យានអវកាសចិន បើកលើផ្នែកងងឹតបំផុត លើពិភពព្រះចន្ទ បានចម្ងាយ 463.26 ម៉ែត្រហើយ

កាលពីថ្ងៃទី28 ខែមិថុនា ឆ្នាំ​2020 នៅក្នុងសេចក្ដី​ប្រកាស​របស់​រដ្ឋបាល​អវកាស​ចិន បាន​រាយការណ៍​ថា រយៈពេល​ 1ឆ្នាំកន្លះមកនេះ យាន Yutu-2 នៃបេសកកម្ម​ Chang’e-4 បាន​បើកបរ​នៅ​លើផ្ទៃដី​ផ្នែកម្ខាង​ទៀត​នៃពិ​ភពព្រះចន្ទ (តំបន់​ងងឹត​ដែល​មនុស្ស​លើ​ផែនដី​មិនអាច​មើលឃើញ និង​ជា​តំបន់​ដែល​មិនទាន់​មាន​ប្រទេស​ណា​បញ្ជូន​យាន​អវកាស​ទៅដល់) បាន​ចម្ងាយ 463.26ម៉ែត្រ​ហើយ។

រដ្ឋបាលអវកាស​ចិន​ បាន​សម្រេច​ជោគជ័យ​លើក​ដំបូង​ជា​ប្រវត្តិសាស្រ្ត​ ក្នុងការ​ចុះចត​យាន​ Yutu-2 លើផ្ទៃដី​ពិភពព្រះចន្ទ​ខាងលើ​នេះ កាលពី​ថ្ងៃទី​3 ខែ​មករា ឆ្នាំ​2019 ដើម្បី​រុករករ៉ែ និង​សិក្សាពី​រចនាសម្ព័ន្ធ​ និងគំរូនានា។

ប្រតិបត្តិការ​របស់​យាន​នេះ នឹង​ជួយឱ្យអ្នក​វិទ្យាសាស្រ្ត​ដឹងអំពី​អាថ៌កំបាំង​នានា​ ដែល​ស្ថិតក្រោមដី​​ព្រះចន្ទ​នៅតំបន់ងងឹតនោះ ការប៉ះទង្គិច​គ្នា​រវាងពិភពព្រះចន្ទ និង​វត្ថុដទៃទៀត សកម្មភាពភ្នំភ្លើង និង​ការវិវឌ្ឍ​ភូគព្ភសាស្រ្តលើពិភពមួយនេះ​ជាដើម។

ចិន​​ ក៏គ្រោងនឹង​បាន​បង្ហោះយានអវកាស Chang’e-5 ដើម្បី​នាំយកគំរូ​ដែល Yutu-2 ប្រមូលបាន​ពីពិភពព្រះចន្ទ មកផែនដី នៅចុងឆ្នាំនេះផងដែរ៕

Advertisement