ប្រទេស​ចំនួន​3​នឹង​​​បញ្ជូន​យាន​អវកាស​ទៅកាន់​ផ្កាយ​​ព្រះអង្គារ​នៅ​ក្នុង​ខែ​នេះ​

ប្រទេស​ចំនួន​3​នឹង​​​បញ្ជូន​យាន​អវកាស​ទៅកាន់​ផ្កាយ​​ព្រះអង្គារ​នៅ​ក្នុង​ខែ​នេះ​

សហរដ្ឋ​អាមេរិក ប្រទេស​ចិន​ និង​អារ៉ាប់​រួម​ កំពុង​ឆ្លៀត​យក​ឱកាស​ដ៏​ល្អ​បំផុត​ក្នុង​ឆ្នាំ​នេះ​ដើម្បី​បញ្ជូន​យាន​អវកាស​ទៅ​ស្រាវ​ជ្រាវ​ពិភព​ព្រះ​អង្គារ​ ដើម្បី​ត្រួស​ត្រាយ​ផ្លូវ​សម្រាប់​ការ​បញ្ជូន​មនុស្ស​ទៅ​រស់​នៅ​លើ​ភព​ក្រហម​នេះ​។

ទីតាំង​និង​រយៈ​ចម្ងាយពី​ផែន​ដី​ទៅកាន់​ពិភពព្រះអង្គារ​មិន​មែន​សុទ្ធ​តែ​ដូចគ្នា​គ្រប់​ពេល​នោះ​ទេ​ ដូច្នេះ​ដំណាក់កាល​ដែល​ល្អ​បំផុត​សម្រាប់​ហោះពី​ផែន​ដី​ទៅ​កាន់​ភព​ក្រហម​នេះ​ គឺ​មាន​តែ​ម្ដង​គត់​ក្នុង​រយៈ​ពេល​26​ខែ​។ ចាប់​ពី​ខែ​កក្កដា​ដល់​ខែ​សីហា​ឆ្នាំ​នេះ គឹជា​ដំណាក់​កាល​ល្អ​បំផុត​ដែល​មិន​អាច​រំលង​បាន​។ យ៉ាង​នេះ​ហើយ​ទើប​សហរដ្ឋ​អាមេរិក​ ប្រទេស​ចិន​ និង​អារ៉ាប់​រួម​ សុទ្ធ​តែ​សម្រេច​ចិត្ត​បាញ់​បង្ហោះ​យាន​អវកាស​របស់​ខ្លួន​ទៅ​កាន់​ផ្កាយ​ព្រះអង្គារ​នៅក្នុង​ដំណាក់​កាល​នេះ​។ ចំនួន​និង​កម្រិត​នៃ​ភាព​ស្មុគ​ស្មាញ​របស់​បណ្ដា​បេសក​កម្ម​ បាន​បង្ហាញថា ពិភពព្រះអង្គារពិត​ជា​មាន​សារ​សំខាន់​ដ៏ធំធេង​ក្នុង​ការ​រុក​រក​ក្នុង​ទីអវកាស​របស់​មនុស្ស​ជាតិ​។ នេះ​បើ​តាម​ការ​ចេញ​ផ្សាយ​កាលពី​ថ្ងៃទី​6​កក្កដា​របស់​សារ​ព័ត៌មាន​ Futurism។

ទីភ្នាក់​ងារ​អវកាស​អាមេរិក (NASA) មានគម្រោង​បញ្ជូន​រ៉ូបូត​ Perseverance​ ទៅកាន់​ឋាន​ព្រះអង្គារ​នៅក្នុង​ដំណាក់​កាល​ចាប់​ពី​ថ្ងៃទី​30​កក្កដា​ ដល់​ថ្ងៃ​ទី​15​សីហា​ខាងមុខ​។ Perseverance នឹង​ចុះ​ចត់​ត្រង់​រណ្ដៅ​ Jezero ដែលមាន​ទំហំ​45​គីឡូម៉ែត្រ​នៅ​ថ្ងៃទី​18​កុម្ភៈ​​2021​។ រ៉ូបូត​នេះ​មាន​ភារកិច្ច​តាម​រក​ដាន​នៃ​សភាវ​រស់​នៅលើ​​ឋាន​ព្រះអង្គារ​ ហើយ​ប្រមូល​យក​សំណាក​ដី និង​ធ្វើ​ការ​សិក្សា​ស្រាវ​ជ្រាវ​មួយ​ចំនួន​ផ្សេង​ទៀត​។ រ៉ូបូត​នេះ​ក៏នឹង​នាំយក​ឧទ្ធម្ភាគ​ចក្រ​ស្វ័យ​ប្រវត្តិ​ខ្នាត​តូច​​ Ingenuity ទៅ​ជាមួយ​វា​ផងដែរ​។ ឧទ្ធម្ភាគ​ចក្រ​ស្វ័យ​ប្រវត្តិ​ខ្នាត​តូច​​ Ingenuity ​នឹង​ក្លាយ​ជា​ឧករណ៍​ហោះ​ហើរ​ឡើង​ដំបូង​គេ​បង្អស់​នៅ​ភព​ដទៃ​ក្រៅពី​ផែន​ដី​។

ប្រទេស​ចំនួន​3​នឹង​​​បញ្ជូន​យាន​អវកាស​ទៅកាន់​ផ្កាយ​​ព្រះអង្គារ​នៅ​ក្នុង​ខែ​នេះ​
Perseverance នឹង​ចុះ​ចត់​ត្រង់​រណ្ដៅ​ Jezero ដែលមាន​ទំហំ​45​គីឡូម៉ែត្រ​នៅ​ថ្ងៃទី​18​កុម្ភៈ​​2021​

សហរដ្ឋ​អាមេរិក​ធ្លាប់​បាន​បញ្ជូន​យាន​ទៅ​កាន់​ពិភពព្រះអង្គារ​ជា​ច្រើនលើក​មក​ហើយ​ ក្នុង​នោះ Mariner 4 គឺជា​យាន​អវកាស​ដំបូង​ដែល​បាន​ធ្វើការ​ហោះ​ហើរ​ទៅក្បែរ​ពិភព​ក្រហម​ដោយ​ជោគ​ជ័យ​កាល​ពី​ឆ្នាំ​1965​។​ ការ​បញ្ជូន​យាន​ទៅ​កាន់​ភព​ព្រះអង្គារ​កន្លង​មក​ រួម​នឹង​បេសកកម្ម​ក្នុង​ឆ្នាំ​នេះ គឺជា​ការ​ត្រៀម​លក្ខណៈ​សម្រាប់​បញ្ជូន​មនុស្ស​ឡើង​ទៅ​ជាន់​ដី​ផ្កាយ​ព្រះអង្គារ​នា​ពេល​ខាងមុខ​។ ក្រៅ​ពី​ NASA ក៏មាន​ក្រុម​ហ៊ុន​ឯក​ជន​មួយ​កំពុង​ប្រឹង​ប្រែង​ដើម្បី​សម្រេច​គោល​ដៅ​ខាង​លើ​នេះ​ដែរ​ នោះ​គឺ​ក្រុម​ហ៊ុន​ SpaceX របស់​ជនជាតិ​អាមេរិកាំង​ដើម​កំណើត​អាហ្វ្រិក​ លោក​ Elon Musk។

ចំណែក​ប្រទេស​ចិន​ឯណោះ​វិញ ក៏មិន​ព្រម​ចាញ់​អាមេរិកាំង​នោះ​ឡើយ។ តាមគម្រោង​ បេសក​កម្ម​ស្រាវជ្រាវ​ពិភព​ព្រះអង្គារ​របស់ប្រទេស​ចិន​ ដែលមាន​ឈ្មោះ​ថា Tianwen 1 នឹង​ចាប់​ផ្ដើម​ចេញ​ដំណើរ​ក្នុង​អំឡុង​ពេល​ចាប់ពី​ថ្ងៃទី​20កក្កដា​ដល់​ថ្ងៃទី​25​កក្កដា​2020​នេះ​។ Tianwen​ 1​ រួមមាន​យាន​អវកាស​ហោះ​នៅលើ​គន្លង​គោចរ​ដើម្បី​ស្រាវ​ជ្រាវ​​ពិភពព្រះអង្គារ​ពី​ចម្ងាយ​ រួម​នឹង​យាន​សម្រាប់​ចុះ​ចត1គ្រឿង​​ និង​រ៉ូបូត​រុក​រក​1គ្រឿង​។ Tianwen 1 នឹង​ជួយ​ដល់​ក្រុម​អ្នក​វិទ្យា​សាស្ត្រ​ចិន​ ស្វែង​យល់​អំពី​ដី​ ភូមិ​សាស្ត្រ​ បរិស្ថាន​ និង​បរិយាកាស​របស់​ភព​ក្រហម​នេះ​។

ប្រទេស​ចំនួន​3​នឹង​​​បញ្ជូន​យាន​អវកាស​ទៅកាន់​ផ្កាយ​​ព្រះអង្គារ​នៅ​ក្នុង​ខែ​នេះ​
Tianwen 1 នឹង​ចាប់​ផ្ដើម​ចេញ​ដំណើរ​ក្នុង​អំឡុង​ពេល​ចាប់ពី​ថ្ងៃទី​20កក្កដា​ដល់​ថ្ងៃទី​25​កក្កដា​2020​

ឆ្នាំ​2011 ប្រទេស​ចិន​បាន​បញ្ជូន​យាន​អវកាស​ Yinghuo-1 ទៅ​សិក្សាស្រាវ​ជ្រាវ​ឋាន​ព្រះអង្គារ​ ប៉ុន្តែ​មិន​បាន​សម្រេច​។ យ៉ាង​នេះ​ក្ដី ប្រទេស​ចិន​ក៏​ទទួល​បាន​ជោគ​ជ័យ​ច្រើន​ក្នុង​វិស័យ​វិទ្យា​សាស្ត្រ​អវកាស​នៅក្នុង​រយៈ​ពេល​ប៉ុន្មាន​ឆ្នាំ​កន្លង​ទៅថ្មី​ៗ​នេះ​ ក្នុង​នោះ​ ប្រទេស​ចិន​បាន​ក្លាយ​ជា​ប្រទេស​ដំបូង​គេ​ដែល​បាន​បញ្ជូន​យាន​ទៅ​ចុះ​ចត​នៅ​លើ​តំបន់​ងងឹត​អចិន្ត្រៃយ៍​របស់​ឋាន​ព្រះចន្ទ​ផងដែរ​។

នៅ​អាស៊ី​ខាងលិច​វិញ ក្នុង​​ថ្ងៃទី​14​កក្កដា​ខាង​មុខ ប្រទេស​អារ៉ាប់​រួម​ (UAE) នឹង​បញ្ជូន​យាន​អវកាស​ខ្នាតតូច Hope ​ទៅកាន់​ពិភព​ព្រះអង្គារ​។ Hope ​នឹង​មិន​ចុះ​ចត​លើ​ភព​ក្រហម​នេះ​ទេ​ ដោយ​វា​នឹង​ហោះ​ជុំ​វិញ​ឋាន​ព្រះអង្គារ​ និង​ចំណាយ​ពេល​យ៉ាង​តិច​2ឆ្នាំ​​ ដើម្បី​សិក្សា​ស្រាវ​ជ្រាវ​អំពី​បរិយាកាស​នៃ​ស្រទាប់​អូហ្សូន​។

សម្រាប់​អារ៉ាប់​រួម Hope គឺជា​បេសក​កម្ម​ស្រាវ​ជ្រាវ​ភព​ព្រះអង្គារ​ដំបូង​បំផុត​។ នេះ​គឺជា​ផ្នែកមួយ​នឹង​គោល​ដៅ​អភិវឌ្ឍ​វិស័យ​បច្ចេកវិទ្យា​ជាន់ខ្ពស់​ ដូច​ជា​បច្ចេក​វិទ្យា​អវកាស​ជា​ដើម​។

ប្រទេស​ចំនួន​3​នឹង​​​បញ្ជូន​យាន​អវកាស​ទៅកាន់​ផ្កាយ​​ព្រះអង្គារ​នៅ​ក្នុង​ខែ​នេះ​
Hope ​នឹង​មិន​ចុះ​ចត​លើ​ភព​ក្រហម​នេះ​ទេ​ ដោយ​វា​នឹង​ហោះ​ជុំ​វិញ​ឋាន​ព្រះអង្គារ​ និង​ចំណាយ​ពេល​យ៉ាង​តិច​2ឆ្នាំ​​ ដើម្បី​សិក្សា​ស្រាវ​ជ្រាវ​អំពី​បរិយាកាស​នៃ​ស្រទាប់​អូហ្សូន

រាល់​ទិន្នន័យ​ដែល​ប្រមូល​បាន​ពី​បេសក​កម្ម​ទាំង​3ខាង​លើ​នេះ​ នឹង​រួម​ចំណែក​បង្កើត​បាន​ជា​ទិដ្ឋ​ភាព​ទាំង​មូល​ និង​លម្អិត​ស្ដីអំពី​ពិភព​ព្រះអង្គារ​។

ផ្កាយ​ ពិភព ឬ​ឋាន​ព្រះអង្គារ​នេះ មាន​រយៈ​ចម្ងាយ​ពី​ផែន​ដី​មិន​ដូច​គ្នា​នោះ​ទេ​នៅក្នុង​អំឡុង​ពេល​ខុស​ៗ​គ្នា​។ ចម្ងាយ​ជា​មធ្យម​ពី​ផែន​ដី​ទៅ​ឋាន​ព្រះអង្គារ​គឺ​ប្រមាណ​ជា​ 225​លាន​គីឡូម៉ែត្រ​ ខណៈ​ចម្ងាយ​​ឆ្ងាយ​បំផុត​​ស្មើ​​401​លាន​គីឡូម៉ែត្រ​ ចំណែក​ចម្ងាយ​ជិត​បំផុត​គឺ​ប្រមាណ​ជា​ 54.6​លាន​​គីឡូម៉ែត្រ​។

ក្រុម​អ្នក​វិទ្យា​សាស្ត្រ​មួយ​ចំនួន​ធំ​ មាន​បំណង​កែប្រែ​ពិភព​​ព្រះអង្គារ​ឱ្យទៅ​ជា​ទីឋាន​ដែល​អាច​ឱ្យ​មនុស្ស​រស់នៅ​បាន​​នា​អនាគត​វែង​ឆ្ងាយ​ខាងមុខ៕

ប្រភព៖ Futurism

Advertisement