OPPO គ្រោងនឹងបញ្ចេញសាច់ដុំ ពីបច្ចេកវិទ្យាល្បឿនសាកថ្មខ្លាំងបំផុត 125W

បច្ចេកវិទ្យា​សាក​ថ្ម​ស្មា​ត​ហ្វូ​ន​មាន​ល្បឿន​លឿន ដែលមាន​ការវិវឌ្ឍ​កាន់តែ​លឿនទៅៗ ប៉ុន្មាន​ឆ្នាំ​កន្លងមកនេះ គេ​សង្កេតឃើញ ក្រុមហ៊ុន OPPO ត្រូវបាន​គេ​ដឹងថា ជា​អ្នក​នាំមុខគេ ជាមួយ​បច្ចេកវិទ្យា​សាក​ថ្ម 65W SuperVOOC 2.0 ជាពិសេស​ឃើញ​បង្ហាញមុខ​លើ​ស៊េរី OPPO Find X2។

បច្ចុប្បន្ននេះ​ល្បឿន​សាក​ថ្ម​ខ្លាំង​បំផុត គឺមាន​ត្រឹម 65W ប៉ុន្តែ​ក្រុមហ៊ុន​កំពុង​ត្រៀម​បង្ហាញ​ចេញ​បច្ចេកវិទ្យា​ថ្មី​នៅ​ថ្ងៃទី15 ខែកក្កដា ដែលមាន​កម្លាំង​សាក​ដល់ 125W។

OPPO នឹង​បង្ហាញ​ចេញ​បច្ចេកវិទ្យា​នេះ​ជា​ផ្លូវការ​នៅ​ថ្ងៃ​ពុធ(ទី15កក្កដា) ហើយ​អាច​នឹង​បង្កើត​ស្ថានីយ​សាកល្បង​មួយ​សម្រាប់​សមាជិក​អ្នកកាសែត​នៅ​ប្រទេស​ចិន អាច​សាកល្បង​បច្ចេកវិទ្យា​ថ្មី​នេះ​ផងដែរ។

គួរ​រំឭក​ផងដែរ​ថា កាលពី​ខែមិថុនា ឆ្នាំ2018 ក្រុមហ៊ុន​បានបង្ហាញ​ចេញ​មុនគេ​នូវ​បច្ចេកវិទ្យា​សាក​ថ្ម​កម្លាំង 50W SuperVOOC ពេល​ប្រកាស​ចេញ OPPO Find X។ និយាយ​ឱ្យ​ខ្លី ខាង​បច្ចេកវិទ្យា​សាក​ថ្ម​ល្បឿន​លឿន​របស់ OPPO តែងតែ​ជា​ក្រុមហ៊ុន​នាំមុខគេ​តែមួយគត់៕

Advertisement