ក្នុង​ពិភពលោក​។

កាល​ពី​ថ្ងៃទី​27​ឧសភា​ ក្រុម​ហ៊ុន​ EHang បាន​ប្រកាស​ថា ពួកគេ​ទទួល​បាន​លិខិត​អនុញ្ញាត​ពី​រដ្ឋបាល​អាកាស​ចរណ៍​ស៊ីវិល​ចិន​ (CAAC/Civil Aviation Administration of China) រួច​ហើយ​ ដើម្បី​ប្រើ​ប្រាស់​ drone ដឹក​ទំនិញ​។ ដោយ​មាន​ល្បឿន​ 145​គម/ម៉ោង​​ ម៉ូដែល​តាក់ស៊ី​ហោះ​នេះអាច​ដឹក​ទំនិញ​ឆ្លង​កាត់​រវាង​តំបន់​វាល​រាបជាមួយ​នឹង​តំបន់​ភ្នំ​ ឬ​រវាង​តំបន់​ដី​គោក​ជា​មួយ​នឹង​តំបន់​​កោះ​នៅ​ទី​ក្រុង ​Taizhou នៅ​ក្នុង​ការ​ហោះ​ហើរ​សាកល្បង​កន្លង​មក​។

ក្រុម​ហ៊ុន​ EHang បាន​ចែក​រំលែកវីដេអូ​បង្ហាញ​អំពី​ម៉ូដែល​តាក់ស៊ី​ហោះ EHang 216 ហោះ​ហើរ​ឆ្លង​កាត់​ផ្ទៃ​សមុទ្រ​ និង​ខ្នង​ភ្នំ​នានា​។ Drone នេះ​ត្រូវ​បាន​ហោះ​ហើរ​សាកល្បង​ជា​លើក​ដំបូង​​នៅ​អឺរ៉ុប​កាល​ពី​ខែ​មេសា​2019​។ EHang 216 អាច​ដឹក​ភ្ញៀវ​ចំនួន​2​នាក់​ក្នុង​ពេល​តែ​មួយ​។

កាល​ពី​ខែ​ឧសភា​2020 ក្រុម​ហ៊ុន​ EHang បាន​ចុះ​កិច្ច​ព្រម​ព្រៀង​ជាមួយ​នឹង​សណ្ឋាគារ​ LN Garden Hotel នៅ​ខេត្ត​ក្វាង​ចូវ​ដើម្បី​ផ្ដល់​សេវាកម្ម​ដឹក​អ្នក​ទេសចរ​​​ក្នុង​អនាគត​ដ៏ខ្លី​ខាងមុខ​។ បច្ចុប្បន្ន អាជ្ញាធរ​ចិន​មិន​ទាន់​​ផ្ដល់​​លិខិត​អនុញ្ញាត​ឱ្យ​ក្រុម​ហ៊ុន​នេះ​ដឹក​អ្នក​ដំណើរ​នៅ​ឡើយ​។ ប៉ុន្តែ ការ​ទទួល​បាន​លិខិត​អនុញ្ញាត​ឱ្យ​ដឹក​ទំនិញ​គឺជា​ជំហាន​ដ៏​ជោគ​ជ័យ​មួយ​សម្រាប់​ក្រុម​ហ៊ុន​បច្ចេក​វិទ្យា​​ EHang៕

ប្រភព៖ Fox News

Advertisement