(សូមប្រុងប្រយ័ត្ន)៖ សារទទួលបានលុយកំពុងតែវាយលុកអ្នកប្រើប្រាស់កម្មវិធី Telegram!!!

នាយកដ្ឋាន​ព័ត៌មានវិទ្យា៖ កាលពី​ប៉ុន្មាន​ម៉ោង​មុននេះ មានការ​ចែករំលែក​សារ​បន្ត​គ្នា​ក្នុង​កម្មវិធី Telegram អំពី​ការទទួលបាន​ប្រាក់​ចន្លោះ​ពី ១០០ ទៅ ១៥០ ដុល្លារ​អាមេរិក ដោយ​គ្រាន់តែ​ចុច​តំណ​ភ្ជាប់ និង​ធ្វើតាម​ការណែនាំផ្សេង។ សារ​នោះ​មាន​ខ្លឹមសារ​ថា “Hi. I am earning from $100 to $150 on “myxfreelance.cc” You need log in via Telegram and do what written in site”។

បន្ទាប់ពី​ការស្រាវជ្រាវ​របស់​ក្រុមការងារ​បច្ចេកទេស​នៃ​នាយកដ្ឋាន​ព័ត៌មានវិទ្យា បាន​រកឃើញថា សារ​ដែល​បាន​ចែករំលែក​នោះ​គឺជា​ល្បិចបញ្ឆោត​របស់​ឧក្រិដ្ឋជន​បច្ចេកវិទ្យា ក្នុង​គោលបំណង​ដូចខាងក្រោម៖

– អូសទាញ​ជនរងគ្រោះ​ចុច​លើ​តំណ​ភ្ជាប់ និង​ធ្វើការ Login ចូលក្នុង​កម្មវិធី Telegram ដោយ​ប្រើប្រាស់​គណនី Telegram ផ្ទាល់​របស់​ជនរងគ្រោះ

– ប្រើប្រាស់ Session នៃ​កម្មវិធី Telegram របស់​ជនរងគ្រោះ​ដើម្បី​ធ្វើការ​ចែករំលែក​សារ​ឆបោក​បន្ត ទៅកាន់​មិត្ត​ភ័​ក្រ និង​ជាពិសេស​ទៅកាន់ Group ទាំងអស់​ដែល​ជនរងគ្រោះ​នៅក្នុង​នោះ

– ណែនាំ​ជនរងគ្រោះ​ធ្វើ​ការទាញយក​កម្មវិធី​កុំព្យូទ័រ ដើម្បី​ទទួលបាន​ប្រាក់រង្វាន់​ចំនួន ១៥ ដុល្លារ​អាមេរិក​បន្ថែម ដែល​កម្មវិធី​នោះ​មាន​ឈ្មោះថា “apc_apcsite-apcsite.exe” ដែលជា​ប្រភេទ​មេរោគ TrojanHorse។ បន្ទាប់ពី​ចុច​លើ File មេរោគ​នេះ ជនអនាមិក​នឹងធ្វើ​ការ​គ្រប់​គ្រង់​ម៉ាស៊ីន​កុំព្យូទ័រ​របស់​ជនរងគ្រោះ​ពី​ចម្ងាយ​តែម្តង

– ឧក្រិដ្ឋជន​ក៏បាន​បញ្ឆោត​ជនរងគ្រោះ បញ្ចូល​លេខ​គណនី Credit/Debit Card ដើម្បី​ភ្ជាប់​គណនី​ទទួល​ប្រាក់រង្វាន់ តាមពិត​គឺជា Phishing លួច​ព័ត៌មាន Credit / Debit Card របស់​ជនរងគ្រោះ​ប៉ុណ្ណោះ។

ដើម្បី​ការពារ​ខ្លួន​ពី​ល្បិចបញ្ឆោត​ខាងលើ សូម​បងប្អូន​ប្រជាពលរដ្ឋ​មេត្តា​កុំ​ចុច​តំណ​ភ្ជាប់​ដែល​ទទួលបាន ជៀសវាង​ការទាញយក File មេរោគ និង​មេត្តា​កុំ​បញ្ចូល​ព័ត៌មាន Credit / Debit Card របស់ខ្លួន។

ក្នុងករណី​អ្នក​បាន Login ចូល​កម្មវិធី Telegram តាម​តំណ​ភ្ជាប់​របស់​ឧក្រិដ្ឋជន សូម​អនុវត្ត​វិធានការ​មួយចំនួន​ដូចខាងក្រោម៖

– ចូល​កម្មវិធី Telegram -> Settings -> Privacy and Security -> លុប Sessions ដែល​សង្ស័យ

– ធ្វើការ​កំណត់ 2FA ដោយ​ចូល Settings -> Privacy and Security -> Two-Step Verification -> Turn On -> វាយ​បញ្ចូល​លេខ​សម្ងាត់​របស់​អ្នក ដើម្បី​ការពារ​គណនី Telegram៕

ប្រភព៖ នាយកដ្ឋានព័ត៌មានវិទ្យា ក្រសួងមហាផ្ទៃ

Advertisement