TikTok និង WeChat ជាកម្មវិធីមួយ ក្នុងចំណោម 59កម្មវិធី ដែលជាប់ឈ្មោះក្នុង Blacklist ឈប់ឱ្យប្រើនៅ ឥណ្ឌា

យ៉ាងហោចណាស់ ក៏មាន​កម្មវិធី​ចំនួន 59ដែរ  ដែល​នឹងត្រូវ​ប្រកាស​ឱ្យ​ឈប់​ប្រើប្រាស់​នៅ​ប្រទេស​ឥណ្ឌា ក្នុងនោះ​ក៏មាន TikTok និង WeChat ផងដែរ។

ក្នុង​រយៈពេល​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយនេះ ប្រទេស​ឥណ្ឌា​បាន​លេចមុខ និង​ក្លាយជា​អ្នក​ច្នៃប្រឌិត​ឈានមុខ​គេ នៅពេល​និយាយ​ពី​ការ​ជឿនលឿន​ផ្នែក​បច្ចេកវិទ្យា និង​ជាទី​ផ្សារ​ចម្បង​នៅក្នុង​លម្ហ​ឌីជីថល។

តែថ្មីៗនេះ ក្រសួង​បច្ចេកវិទ្យា​ព័ត៌មាន​របស់​ប្រទេស​ឥណ្ឌា បានធ្វើការ​ហាមឃាត់ ឈប់​ឱ្យប្រើ​ប្រាស់​កម្មវិធី​ទូរស័ព្ទ​ចំនួន 59កម្មវិធី ដែលមាន​នៅលើ​ប្រព័ន្ធ​ប្រតិបត្តិការ Android និង​ប្រព័ន្ធ​ប្រតិបត្តិការ iOS ក្រោយពី​ពិនិត្យឃើញថា មានគុណ​វិបត្តិ​ជាច្រើន ពាក់ព័ន្ធ​នឹង​កម្មវិធី​ទាំងអស់នេះ ដែល​ភាគច្រើន​ត្រូវបាន​ដាក់ឱ្យ​ប្រើប្រាស់​សម្រាប់​ផ្សព្វផ្សាយ​ពាណិជ្ជកម្ម និង​ដើម្បី​បម្រើ​ផលប្រយោជន៍​ឱ្យ​ក្រុមហ៊ុន​ពួកគេ​តែប៉ុណ្ណោះ ហើយ​ម្យ៉ាងទៀត កម្មវិធី​នេះ​អាចធ្វើឱ្យ​ប៉ះពាល់​ដល់​សិទ្ធិ​បុគ្គល ក៏ដូចជា​សិទ្ធិ​ថ្នាក់ដឹកនាំ ក្នុងការ​លួច​ទាញយក​ទិន្នន័យ​ទៀតផង។

នាយកដ្ឋាន​ប្រឆាំង​បទល្មើស​បច្ចេកវិទ្យា ក៏​ទើបតែ​បាន​ផ្សព្វផ្សាយ​កាលពី​សប្ដាហ៍​កន្លងទៅ​ដែរ ទាក់ទង​នឹង​កម្មវិធី Tiktok ដែល​បាន​ទាញយក​ទិន្នន័យ​ឯកជន​ភាព​ពី Clipboards របស់​អ្នកប្រើប្រាស់​ដោយ​គ្មាន​ការអនុញ្ញាត​ពី​ពួកគេ។ ការទាញយក​ទិន្នន័យ​នេះ គឺជា​ការរំលោភ​សិទ្ធិ​បុគ្គល​យ៉ាងធ្ងន់ធ្ងរ ព្រោះ​ទិន្នន័យ​ដែល​ពួកគេ​ទាញយក​នោះ​អាចជា លេខ​សម្ងាត់ ឬ​លេខ​គណនី​ដែលនាំឱ្យ​មានការ​ជ្រៀតចូលផ្សេងៗទៀត​ដោយ​ពុំមាន​ការអនុញ្ញាត។

ដើម្បី​ចៀសវាង​ការ​លួច​ទាញយក​ទិន្នន័យ​ពី​កម្មវិធី​ណាមួយ​នោះ នាយកដ្ឋាន​ប្រឆាំង​បទល្មើស​បច្ចេកវិទ្យា សូមឱ្យ​លោកអ្នក​ទាញយក​តែ​កម្មវិធី​ណា​ដែល​លោកអ្នក​ត្រូវការ ហើយ​លុប​កម្មវិធី​ទាំងនោះ​ចោល​វិញ នៅពេលដែល​លោកអ្នក​ឈប់​ប្រើប្រាស់ ព្រោះ​កម្មវិធី​ខ្លះ នៅតែមាន​ដំណើការ​រហូត បើទោះជា​លោកអ្នក​ឈប់​ប្រើ​វា​ហើយ​ក៏ដោយ៕

ប្រភព៖ នាយកដ្ឋាន​ប្រឆាំង​បទល្មើស​បច្ចេកវិទ្យា

Advertisement