ក្រុមឧក្រិដ្ឋជន ប្រើកម្មវិធីផ្ញើសារបែប (encrypted) ចែកចាយគ្រឿងញៀន តែប៉ូលិសអង់គ្លេស នៅតែចាប់បានដដែល

បច្ចេកវិទ្យា​កំពុងតែ​មានការ​រីកចម្រើន​យ៉ាងខ្លាំង ដើម្បី​គាំទ្រ​ដល់​ភាពងាយស្រួល​ក្នុង​ការរស់នៅ​ជាមួយនឹង​បច្ចេកវិទ្យាទំនើបៗទាំងនោះ តែ​ទន្ទឹមនឹង​ការរីកចម្រើន​នៃ​បច្ចេកវិទ្យា​នេះ វា​ក៏បាន​ធ្វើឱ្យ​កើតមាន​បទល្មើស​បច្ចេក​វិទ្យា​កាន់តែច្រើន​ផងដែរ។

ទាក់ទង​នឹង​រឿងនេះ ថ្មីៗនេះ​នៅ​សហភាព​អឺរ៉ុប ក្រុម​ឧក្រិដ្ឋជន​បាន​ប្រើ​កម្មវិធី​ផ្ញើ​សារ​អ៊ី​ន​គ្រីប Encrochat ដើម្បី​ធ្វើការ​ពិភាក្សា​ការជួញដូរ​គ្រឿងញៀន អំពើ​ឃាតកម្ម និង​ផែនការ​ចាប់ជំរិត​ទារប្រាក់​ជាដើម។

ដោយសារតែ​ក្រុម​ឧក្រិដ្ឋជន​ទាំងនេះ​គិតថា សារ​របស់​ពួកគេ​ត្រូវបាន​អ៊ី​ន​គ្រីប (encrypted) នៅលើ​ឧបករណ៍​ហើយ​នោះ ពួកគេ​បាន​និយាយ​ដោយ​បើកចំហ និង​ចរចា​កិច្ចព្រមព្រៀង​របស់​ពួកគេ​យ៉ាង​លម្អិត ទាក់ទង​នឹង​បញ្ជី​តម្លៃ ឈ្មោះ​អតិថិជន ឬ​មុខសញ្ញា ព្រមទាំង​ឯកសារ​បញ្ជាក់​ចំពោះ​ថ្នាំ​មួយចំនួនធំ ដែល​ពួកគេ​បាន​លក់ ប៉ុន្តែ​អ្វីដែល​ពួកគេ​ពុំបាន​ដឹង​នោះ គឺ​ការពិត ក្រុម​សមត្ថកិច្ច បាន​បញ្ចូល​កម្លាំង​ដើម្បី​តាមដាន​និង​ប្រមូល​ព័ត៌មាន​ពួកគេ​រួចស្រេច​ទៅហើយ។

ក្រោយពី​បាន​ឃ្លាំមើល​អស់​ជាច្រើន​ខែ និង​បាន​ប្រមូល​សារ បាន​ប្រមាណ​ជាជាង 100លាន​សារ ដែល​បាន​ផ្ញើ​តាមរយៈ Encrochat ក្រុម​សមត្ថកិច្ច​នៃ​ប្រទេស​អង់គ្លេស បាន​តាម​ចាប់ខ្លួន​ក្រុម​អ្នក​ចែកចាយ​គ្រឿងញៀន​ដែលមាន​មូលដ្ឋាន​នៅ​ចក្រភព​អង់គ្លេស បានជា​បន្តបន្ទាប់​ចាប់​តាំងពីដើម​ឆ្នាំនេះ។

ស្របពេល​ជាមួយគ្នានេះដែរ អាជ្ញាធរ​បារាំង​ក៏បាន​ធ្វើការ​ជ្រៀតចូល​ក្នុង​បណ្តាញ Encrochat ដោយបាន​ប្រើ​សិទ្ធិ​ក្នុង​ការដំឡើង​ឧបករណ៍​បច្ចេកទេស​នៅក្នុង​នោះ ជា​ប្រតិបត្តិការ​លួច​ស្តាប់ ហើយ​តាមដាន​យ៉ាង​ស្ងៀមស្ងាត់​នូវ​ទំនាក់ទំនង​របស់​អ្នកប្រើប្រាស់​អស់​រយៈពេល​ជាច្រើន​ខែ​មកហើយ​ដែរ។

បន្ទាប់មក​ទើប​ក្រុម​អ្នកស៊ើប​អង្កេត​បាន​ចែករំលែក​សារ​ទាំងនោះ​ទៅកាន់​ភ្នាក់ងារ​នានា​នៅ​អឺរ៉ុប​ជា​បន្តទៀត ដែលនាំឱ្យ​មានការ​ចាប់​ខ្លួន​ជនល្មើស​ជា​បន្តបន្ទាប់។

**ដូច្នេះ ក្រុម​ឧក្រិដ្ឋជន កុំ​គិតថា បាន​ប្រើ​កម្មវិធី​ផ្ញើ​សារ​អ៊ី​ន​គ្រីប Encrochat ហើយ អាច​រួច​ផុតពី​ក្រញាំដៃ​ក្រុម​សមត្ថកិច្ច​ឱ្យសោះ!**

នាយកដ្ឋាន​ប្រឆាំង​បទល្មើស​បច្ចេកវិទ្យា ក៏​សូមឱ្យ​ប្រជាពលរដ្ឋ​ទាំងអស់​ប្រើ​បណ្ដាញ​សង្គម​ដោយមាន​ការទទួលខុសត្រូវ កុំ​បង្ហោះ​ឬ​ចែកចាយ​ព័ត៌មាន​ក្លែងបន្លំ និង​មិនត្រូវ​ប្រើប្រាស់​បច្ចេកវិទ្យា​ដើម្បី​ប្រព្រឹត្ត​បទល្មើស​ឡើយ។

កាលពីពេលថ្មីៗនេះ នាយកដ្ឋាន​បាន​ឃាត់ខ្លួន​ជនសង្ស័យ​ម្នាក់ ពាក់ព័ន្ធ​ករណី​ចែកចាយ​រូបភាព និង​វីដេអូ​អាសអាភាស នៅក្នុង​បណ្តាញ​សង្គម​ហ្វេ​ស​ប៊ុ​ក និង​បណ្តាញ​ទំនាក់ទំនង Telegram ហើយ​បាន​បញ្ជូនទៅ​សាលាដំបូង​រាជធានី​ភ្នំពេញ​ដើម្បី​ចាត់វិធានការ​តាមផ្លូវ​ច្បាប់៕

Advertisement