ចិន​បាញ់​បង្ហោះ​យាន​អវកាស​ទៅកាន់​ផ្កាយ​ព្រះអង្គារ​​ដោយ​ជោគ​ជ័យ​

ប្រទេស​ចិន​បាន​បាញ់​បង្ហោះ​ដោយ​ជោគ​ជ័យ​នូវ​យាន​អវកាស​ Tianwen-1 ដែល​មាន​ផ្ទុក​យាន​អវកាស​មួយ​គ្រឿង​ និង​រ៉ូបូត​ស្វ័យ​ប្រវត្ត​មួយ​គ្រឿង ទៅ​កាន់​ពិភព​ព្រះអង្គារ​។

យោង​តាម​​ទីភ្នាក់​ងារ​អវកាស​ចិន​ CNSA (China National Space Administration) យាន​អវកាស​ Tianwen-1 ត្រូវ​បាន​បញ្ជូន​ទៅកាន់​ផ្កាយព្រះអង្គារ​​ដោយ​កាំជ្រួច​រុញ​ច្រាន​ Chang Zheng 5 (Long March 5) ចេញ​ពី​មូលដ្ឋាន​ Wenchang ដែល​ស្ថិត​នៅ​លើ​កោះ​ Hainan កាល​ពី​ម៉ោង​12និង​41​នាទី​ ថ្ងៃទី​23​កក្កដា​​។ Xinhua បាន​រាយ​ការណ៍​ថា មនុស្ស​រាប់​រយ​នាក់​បាន​តាម​ដាន​ និង​អបអរ​ជោគ​ជ័យ​នៃ​ការ​បាញ់​បង្ហោះ​នេះ​។

នេះ​គឺជា​ការ​ហោះ​ហើរ​លើក​ទី2​ទៅកាន់​ឋាន​ព្រះអង្គារ​​នៅក្នុង​សប្ដាហ៍​នេះ​ បន្ទាប់ពី​យាន​គោចរ​ជុំវិញ​ភព​ក្រហម Hope របស់​អារ៉ាប់​រួម (UAE) បាន​ធ្វើ​ដំណើរ​ពី​កោះ Tanegashima ​របស់​ជប៉ុន​កាល​ពី​ថ្ងៃទី​20​កក្កដា​។

ក្រោយ​ការ​បាញ់​បង្ហោះ​របស់​ UAE និង​ចិន សហរដ្ឋអាមេរិក​ក៏​នឹង​បញ្ជូន​យាន​ Perseverance ទៅកាន់​ភព​ព្រះអង្គារ​ផងដែរ​នៅ​សប្ដាហ៍​ក្រោយ​។

នៅ​លើ​យានអវកាស​ Tianwen-1 របស់​ចិន​ រួម​មាន​យាន​អវកាស​មួយគ្រឿង​សម្រាប់​ហោះ​លើ​គន្លង​គោចរ​នៃ​ភព​ព្រះអង្គារ​ រួម​នឹង​រ៉ូបូត​ដំណើរ​ការ​ដោយស្វ័យ​ប្រវត្តមួយ​គ្រឿង​​ដែល​នឹង​មាន​ភារកិច្ច​ចុះ​ចត​និង​ស្រាវ​ជ្រាវ​លើ​ដី​ភព​ក្រហម​។​ យានអវកាស​ Tianwen-1 នឹង​​ត្រូវ​ចំណាយ​ពេល​7​ខែ​ដើម្បី​ទៅ​ដល់​គោល​ដៅ​។ បើ​សិន​ជា​មិន​មាន​បញ្ហា​កើត​ឡើង​នោះ​ទេ យាន​នេះ​នឹង​តាម​រក​ប្រភព​ទឹក​ក្រោម​ដី និង​ភ័ស្ដុតាង​បញ្ជាក់​អំពី​វត្តមាន​របស់​សភាវ​រស់​នៅ​លើ​ឋាន​មួយ​នេះ​៕

ប្រភព៖ AP

Advertisement