ការសិក្សាថ្មី បង្ហាញថា សាកថ្មទូរស័ព្ទទុកចោល 1យប់ មិនធ្វើឱ្យឆាប់ខូចទេ

រៀងរាល់​យប់ មុនពេល​បិទ​ភ្នែក​គេង យុវវ័យ​ប​ច្ចប្ប​ន្ន និយម​ចុច​ទូរស័ព្ទ​បណ្តើរ សាក​ភ្លើង​បណ្តើរ មានពេលខ្លះ​គេង​លក់​ចោល​ទូរស័ព្ទ ហើយ​ឱ្យ​វា​សាក​ចោល​ពេញ 1យប់​ទល់​ភ្លឺ​ក៏មានដែរ រហូត​មាន​អ្នកខ្លះ​បានធ្វើ​សកម្មភាពដដែលៗនេះ ទៅជា​ទម្លាប់​ប្រចាំថ្ងៃ​ទៀតផង។

នាពេល​បច្ចុប្បន្ននេះ ការ​សាក​ថ្ម​ទុកចោល​ពេញ 1យប់ មិន​ធ្វើឱ្យ​ខូច​ថ្ម​នោះទេ។ ហេតុនេះហើយ​ទើប​សកម្មភាព​នេះ ត្រូវបាន​គេ​លើក​យកមក​និយាយ និង​មានការ​បកស្រាយ​បែប​វិទ្យាសាស្ត្រ​ផងដែរ។

ចំណេះដឹងទូទៅអំពីថ្មទូរស័ព្ទ៖ ជាទូទៅ ប្រភេទ​ថ្ម​ដែល​បំពាក់​លើ​ស្មា​ត​ហ្វូ​ន​បច្ចុប្បន្ន ទាំង iPhone ឬ Android Phone ភាគច្រើន ជា​ប្រភេទ​ថ្ម Lithium-ion (Li-ion)។ Li-ion ជា​ប្រភេទ​ថ្ម​ជំនាន់​ថ្មី​ដែលមាន​សមត្ថភាព​អាច​សាក​បាន​លឿន​ជាង​ជំនាន់​ចាស់(ជំនាន់​ចាស់​គេ​ប្រើ​ថ្ម rechargeable)។

ថ្ម Li-ion រួមជាមួយ​នឹង​ការបំពាក់​បច្ចេកវិទ្យា​លើ​ខ្សែ​សាក​ដែល​បញ្ជូន​ថាមពល​បាន​លឿន​ដូចគ្នា​ផង​នោះ ធ្វើឱ្យ​ស្មា​ត​ហ្វូ​ន​របស់​អ្នក ចំណាយពេល​តែ​កន្លះ​ម៉ោង អាច​សាក​បាន​ដល់ 50% ឬ 80% ផង​ក៏មានដែរ។ បើ​សាក​លឿន​យ៉ាង​នេះហើយ ចាំបាច់​អី​ទៅ​ដោត​ទុកចោល​ពេញ 1យប់​ទៀត?

ពិត​ហើយ ទាំង​គេ ទាំង​យើង​កាន់​ទូរស័ព្ទម្ដងៗ ចុច​បើក​មុខងារ​ច្រើន​ក្នុងពេល​តែមួយ ដូចជា លេង​ឆាត ប្រើប្រាស់​កម្មវិធី លេង​ហ្គេម មើល​វីដេអូ ឬ​ស្ដាប់​ចម្រៀង​ជាដើម។ ប្រការ​នេះហើយ​ដែល​ធ្វើឱ្យ​ថ្ម​ទូរស័ព្ទ មិនអាច​ទ្រាំ​បាន​ដល់​ពេញ 1ថ្ងៃ ទាមទារ​ឱ្យ​អ្នក​ប្រើ​ត្រូវ​សាក​ភ្លើង​ច្រើនដង​ក្នុង 1ថ្ងៃ រហូត​ជ្រុល​ដល់​យប់ និង​ដល់​ភ្លឺ​ទៀតផង។

**តើ​ការ​សាក​ទូរស័ព្ទ​ទុកចោល​ពេញ 1យប់ អាចធ្វើឱ្យ​ឆាប់​ខូច​ថ្ម ឬ​ធ្វើឱ្យ​ខ្ជះខ្ជាយ​ថាមពល ខណៈ​ថ្ម​សាក​ពេញ​រួចហើយ​ដែរឬទេ?

លោក Kyle Wiens អ្នកជំនាញ​មកពី iFixit បាន​ច្រានចោល​ការលើកឡើង​នេះ​ដោយ​លោក​បញ្ជាក់ថា ការ​សាក​ថ្ម​ទុកចោល​ពេញ 1យប់ មិន​ធ្វើឱ្យ​ខូច​ថ្ម​នោះទេ។ គ្រប់យ៉ាង​ពាក់ព័ន្ធ​នឹង Cycle Count សំដៅលើ​កម្រិត​ប្រើប្រាស់​ថាមពល​ថ្ម។ Cycle Count ជា​ចំនួន​សាក​ថាមពល​ថ្ម​ពេញលេញ​របស់​ស្មា​ត​ហ្វូ​ន គិតពី 0 ដល់ 100% ស្មើ1ជុំ។

ជាធម្មតា ថ្ម​ស្មា​ត​ហ្វូ​ន​ភាគច្រើន​មាន​អាយុកាល 400ជុំ ដែល​អាច​ប្រើប្រាស់​បាន​រយៈពេល​ប្រហែល 1ឆ្នាំកន្លះ នៅ​កាន់​ថ្ម​បានល្អ។ ការ​សាក​ថ្ម​ទុកចោល​ពេលយប់ មិន​ប៉ះពាល់​ដល់​ចំនួន​ជុំ ដូច​ការប្រើ​ទូរស័ព្ទ​ធម្មតា​នោះឡើយ ដោយសារ​ស្មា​ត​ហ្វូ​ន​ភាគច្រើន​មាន Chip អាច​ការពារ​ចរន្ត​បន្ថែម ពេល​ថាមពល​ថ្ម​ពេញ។

ប៉ុន្តែ​មាន​ចំណុច​មួយ ដែល​អាចមាន​បញ្ហា​ពេល​សាក​ថ្ម​ទុកចោល​នោះ គឺ​សីតុណ្ហភាព។ ថ្ម​ប្រភេទ Lithium ភាគច្រើន អាច​ឆាប់​ខូចគុណភាព ដោយសារ​កម្ដៅ​ខ្លាំង៕

Advertisement