ស្វែងយល់ពីគ្រោះថ្នាក់ ចំពោះអ្នកដែលចូលចិត្តប្រើលេខសម្ងាត់ស្រួលៗ

អ្នក​ដែល​ចូលចិត្ត​ប្រើ​លេខ​សម្ងាត់ស្រួលៗ ដូចជា 123456 ជាដើម​នោះ គួរតែ​ឈប់​ប្រើ​ទៅ ព្រោះ​លេខ​សម្ងាត់ “123456” នេះ ត្រូវបាន​គេ​រកឃើញ​ចំនួន 7លាន​ដង​នៃ​ទិន្នន័យ​ដែល​បាន​លេច​ធ្លាយ​ក្នុងចំណោម 1ពាន់​លាន និង​នៅក្នុង​ការសិក្សា​មួយ​នេះ មានន័យថា លេខ​សម្ងាត់​មួយ ក្នុងចំណោម​លេខ​សម្ងាត់​ចំនួន 142លេខ​សម្ងាត់ គឺជា​លេខ 123456។

ការសិក្សា​នេះ ក៏បាន​បង្ហាញ​ដែរ​ថា ចំនួន​លេខ​សម្ងាត់​ជា​មធ្យម​គឺ 9តួ ហើយ​ការប្រើ​លេខ​សម្ងាត់ 9តួ​នេះ វា​មិនទាន់មាន​សុវត្ថិភាព​ខ្ពស់​ទេ តែ​ក៏​មិនមែនជា​បញ្ហា​ធំ​ណាស់ណា​ដែរ គ្រាន់តែ​អាច​សរ​បញ្ជាក់​ឱ្យឃើញថា អ្នកប្រើប្រាស់​ភាគច្រើន​ប្រើ​លេខ​សម្ងាត់​តិចជាង 9តួ ដែល​ចំនួន​នេះ គួរតែ​ចៀសវាង​កុំ​ប្រើ។

ការសិក្សា​នេះ បានធ្វើ​ឡើង​កាលពី​ខែ​មុន ដោយ​និស្សិត​វិស្វកម្ម​កុំព្យូទ័រ​ឈ្មោះ Ata Hakçıl ដោយបាន​ធ្វើការ​វិភាគ​ទៅលើ​ឈ្មោះ​អ្នកប្រើប្រាស់ និង​លេខ​សម្ងាត់​ដែល​បាន​លេច​ធ្លាយ​តាម​អ៊ី​ន​ធើ​ណិ​ត បន្ទាប់ពី​មានការ​រំលោភបំពាន​ទិន្នន័យ​នៅតាម​ក្រុមហ៊ុនផ្សេង។ ទីតាំង​ផ្ទុក​ទិន្នន័យ​ទាំងនេះ​ត្រូវបាន​បង្កើតឡើង​តាំងពី​ជាង​កន្លះ​ទសវត្សរ៍​មកហើយ និង​កំពុង​បន្ថែម​ទិន្នន័យ​របស់​ក្រុមហ៊ុនថ្មីៗ មួយចំនួនទៀត​ដែល​ត្រូវបាន​គេ​ចូល​លួច។

ប៉ុន្មាន​ឆ្នាំ​មកនេះ ក្រុមហ៊ុន​បច្ចេកវិទ្យាផ្សេងៗ ដូចជា Google, Microsoft និង Apple ក៏បាន​ប្រមូល​ទិន្នន័យ​ដែល​បាន​លេច​ធ្លាយ​ទាំងនោះ ដើម្បី​បង្កើតជា​ប្រព័ន្ធ​ជូនដំណឹង​ដែរ និង​ព្រមទាំង​បានធ្វើ​ការព្រមាន ដល់​អ្នកប្រើប្រាស់​នៅ​រាល់​ពេលដែល​ពួកគេ​ចង់​បង្កើត​លេខ​សម្ងាត់​ដែល​ចាត់ទុកថា ជា​លេខ​សម្ងាត់ “ខ្សោយ” ឬ “ធម្មតា” ទៀតផង។

នាយកដ្ឋាន​ប្រឆាំង​បទល្មើស​បច្ចេកវិទ្យា បានធ្វើ​ការណែនាំ​ទាក់ទង​ទៅនឹង​បញ្ហា​នេះ​ជាច្រើនលើក​ច្រើនសា​មកហើយ ទាក់ទង​ទៅនឹង​ការដាក់​លេខ​សម្ងាត់ ដែលមាន​លក្ខណៈ​ស្មុគស្មាញ និង​ពិបាក​ស្មាន ចៀសវាង​ប្រើ​លេខ​សម្ងាត់​ដូចជា ឈ្មោះ ថ្ងៃខែ​ឆ្នាំ​កំណើត លេខ​ទូរស័ព្ទ លេខ​សម្គាល់​យានយន្ត ដែល​ធ្វើឱ្យមាន​ភាពងាយស្រួល​ក្នុងការ​លួច​ចូល​របស់​ជនអនាមិក៕

ប្រភព៖ នាយកដ្ឋាន​ប្រឆាំង​បទល្មើស​បច្ចេកវិទ្យា

Advertisement