កុំច្រឡំឱ្យសោះ! TikTok Pro គឺជាមេរោគ Malware ទេ

កាលពី​សប្តាហ៍​មុន នាយកដ្ឋាន​ប្រឆាំង​បទល្មើស​បច្ចេកវិទ្យា​បានធ្វើការ​ផ្សព្វផ្សាយ​ព័ត៌មាន​បច្ចេកវិទ្យា ដែល​ទាក់ទង​ទៅនឹង​ប្រទេស​ឥណ្ឌា​បានប្រកាស​បិទ​កម្មវិធី​ទូរ​សព្ទ​ប្រមាណ​ជា 59កម្មវិធី ក្នុងនោះ​ក៏មាន​កម្មវិធី TikTok ដ៏​ពេញនិយម​មួយ​ផងដែរ។

កន្លងមក​យើង​សង្កេតឃើញថា​ប្រជាជន​កម្ពុជា​មួយចំនួន​មាន​ការមិន​ពេញចិត្ត និង​បាន​រិះគន់​ទៅលើ​កម្មវិធី​នេះ ដោយសារ​តែមានក្មេងៗប្រើ​ច្រើន​ដែល​ធ្វើឱ្យ​ខាតបង់​ពេលវេលា ក៏ដូចជា​ប្រាក់កាស ព្រមទាំង​ទាក់ទង​ទៅនឹង​សីលធម៌​របស់​ពួកគេ។ មិន​ខុសគ្នា​ពី​ប្រជាជន​ឥណ្ឌា​ខ្លះ​ក៏មាន​ការមិន​ពេញចិត្ត​ចំពោះ​កម្មវិធី​នេះដែរ តែ​ក៏មាន​មួយចំនួនទៀត​ក៏​ចូលចិត្ត និង​បាន​ប្រើប្រាស់​កម្មវិធី​នេះ​ដើម្បី​ជា​គ្រឿង​កំសាន្ត ឬ​ធ្វើជា​ប្រយោជន៍​ក្នុងការ​រកលុយ​ផងដែរ។

ដោយសារតែ​ឃើញថា​ប្រជាជន​ឥណ្ឌា​ជាច្រើន​នៅតែ​ចូលចិត្ត​និង​ចង់​ប្រើ​កម្មវិធី​នេះ ជាហេតុ​នាំឱ្យ​ក្រុម​ជនអនាមិក​បាន​ឆ្លៀតឱកាស​បង្កើត​កម្មវិធី​ដែលមាន​មេរោគ Malware ប៉ុន្តែ​បន្លំ​ថា​ជា​កម្មវិធី TikTok Pro ដើម្បីឱ្យ​ប្រជាជន​ឥណ្ឌា​ទាញយក​មកប្រើប្រាស់​តាមរយៈ​តំណ​ភ្ជាប់​ដែល​ពួកគេ​បាន​ផ្សព្វផ្សាយ​នៅលើ Twitter និង WhatsApp។ ក្រោយពី​បាន​ទាញយក នឹង​ដំឡើង​កម្មវិធី​នេះ​រួចរាល់​ហើយ កម្មវិធី​នេះ​នឹងធ្វើ​ការស្នើ​ចូលក្នុង​ប្រព័ន្ធ​ទូរ​សព្ទ​ដើម្បី​អាច​ទាញយក​ទិន្នន័យ​ជាច្រើន​ដូចជា រូបភាព ឯកសារ ទីតាំង contacts ជាដើម​នៅពេលដែល​អ្នកប្រើប្រាស់​ព្យាយាម​បើក​កម្មវិធី​នេះ ប៉ុន្តែ​វា​មិនបាន​ដំណើរការ​អ្វី​នោះទេ។ ទោះបីជា​កម្មវិធី​នេះ​មិនមាន​ដំណើរការ​ក៏ដោយ ក៏​វា​យឺត​ពេល​ទៅហើយ ព្រោះ​មេរោគ malware ត្រូវបាន​ដំឡើង​ចូលក្នុង​ទូរ​សព្ទ ដែល​អាច​លួច​ទាញយក​ទិន្នន័យ និង​បង្ហាញ​សារដដែលៗដើម្បីឱ្យ​ដំឡើង​កម្មវិធីផ្សេងៗទៀត​តែប៉ុណ្ណោះ។

នាយកដ្ឋាន​ប្រឆាំង​បទល្មើស​បច្ចេកវិទ្យា សូម​ណែនាំ​អ្នកប្រើប្រាស់​ទាំងអស់ ចៀសវាង​ធ្វើ​ការទាញយក​កម្មវិធី​មកប្រើប្រាស់​ដែល​មិនមាន​នៅក្នុង Play Store ឬ App Store ព្រោះ​យើង​មិនអាច​បញ្ជាក់បាន​ថា​តើ​កម្មវិធី​ទាំងនោះ​ជា​កម្មវិធី​ពិតប្រាកដ និង​មិនមាន​បង្កប់​មកជា​មួយ​មេរោគ malware បានទេ៕

ប្រភព៖ នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា

Advertisement