NASA ប្រកាស​បង្ហាញ​រូប​ដែល​ថត​​ព្រះ​អាទិត្យ​ក្នុង​រយៈ​ចម្ងាយ​ជិត​បំផុត​មិន​ធ្លាប់​មាន​ពី​មុន​មក​

NASA ប្រកាស​បង្ហាញ​រូប​ដែល​ថត​​ព្រះ​អាទិត្យ​ក្នុង​រយៈ​ចម្ងាយ​ជិត​បំផុត​មិន​ធ្លាប់​មាន​ពី​មុន​មក​

ទីភ្នាក់​ងារ​អវកាស​អាមេរិក​និង​អឺរ៉ុប​ បាន​ប្រកាស​បង្ហាញ​រូប​ថត​ជា​ច្រើន​សន្លឹក​​ដែល​ត្រូវ​បាន​ថត​ដោយ​យាន​អវកាស​ Solar Orbiter នៅ​ពេលដែល​វា​បាន​ហោះ​ទៅ​ក្បែរ​ព្រះអាទិត្យ​បំផុត​មិន​ធ្លាប់​មាន​ពី​មុន​មក​។

យាន​អវកាស​ Solar Orbiter បាន​ហោះ​ទៅកៀក​ព្រះអាទិត្យ​ក្នុង​រយៈ​ចម្ងាយ​75.6​លាន​គីឡូម៉ែត្រ​​ កាលពី​ពាក់​កណ្ដាល​ខែ​មិថុនា​2020​។ ​ចំណុច​អណ្ដាត​ភ្លើង​ចែង​ចាំង​នានា​ដែល​ត្រូវ​បាន​អ្នក​វិទ្យា​សាស្ត្រ​ហៅ​ថា “Campfire” នៅក្នុង​រូប​ថត​ មាន​លក្ខណៈ​តូច​ជាង​​1​ពាន់​លាន​ដង​បើ​ធៀប​នឹង​ចំណុច​អណ្ដាត​ភ្លើង​ចែង​ចាំង​ដែល​គេ​អាច​មើល​ឃើញ​ពី​ផែន​ដី​។ ប្រការ​នេះ​អាច​រួម​ចំណែក​ក្នុងការ​បក​ស្រាយ​​នូវ​សំណួរ​ដែល​សួរ​ថា ហេតុ​អ្វី​បាន​ជា​ស្រទាប់បរិយា​កាស​​ខាង​ក្រៅ​របស់​​ព្រះអាទិត្យ​ បែរ​ជា​ក្ដៅ​ជាង​ស្រទាប់​បរិយា​កាស​ខាង​ក្នុង​ទៅ​វិញ​។ បរិយាកាស​ស្រទាប់​ខាង​ក្រៅ​ដែល​ព័ន្ធ​ជុំ​វិញ​ព្រះអាទិត្យ​មាន​កម្ដៅ​ឡើង​ដល់​ជាង​1​លាន​អង្សា​ ចំណែក​បរិយាកាស​ស្រទាប់​ខាង​ក្នុង​មាន​កម្ដៅ​ត្រឹម​តែ​5,500​អង្សា​ប៉ុណ្ណោះ​។ ការ​យល់​អំពី​មូលហេតុ​ដែល​នាំ​ឱ្យ​មាន​ភាព​ខុស​គ្នា​បែប​នេះ​ នឹង​ជួយ​ឱ្យ​អ្នក​វិទ្យា​សាស្ត្រ​អាច​ព្យាករ​អាកាស​អវកាស​បាន​។

យាន​អវកាស​ Solar Orbiter ដែល​ស្ថិត​ក្នុង​គម្រោង​សហការ​រួម​របស់​ទីភ្នាក់​ងារ​អវកាស​អាមេរិក​ (NASA) និង​អឺរ៉ុប​(ESA) ដែល​ត្រូវ​បាន​បាញ់​បង្ហោះ​កាល​ពី​ខែ​កុម្ភៈ​2020​ ក្នុងបេសក​កម្ម​រយៈ​ពេល​2​ឆ្នាំ​នេះ​ គឺ​ដើម្បី​ស្រាវ​ជ្រាវ​អំពី​ប្រតិកម្ម​នានា​នៅ​ផ្ទៃ​ខាង​លើ​របស់​ព្រះអាទិត្យ​ និង​បាតុភូត​អាកាស​ធាតុ​អវកាប្រកប​ដោយ​ស​គ្រោះ​ថ្នាក់​ ដែល​កើត​មាន​ឡើង​បន្ទាប់​ពី​ប្រតិកម្ម​ទាំង​នោះ​។ យាន​អវកាស​ Solar Orbiter ត្រូវ​បាន​ផលិត​ឡើង​នៅ​ក្នុង​រោង​ចក្រ​របស់​ក្រុម​ហ៊ុន​ Airbus នៅ​ប្រទេស​អង់គ្លេស​។

បណ្ឌិត​ David Long សហប្រធាន​នៃ​គម្រោង​ Solar Orbiter ម​ក​ពី​អង្គការ​ NASA បាន​ឱ្យ​ដឹង​ថា “មិន​ធ្លាប់មាន​រូប​ថត​ណា​មួយ​ដែល​ថត​ព្រះ​អាទិត្យ​ក្នុង​រយៈ​ចម្ងាយ​ជិត​បែប​នេះ​នោះ​ទេ​ ហើយ​កម្រិត​នៃ​ភាព​ល្អិត​របស់​រូប​ថត​ទាំង​នេះ​ គឺពិត​ជា​គួរ​ឱ្យ​ចាប់​អារម្មណ៍​។ រូប​ថត​ទាំង​នេះ​បាន​បង្ហាញ​អំពី​ចំណុច​ភ្លឺ​ចែង​ចាំង​តូច​ៗ​នៅ​ពាស​ពេញ​ផ្ទៃ​ព្រះអាទិត្យ​ ដែល​ហាក់​ដូចទៅ​នឹង​​ភ្នក់​ភ្លើង​ដែល​គេ​ដុត​ក្នុង​ពេល​បោះ​ជំរំ​​ដូច្នោះដែរ​។ ចំណុច​អណ្ដាត​ភ្លើង​ចែង​ចាំង​ខុស​ពី​គេ​បែប​នេះ អាច​បង្ហើប​ឱ្យ​ដឹង​អំពី​បាតុភូត​អាថ៌កំបាំង​​ដែល​ធ្វើ​ឱ្យ​ស្រទាប់​បរិយាកាស​ខាង​ក្រៅ​របស់​ព្រះអាទិត្យ​ ក្ដៅ​ជាង​200​ទៅ​500​ដង​ បើ​ធៀប​នឹង​ស្រទាប់​បរិយាកាស​ខាង​ក្នុង​”។

ការ​សិក្សា​ស្រាវ​ជ្រាវ​អំពី​ព្រះអាទិត្យ​ មាន​សារ​សំខាន់​ខ្លាំង​ណាស់​ ដោយ​វា​នឹង​ជួយ​ឱ្យ​អ្នក​វិទ្យា​សាស្ត្រ​អាច​រៀប​គម្រោង​ការ​ទប់​ទល់​នឹង​បាតុភូត​អាកាស​ធាតុ​គ្រោះ​ថ្នាក់​ដែល​បង្ក​ឡើង​ដោយ​​​ព្យុះ​ព្រះអាទិត្យ​ CME (coronal mass ejection) ជាដើម​ ដែល​វា​អាច​បំ​ផ្លាញ​ប្រព័ន្ធ​ GPS បណ្ដាញ​អគ្គិសនី​ និង​នាំ​ឱ្យ​មាន​បញ្ហា​ខ្វះស្បៀង​អាហារ​ និង​ខ្វះភ្លើង​អគ្គិសនី​ប្រើប្រាស់​ជា​ដើម​។ ទីភ្នាក់​ងារ​អវកាស​អង់គ្លេស​បាន​ឱ្យ​ដឹង​ថា ការ​ខូច​ខាត​ដែល​បង្ក​ឡើង​ដោយ​ CME នឹង​ធ្វើ​ឱ្យ​មនុស្ស​ត្រូវ​ចំណាយ​ពេល​​រាប់​ខែ​ ឬ​រាប់​ឆ្នាំ​ក្នុង​ការ​ដោះ​ស្រាយ​បញ្ហា​។ បច្ចុប្បន្ន អ្នក​វិទ្យា​សាស្ត្រ​មិន​ទាន់​រក​ឃើញ​វិធី​ដើម្បី​ទប់​ទល់​នឹង​ CME នៅឡើយ។

តាម​គម្រោង​ យាន​អវកាស​ Solar Orbiter នេះ​ នឹង​ហោះ​ចូល​ទៅ​ជិត​ព្រះអាទិត្យ​ក្នុង​រយៈ​ចម្ងាយ​48​លាន​គីឡូម៉ែត្រ​ ដែល​ជិត​ជាង​ពិភព​ពុធ​ទៅ​ទៀត​៕

ប្រភព៖ Telegraph

Advertisement