Google Photos នឹងឈប់ Backup រូបភាពពីការផ្ញើសារ តាមបណ្ដាញសង្គមស្វ័យប្រវត្តិ

រាល់​រូបភាព​ដែល​លោកអ្នក​បាន​ថត​តាមរយៈ​ទូរស័ព្ទ ឬ​ផ្ញើ​តាម​កម្មវិធី​ផ្ញើ​សារផ្សេងៗ ក៏ដូចជា​កម្មវិធី​បណ្ដា​ញ​សង្គម​ផងដែរ​នោះ វា​ត្រូវបាន​រក្សាទុក​នៅក្នុង Cloud របស់ Google ប៉ុន្តែ​មាន​អ្នកខ្លះ​មិនបាន​ដឹង​ពី​រឿងនេះ​ទេ។

សារៈប្រយោជន៍​នៃ​ការរក្សា​ទុក​រូបថត​នៅលើ Cloud ដោយ​ស្វ័យប្រវត្តិ គឺ​វា​ធ្វើឱ្យមាន​ភាពងាយស្រួល​ក្នុងការ​ទាញយក​មកវិញ ផ្ទុយទៅវិញ វា​ក៏មាន​ផល​ពិបាក​ជាមួយគ្នា​ផងដែរ ពេលដែល​យើង​រក្សាទុក​ច្រើនពេក។ ថ្មីៗនេះ ក្រុមហ៊ុន Google បានធ្វើការ​កែសម្រួល​នៅលើ​កម្មវិធី Google Photos ដោយ​បិទ​ការ Backup រូបភាព​ដោយ​ស្វ័យប្រវត្តិ ដែលមាន​នៅក្នុង​ប្រអប់ (Folder) របស់​កម្មវិធី​ផ្ញើ​សារ និង​កម្មវិធី​បណ្ដាញ​សង្គមផ្សេងៗមួយចំនួនទៀត ហើយ​ជាមួយគ្នានេះដែរ Google ក៏បាន​បង្កើត​ប៊ូ​តុង​បិទ​សំឡេង​មួយ​សម្រាប់​វីដេអូ​ទៀតផង។

មូល​ហេតុដែល​ធ្វើឱ្យ​ក្រុមហ៊ុន Google សម្រេច​ធ្វើបែបនេះ ក៏​ដោយសារតែ​មានការ​ចែករំលែក​រូបភាព និង​វីដេអូ​ជាច្រើន​លើសលុប​ក្នុងអំឡុងពេល​នៃ​ការ​រាតត្បាត​របស់​ជំងឺ​កូ​វីដ-19។ ការកែសម្រួល​នេះ មាន​ផលប៉ះពាល់​ដល់​កម្មវិធី​មួយចំនួន​ដូចជា: Facebook, Helo, Instagram, LINE, Messages, Messenger, Snapchat, Twitter, Viber និង WhatsApp។

ទោះបី​ជាការ Backup រូបភាព​នៅក្នុង Cloud វា​ធ្វើឱ្យមាន​ភាពងាយស្រួល​ក្នុងការ​រក្សាទុក និង​ទាញយក​មកវិញ​ក៏ពិតមែន ក៏ប៉ុន្តែ នាយកដ្ឋាន​ប្រឆាំង​បទល្មើស​បច្ចេកវិទ្យា សូម​ធ្វើ​ការណែនាំ​លោកអ្នក​ថា បើសិនជា​គិតថា រូបថត វីដេអូ ឬ​ឯកសារ​ណាមួយ ជា​រឿង​សម្ងាត់​ដែលមាន​សារៈសំខាន់ និង​មិន​ចង់ឱ្យ​អ្នកដទៃ​ឃើញ​ទេនោះ សូមកុំ​ធ្វើការ Backup ទៅក្នុង Cloud អី។

ប្រសិនបើ​លោកអ្នក​ចង់​បើក ឬ​បិទ​មុខងារ​នេះ ខាងក្រោម​នេះ គឺជា​របៀប​ដើម្បី​ធ្វើ​ការបើក-បិទ៖

  1. បើក​កម្មវិធី Google Photos
  2. វាយ​ឈ្មោះ និង​លេខ​សម្ងាត់​ដើម្បី​ចូលក្នុង​គណនី
  3. នៅ​ខាងលើ ផ្នែក​ខាងស្ដាំ ចុច​លើ​រូប ឬ​អក្សរ របស់​ប្រូ​ហ្វា​ល
  4. ចុច​លើ​រូប​សញ្ញា Settings ហើយ​ចុច​លើ​ពាក្យ “Back up & sync”
  5. ត្រង់ “Back up & sync” ចុច​យក បើក ឬ​បិទ៕

ប្រភព៖ នាយកដ្ឋាន​ប្រឆាំង​បទល្មើស​បច្ចេកវិទ្យា

Advertisement