សូមមានការប្រុងប្រយ័ត្នផង! សូម្បីតែកម្មវិធីនៅក្នុង Play Store ក៏អាចក្លាយជាកម្មវិធីមានមេរោគបានដែរ

ឧបករណ៍​ចល័ត​ដែល​យើង​ប្រើប្រាស់​សព្វថ្ងៃនេះ រួមទាំង​ស្មា​ត​ហ្វូ​ន និង​ថេ​ប្លេ​ត​ជាដើម វា​មិន​ត្រឹមតែ​ជា​របស់​សំខាន់​សម្រាប់​ទំនាក់ទំនង​ជាមួយ​មិត្តភក្តិ ឬ​ក្រុមគ្រួសារ​នោះទេ ថែមទាំង​ប្រើ​សម្រាប់​ជាការ​កម្សាន្ត ការងារ ព្រមទាំង​អាច​ដំណើរការ​គណនី​ធនាគារ​បាន​ទៀតផង។ ជាមួយនឹង​ការសម្រួល​ដល់​ការរស់នៅ​ប្រចាំថ្ងៃ​ដោយ​ឧបករណ៍​បច្ចេកវិទ្យា​ទាំងនេះ វា​ក៏​អាច​ក្លាយជា​ការគំរាមកំហែង​ជាទូទៅ​ពី​មេរោគ ឬ​ការវាយប្រហារ​ពី​ជនអនាមិក​ផងដែរ។

កាលពីពេលថ្មីៗនេះ ក្រុម​អ្នកស្រាវជ្រាវ​ផ្នែក​សន្តិសុខ​បាន​រកឃើញ​ប្រភេទ​មេរោគ Trojan ដែល​គេ​ឱ្យ​ឈ្មោះថា Cerberus។ កម្មវិធី​មេរោគ​នេះ​គឺ​បង្កើតឡើង​ដើម្បី​លួច​យក​ទិន្នន័យ​អ្នកប្រើប្រាស់​នៅពេលដែល​ពួកគេ​ប្រើ​កម្មវិធី​ធនាគារ​ណាមួយ។ ករណីនេះ​បានកើត​ឡើង​ចំពោះ​អ្នកប្រើប្រាស់​នៅ​ប្រទេស​អេស្បាញ ដែល​មេរោគ Trojan នេះ​បាន​បង្កប់​ជាមួយ​កម្មវិធី “Calculadora de Moneda” ដែលជា​កម្មវិធី​សម្រាប់​គណនា​រូបិយប័ណ្ណ ហើយ​ដែល​ត្រូវបាន​គេ​ទាញយក​ជាង 1ម៉ឺន​ដង ព្រោះតែ​វា​មាន​នៅលើ Play Store។

ដំណើរការ​នៃ​ការវាយប្រហារ​របស់​មេ​រោគ​នេះ​គឺ ក្រោយពី​បាន​ដំឡើង​កម្មវិធី​នេះ​រួចហើយ ជាដំបូង​វា​មានដំណើរ​ការត្រឹមត្រូវ​ធម្មតា​ជាមួយ​មុខងារផ្សេងៗរបស់ខ្លួន ប៉ុន្តែ​ក្រោយពី​បាន​ដំណើរការ​ប្រើប្រាស់​មួយរយៈ​ពេល​មក អ្នក​អភិវឌ្ឍន៍​កម្មវិធី​បាន​តម្រូវឱ្យធ្វើ​បច្ចុប្បន្នភាព​លើ​កម្មវិធី​ដោយមាន​បង្កប់​មេរោគ Cerberus ដែល​គេ​អាច​លួច​យក​ទិន្នន័យ នៅពេល​អ្នកប្រើប្រាស់​បញ្ចូល​អត្តសញ្ញាណ​គណនី​ដូចជា​ឈ្មោះ និង​លេខ​សម្ងាត់​របស់​ពួកគេ ហើយ​បញ្ជូនទៅឱ្យ​អ្នក​វាយប្រហារ។

កន្លងមក​នាយកដ្ឋាន​ប្រឆាំង​បច្ចេកវិទ្យា បានធ្វើ​ការណែនាំ​ជា​ច្រើនដង​រួចមកហើយ​ដែរ ទាក់ទង​ទៅនឹង​ការទាញយក​កម្មវិធី​មកប្រើប្រាស់ សូមកុំ​ធ្វើ​ការទាញយក​កម្មវិធី​ណា​ដែល​មិនចាំបាច់ ឬ​ទាញយក​កម្មវិធី​ពី​គេហទំព័រផ្សេងៗមក​ប្រើ ព្រោះ​វា​អាច​ប៉ះចំ​កម្មវិធី​ដែលមាន​បង្កប់​មេរោគ​ច្រើនជាង​ពី​ការទាញយក​កម្មវិធី​ពី​ក្នុង Play Store ឬ App Store ដែល​ក្រុមហ៊ុន​បាន​ពិនិត្យ​មុននឹង​ដាក់ឱ្យ​ប្រើប្រាស់​នោះ៕

ប្រភព៖ នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា

Advertisement