រ៉ូបូត​ទំនើប​បំផុត​របស់​ NASA ជិត​បាន​ឡើង​ទៅ​កាន់​ផ្កាយ​​ព្រះអង្គារ​ដើម្បី​ស្វែង​រក​ជីវិត​(វីដេអូ)

រ៉ូបូត​ទំនើប​បំផុត​របស់​ NASA ឈ្មោះ Perseverance នឹង​ត្រូវ​បាន​បាញ់​បង្ហោះ​ចេញ​ពីតំបន់​​ Cape Canaveral ក្នុង​ថ្ងៃ​ទី​30​កក្កដា​ខាង​មុខ ដើម្បី​ឆ្ពោះ​ទៅ​កាន់​ផ្កាយ​ព្រះអង្គារ​ ក្នុង​បំណង​ស្វែង​រក​បាក់តេរី​ និង​ជីវិត​ជំនាន់​បុរាណ​ ហើយ​​នាំ​សំណាក​ទាំង​នោះ​មក​កាន់​ផែន​ដី​។

រ៉ូបូត​ទំនើប​បំផុត​ដែល​មាន​ឈ្មោះ​ថា Perseverance នេះ គឺជា​យាន​ដែល​ដំណើរ​ការ​ដោយ​ស្វ័យ​ប្រវត្តិ​ និង​មាន​ភារ​កិច្ច​ស្វែង​រក​សញ្ញ​ ឬ​ដាន​នៃ​ជីវិត​របស់​បាក់តេរី​ និង​ភាវ​មាន​ជីវិត​បុរាណ​បំផុត​នៅ​លើ​ពិភព​ព្រះអង្គារ​។ តំបន់​ដែល​ Perseverance ត្រូវ​ធ្វើ​ដំណើរ​ទៅកាន់​ និង​​រុករក​​ នោះ​គឺ​តំបន់​ដែន​ដី​សណ្ដរ​ដែល​មាន​ទន្លេ​កាលពី​3.5​ពាន់​លាន​ឆ្នាំមុន​។

ការ​ហោះ​ហើរ​ឆ្លង​ភព​នេះ​នឹង​ត្រូវ​ចំណាយ​ពេល​6ខែ​ទើប​ទៅ​ដល់​គោល​ដៅ​។ នៅ​ពេល​រ៉ូបូត​ដែល​មាន​ទំហំ​ប៉ុន​រថយន្ត​ SUV នេះ​បាន​ចុះ​ចត​ដោយ​សុវត្ថិ​ភាព​ វា​នឹង​ចាប់​ផ្ដើម​ប្រមូល​ និង​រក្សា​ទុក​សំណាក​ដី​របស់​ពិភព​ព្រះអង្គារ​ ដើម្បី​នាំ​ត្រលប់​មកកាន់​ផែន​ដី​នៅ​ឆ្នាំ​2031​។

ក្រុម​អ្នកវិទ្យា​សាស្ត្រ​នឹង​ធ្វើការ​ពិនិត្យ​ទៅ​លើ​សំណាក​ដី​នៃ​ពិភព​ព្រះអង្គារ​ដែល​ Perseverance បាន​នាំ​មកកាន់​ផែន​ដី​ ក្នុង​បំណង​​ស្វែង​រក​ហ្វូស៊ីល​បាក់តេរី​​ជាដើម​ ដើម្បី​បញ្ជាក់​​ថា តើ​ផ្កាយ​ព្រះអង្គារ​នេះ​ធ្លាប់​មាន​ភាវ​មាន​ជីវិត​ដែរ​ ឬ​អត់​។

NASA បាន​ធ្វើការ​ពី​ចម្ងាយ​អស់​ជា​ច្រើន​ខែ​មក​ហើយ ដោយ​សារ​តែ​COVID-19 ប៉ុន្តែកាល​បរិច្ឆេទ​បាញ់​បង្ហោះ​​យាន​នៅក្នុង​គម្រោង​ដែល​មាន​តម្លៃ​2.7​ពាន់​លាន​ដុល្លារ​នេះ​ មិន​រង​ផល​ប៉ះពាល់​៕

ប្រភព៖ សារ​ព័ត៌មាន​បរទេស

Advertisement