មកស្វែងយល់ ពីការបោកប្រាស់តាមវិធីសាស្ត្រ Money Mule និងការការពារខ្លួន

បច្ចុប្បន្ន​យើង​សង្កេតឃើញថា មាន​បងប្អូន​ពលរដ្ឋ​កម្ពុជា​មួយចំនួន បាន​ធ្លាក់​ក្នុង​ល្បិចកល​ឧក្រិដ្ឋជន ដោយបាន​ចូលរួម​ក្នុង​ប្រតិបត្តិការ​ផ្ទេរប្រាក់​ដែល​ទទួលបាន​ពី​អំពើ​ល្មើសច្បាប់ផ្សេង។ ឧទាហរណ៍​ដូចជា  លុយ​ដែល​បាន​ពី​ការ​លួច​ចូល​ប្រព័ន្ធ​ធនាគារ លុយ​បានមកពី​អំពើ​លួច​ចូល​គណនី​អ៊ីមែល បញ្ឆោត​ផ្ទេរប្រាក់ ការ​លួច​ទិន្នន័យ និង​ដាក់លក់​លើ​ទីផ្សារងងឹត ឬ​ជា​លុយ​បាន​ពី​ប្រភព​ខុសច្បាប់ផ្សេងៗទៀត។ បន្ទាប់ពី​ទទួលបាន​លុយ​កង្វក់​ទាំងនោះ ឧក្រិដ្ឋជន​រមែង​ប្រើប្រាស់​មធ្យោបាយ​ជាច្រើន ដើម្បី​បង្វែរ​លុយ​ទាំងនោះ​មកប្រើប្រាស់ ឬ​បញ្ចូល​ទៅកាន់​ប្រព័ន្ធ​ធនាគារ​ស្របច្បាប់។

ថ្ងៃនេះ ក្រុមការងារ(នាយកដ្ឋាន​ព័ត៌មានវិទ្យា) នឹងធ្វើ​ការបកស្រាយ​អំពី “Money Mule” ជា​បច្ចេកទេស​មួយ ក្នុងចំណោម​បច្ចេកទេស​ជាច្រើន ដែល​ប្រើប្រាស់​ដោយ​ឧក្រិដ្ឋជន។

“Money Mule” គឺ​បុគ្គល​កណ្តាល ដែល​ត្រូវបាន​ប្រើប្រាស់​ដោយ​ឧក្រិដ្ឋជន​ក្នុងការ​ចូលរួម​ប្រតិបត្តិការ​ផ្ទេរប្រាក់​ដែល​បាន​ពី​អំពើ​ល្មើសច្បាប់ ជា​ថ្នូរ​នឹង​ប្រាក់​កម្រៃជើងសា(ភាគរយ) និង​មាន​ដំណើរការ ដោយ​សង្ខេប​ដូចខាងក្រោម៖

1- ឧក្រិដ្ឋជន​ធ្វើការ​ទាក់ទង​បុគ្គល​ដែលជា​គោលដៅ “Money Mule” តាមរយ:កម្មវិធី​បណ្តាញ​ទំនាក់ទំនង​សង្គម អ៊ីមែល កម្មវិធី​សារ​អេឡិចត្រូនិក ឬ​គេហទំព័រ​ស្វែងរក​ការងារ ដោយ​សន្យា​ផ្តល់​ការងារ​ក្រៅ​ម៉ោង ឬ​ការផ្តល់​កាដូ ឬ​ការ​លួងលោម​មនោសញ្ចេតនា (online dating ឬ romantic scam)។

2- ឧក្រិដ្ឋជន​ណែនាំ​បុគ្គល​ដែលជា “Money Mule” ឱ្យ​បើក​គណនី​ធនាគារ ឬ​ប្រើប្រាស់​គណនី​ធនាគារ​ដែលមាន​ស្រាប់ ដោយ​ប្រើប្រាស់​អត្តសញ្ញាណ​ផ្ទាល់​របស់ “Money Mule”។

3- ឧក្រិដ្ឋជន​ធ្វើការ​ផ្ទេរប្រាក់​ទៅកាន់​គណនី​ធនាគារ​របស់ “Money Mule” និង​ណែនាំ​ឱ្យធ្វើ​ការផ្ទេរ​ប្រា​ក់មួ​យ​ចំនួន​បន្ត ដោយ​ប្រើប្រាស់​ហេតុផលផ្សេង។ មាន​ករណី​មួយចំនួន​ឧក្រិដ្ឋជន​បញ្ជា “Money Mule” ធ្វើ​ការដក​សាច់ប្រាក់ និង​បញ្ជូន​ប្រាក់​ទាំងនោះ​ទៅឱ្យ​ពួកគេ​ដោយផ្ទាល់​តែម្តង។

4- បន្ទាប់ពី​បញ្ចប់​ប្រតិបត្តិការ​ផ្ទេរប្រាក់ និង​ទទួល​បណ្តឹង​ពី​ជនរងគ្រោះ (ម្ចាស់​ប្រាក់) ធនាគារ​នឹងធ្វើ​ការសហការ​ជាមួយ​មន្ត្រី​អនុវត្ត​ច្បាប់​ដើម្បី​ចាត់វិធានការ ចំណែក​បុគ្គល​ដែលជា “Money Mule” នឹងត្រូវ​បាន​កោះហៅ​ឱ្យចូល​ខ្លួន​ដោះស្រាយ ឬ​ធ្វើ​ការសង​ប្រាក់​ទាំងនោះ​ឱ្យទៅ​ជនរងគ្រោះ​វិញ និង​ពេលខ្លះ “Money Mule” អាច​នឹងត្រូវ​រង​ការចាត់វិធានការ​ផ្លូវច្បាប់​ទៀតផង​ដែរ។

ដូច្នេះ​ដើម្បី​កុំឱ្យ​ធ្លាក់ខ្លួន​ក្លាយជា (Money Mule) ត្រូវអនុវត្ត​ចំណុច​មួយចំនួន​ដូចខាងក្រោម៖

-មិនត្រូវ​ផ្តល់ព័ត៌មាន​ហិរញ្ញវត្ថុ​របស់​អ្នក ទៅ​បុគ្គល​ដែល​លោកអ្នក​ពុំ​ស្គាល់ ឬ​ទើបតែ​ស្គាល់​តាម​អ៊ិន​ធើ​ណិ​ត​ឡើយ។

-ចៀសវាង​ទទួល​ការងារ ដែល​តម្រូវឱ្យ​អ្នកប្រើប្រាស់​គណនី​ធនាគារ​ខ្លួនឯង ដើម្បី​ធ្វើ​ប្រតិបត្តិការ​ផ្ទេរប្រាក់ ដោយ​ហេតុផលផ្សេង៕

ប្រភព៖ នាយកដ្ឋាន​ព័ត៌មានវិទ្យា

Advertisement