Microsoft អាប់ឌែតកម្មវិធីដោយស្ងាត់ៗ ការពារភាពងាយរងគ្រោះដល់អ្នកប្រើ Windows 10

ក្រុមហ៊ុន Microsoft បាន​បញ្ចេញ​ការធ្វើ​បច្ចុប្បន្នភាព​មុន​កាលកំណត់ ដើម្បី​ការពារ​លើ​ផ្នែក​សុវត្ថិភាព​របស់​អ្នកប្រើប្រាស់ Windows 10។ កាលពី​ម្សិលមិញ​នេះ​ក្រុមហ៊ុន Microsoft បានចេញ​ការធ្វើ​បច្ចុប្បន្នភាព​កម្មវិធី​ដោយស្ងាត់ៗ ដើម្បី​ការពារ​ភាព​ងាយ​រងគ្រោះ​ផ្នែក​សុវត្ថិភាព​ដែល​អាចធ្វើ​ឱ្យមាន​ផលប៉ះពាល់​ដល់​អ្នកប្រើប្រាស់​ប្រព័ន្ធ​ប្រតិបត្តិការ Windows 10 និង Server editions រាប់រយ​លាន​នាក់​ទូទាំង​ពិភពលោក។

ការធ្វើ​បច្ចុប្បន្នភាព​នេះ ត្រូវបាន​បញ្ចេញ 2សប្តាហ៍​មុន​កាលកំណត់​ដែល​ក្រុមហ៊ុន​គ្រោង​នឹងធ្វើ​បច្ចុប្បន្នភាព​នៅ​ថ្ងៃ​អង្គារ ទី14 ខែកក្កដា ខាងមុខនេះ។

ភាព​ងាយ​រងគ្រោះ​ខាង​ផ្នែក​សន្តិសុខ​នេះ គឺ​វា​ទាក់ទង​ទៅនឹង Windows Codecs Library របស់ Windows និង​ឯកសារ​វីដេអូ​ដែល​ជនខិលខូច​អាច​បោក​បញ្ឆោត​អ្នកប្រើប្រាស់ ឱ្យ​ទាញយក​ពី​អ៊ី​ន​ធើ​ណិ​ត​ដោយ​បង្កប់​មកជា​មួយ​នូវ​មេរោគ ដែល​អាចធ្វើឱ្យ​ពួកគេ​គ្រប់គ្រង​កុំព្យូទ័រ​បាន​ទាំងស្រុង។ សម្រាប់​លោកអ្នក​ដែល​ពុំទាន់​បានដឹងថា អ្វី​ទៅ​ដែល​ហៅថា Codecs នោះ យើង​ចង់​ជម្រាបជូន​ដូចតទៅ Codecs គឺជា​បណ្តុំ​ប្រព័ន្ធ​ស្តង់ដា​សម្រាប់​ជួយ​ឱ្យ​ប្រព័ន្ធ​ដំណើរការ Windows អាច​បើក​ឯកសារ​ជា​សំឡេង និង​វីដេអូ​បាន។

ដោយសារតែ​ក្រុមហ៊ុន Microsoft ពុំមាន​វិធី​អ្វី​ផ្សេង​ក្រៅពី​ដាក់ចេញ​ការធ្វើ​បច្ចុប្បន្នភាព​ជាបន្ទាន់​នោះ ដូច្នេះហើយ​ទើប​អាច​បញ្ជាក់បាន​ថា រឿងនេះ​ក៏​ជា​បញ្ហា​ធំ​គួរសម​មួយ​ដែរ។

នាយកដ្ឋាន សូមឱ្យ​អ្នកប្រើប្រាស់​ធ្វើ​បច្ចុប្បន្នភាព​នេះ​តាមរយៈ Microsoft Store ឱ្យបាន​ឆាប់រហ័ស ដើម្បី​ចៀសវាង​ពី​ការវាយប្រហារ បើទោះបីជា​គេ​ពុំទាន់​រកឃើញ​ការវាយប្រហារ​នាពេល​បច្ចុប្បន្ន​នេះ​នៅឡើយ​ក្ដី៕

ប្រភព៖ នាយកដ្ឋាន​ប្រឆាំង​បទល្មើស​បច្ចេកវិទ្យា

Advertisement