សេចក្តីប្រកាសព័ត៌មាន៖ អាជីវកម្មខ្នាតតូចនៅកម្ពុជា នៅតែមានសុទិដ្ឋិនិយមលើអនាគតរបស់ខ្លួន ទោះបីជាមានវត្តមានជំងឺកូវីដ-19 ក្ដី

ទោះបីជា​អាជីវកម្ម​ខ្នាតតូច និង​មធ្យម ត្រូវ​ប្រឈម​នឹង​បញ្ហា​ជាច្រើន​ដែល​កើតចេញពី​ការ​រាតត្បាត​ជាស​កល​នៃ​វីរុស​កូ​វីដ-19ក៏ដោយ ក៏​ម្ចាស់​អាជីវកម្ម​នៅ​កម្ពុជា​ភាគច្រើន​ទាំងនោះ នៅតែមាន​សុទិដ្ឋិនិយម​ចំពោះ​អនាគត​អាជីវកម្ម​របស់​ពួកគេ។ នេះ​បើ​យោងតាម​ការរកឃើញរ​បស់​របាយការណ៍​ស្ទង់​មតិ​មួយ ដែល​បានចេញ​ផ្សាយ​នាពេលថ្មីៗនេះ។

52ភាគរយ នៃ​ម្ចាស់​អាជីវកម្ម​ដែល​បាន​ស្ទង់​មតិ​នៅ​កម្ពុជា​បានឱ្យដឹងថា ថ្វី​ដ្បិត​ពួកគេ​នៅតែ​ប្រឈម​នឹង​បញ្ហា​អាជីវកម្ម ជាពិសេស​បញ្ហា​លំហូរ​សាច់ប្រាក់​វិនិយោគ​ក្ដី  ក៏​ពួកគេ​នៅតែមាន​សុទិដ្ឋិនិយម ចំពោះ​អាជីវកម្ម​របស់​ពួកគេ​ដែរ។ នេះ​បើ​យោងតាម​របាយការណ៍​ស្រាវជ្រាវ​មួយ ឈ្មោះថា « ស្ថានភាព​អាជីវកម្ម​ខ្នាតតូច »  ដែលចេញផ្សាយដោយក្រុម​ហ៊ុន Facebook ជា​កិច្ចសហប្រតិបត្តិការ​ដែល​កំពុង​ធ្វើឡើង​ជាមួយ​អង្គ​ការដើ​ម្បី​ការអភិវឌ្ឍ និង​កិច្ចសហប្រតិបត្តិការ​សេដ្ឋកិច្ច ហៅ​កាត់​ថា OECD  និង​ធនាគារពិភពលោក។

របាយការណ៍​ស្រាវជ្រាវ​ដដែល បានធ្វើ​ការស្ទង់មតិ​ជាមួយ​ម្ចាស់​អាជីវកម្ម​ខ្នាតតូច និង​មធ្យម នៅក្នុង 50ប្រទេស និង​ក្នុង​តំបន់ រួមទាំង ប្រទេស​កម្ពុជា​ផងដែរ  ដើម្បី​សិក្សា​អំពី​ផលប៉ះពាល់​ផ្នែក​សេដ្ឋកិច្ច និង​កំណែទម្រង់ផ្សេងៗ ដែល​កំពុង​ត្រូវ​បានដាក់​អនុវត្ត ដើម្បី​ឆ្លើយតប​ទៅនឹង​វិបត្តិ​កូ​វីដ-19។

នៅ​កម្ពុជា របាយការណ៍​ស្ទង់​មតិ​នេះ​បាន​ធ្វើឡើង​ក្នុងចំណោម​ម្ចាស់​អាជីវកម្ម និង​និ​យោ​ជិ​ក តាមរយៈ​បណ្តាញ​សង្គម Facebook  នៅ​ចន្លោះ​ពីថ្ងៃ​ទី28 រហូតដល់​ថ្ងៃទី31 ខែឧសភា ឆ្នាំ2020។ យ៉ាងហោចណាស់  មាន​អ្នកស្ម័គ្រចិត្ត​ចំនួន 222នាក់ បាន​ចូលរួម​ក្នុង​ការស្ទង់មតិ​នេះ ដែល​សុទ្ធតែជា​អ្នកគ្រប់គ្រង​គេហទំព័រ​អាជីវកម្ម Facebook យ៉ាងសកម្ម​នៅ​កម្ពុជា ហើយ​ការចូលរួម​ចែករំលែក​មតិយោបល់​នេះ គឺ​មិនមាន​ការផ្ដល់​ប្រាក់កម្រៃ ក្រោមរូបភាព​ណាមួយ​ឡើយ។

គោលបំណង​នៃ​ការស្រាវជ្រាវ​នេះ គឺ​ដើម្បី​ផ្សព្វផ្សាយ​ការយល់ឃើញ​របស់​ម្ចាស់​អាជីវកម្ម​ខ្នាតតូច និង​មធ្យម ជូន​សាធារណជន​បាន​ជ្រាប ក៏ដូចជា​ដើម្បី​វាយតម្លៃ​ឱ្យដឹងថា តើ​ស្ថានភាព​អាជីវកម្ម​របស់​ពួកគេ កំពុង​ប្រែប្រួល​យ៉ាងដូចម្តេចខ្លះ?។

លោកស្រី Sheryl Sandberg នាយិកា​ផ្នែក​ប្រតិបត្តិការ​នៃ​ក្រុមហ៊ុន Facebook បាន​រៀបរាប់​នៅក្នុង​សេចក្តី​ផ្ដើម​នៃ​របាយការណ៍​នេះ​ថា៖ «អាជីវកម្ម​ខ្នាតតូច គឺជា​បេះដូង ជា​ស្នូល​ដ៏​សំខាន់​របស់​សហគមន៍​យើង។ ពួកគេ​ប្រៀបបាន​ដូចជា​ឆ្អឹងខ្នង​នៃ​លំហូរ​សេដ្ឋកិច្ចពិភពលោក​អ៊ីចឹង​ដែរ។ មិន​ថា​អាជីវកម្ម​ជា​លក្ខណៈ​ហាង​កាហ្វេ បណ្ណាគារ​លក់​សៀវភៅ ភោជនីយដ្ឋាន ជាង​ជួសជុល​ប្រព័ន្ធ​ទឹក អ្នករៀបចំ​ពិធី​អាពាហ៍ពិពាហ៍ ឬ​អ្នក​រចនា​ក្រាហ្វិក​នោះទេ អាជីវកម្ម​ខ្នាតតូច​ទាំងអស់នេះ គឺ​សុទ្ធតែ​រួមចំណែក​បង្កើត​ការងារ និង​ជំរុញ​កំណើនសេដ្ឋកិច្ច​នៅ​គ្រប់​បណ្ដា​ប្រទេស​ទាំងអស់ ជួយ​កាត់បន្ថយ​ភាពក្រីក្រ និង​វិសមភាព​ប្រាក់ចំណូល។ ប៉ុន្តែ​សព្វថ្ងៃនេះ ដំណើរការ​អាជីវកម្ម​របស់​ពួកគេ​កំពុងតែ​ប្រឈមមុខ​នឹង​បញ្ហា​ដ៏​ធំ​សម្បើម  ដែល​ពួកគេ​មិន​ធ្លាប់បាន​ជួប​ពីមុនមក។ ការ​រាតត្បាត​ជាស​កល​នៃ​វីរុស​កូ​វីដ-19 មិនមែន​គ្រាន់តែ​ជា​គ្រោះអាសន្ន​ផ្នែក​សុខាភិបាល​សាធារណៈ​ប៉ុណ្ណោះ​ទេ តែ​វា​ក៏​ជា​វិបត្តិ​សេដ្ឋកិច្ច​ដ៏​ធំ​មួយ​ដែល​កំពុង​ប៉ះពាល់​យ៉ាងខ្លាំង​ដល់​អាជីវកម្ម​ខ្នាតតូច និង​មធ្យម​ផងដែរ»

របាយការណ៍​ដដែល​នេះ​បានឱ្យដឹងថា 59ភាគរយ​នៃ​ម្ចាស់​អាជីវកម្ម​ខ្នាតតូច និង​មធ្យម​នៅ​កម្ពុជា ដែល​បាន​ស្ទង់​មតិ បាន​និយាយថា ការលក់ដូរ​របស់​ពួកគេ បាន​ធ្លាក់ចុះ​នា​អំឡុងពេល​កូ​វីដ-19  ហើយ​អាជីវកម្ម 39ភាគរយ បាន​កាត់បន្ថយ​បុគ្គលិក។

ការស្ទង់មតិ​បានបង្ហាញ​ថា វិស័យ​ទេសចរណ៍ និង​បដិសណ្ឋារកិច្ច ទទួលរង​ផលប៉ះពាល់​យ៉ាងខ្លាំង ពី​ការ​រឹតត្បិត​លើ​ការរក្សា​អនាម័យ​ពាក់ព័ន្ធ​នឹង​កូ​វីដ-19 និង​ការដែល​ប្រជាជន​ទូទៅ​កាត់បន្ថយ​ចំណាយ​ផ្ទាល់ខ្លួន។ ក្នុងចំណោម​នោះ ស្ទើរ​ពាក់កណ្ដាល​នៃ​អាជីវកម្ម​ក្នុង​វិស័យ​ទាំងអស់នេះ​នៅ​ទូទាំង​ពិភពលោក បាន​បិទទ្វារ។ បើ​ប្រៀបធៀប​ទៅនឹង​អាជីវកម្ម​ដ៏ទៃទៀត អាជីវកម្ម​ខ្នាតតូច​បំផុត ដែលមាន​បុគ្គល​តែ​ម្នាក់ ធ្វើជា​ម្ចាស់​ផង និង​ជា​អ្នកគ្រប់គ្រង​ផង ត្រូវបាន​បិទទ្វារ​ច្រើនជាង ដែល​នេះ​ក៏​បង្ហាញ​ពី​គម្លាត​សមភាព​យេនឌ័រ​យ៉ាងខ្លាំង​ផងដែរ។ នេះ​បើ​យោងតាម​របាយការណ៍​ដ​ដែល។

នៅ​ទូទាំង​ពិភពលោក បើ​ប្រៀបធៀប​នឹង​អាជីវកម្ម​ដែល​គ្រប់គ្រង​ដោយ​បុរស អាជីវកម្ម​ដែល​គ្រប់គ្រង​ដោយ​ស្ត្រី បាន​បិទទ្វារ​ច្រើនជាង ហើយ​ក្នុងករណី​របស់​ប្រទេស​កម្ពុជា​វិញ អាជីវកម្ម​ដែល​គ្រប់គ្រង​ដោយ​ស្ត្រី បាន​បិទទ្វារ​ច្រើនជាង​អាជីវកម្ម​ដែល​គ្រប់គ្រង​ដោយ​បុរស ចំនួន 4ភាគរយ។ ម្យ៉ាងទៀត ភាគច្រើន​នៃ​អាជីវកម្ម​ដែល​គ្រប់គ្រង​ដោយ​ស្ត្រី ស្ថិតក្នុង​វិស័យ​ដែល​រង​ផលប៉ះពាល់​ច្រើន​បំផុត ពី​ការ​រឹតត្បិត​លើ​ការរក្សា​គម្លាត​សុវត្ថិភាព​ក៏ដូចជា​អនាម័យ។

ប៉ុន្តែ​បើទោះបី​ជាមាន​បញ្ហា​ប្រឈម​យ៉ាងណាក៏ដោយ ក៏​ម្ចាស់​អាជីវកម្ម​ខ្នាតតូច និង​មធ្យម​ជាច្រើន​នៅ​កម្ពុជា បាន​ព្យាយាម​បត់បែន​ទៅតាម​ស្ថានភាព​ជាក់ស្ដែង​របស់​សេដ្ឋកិច្ច និង​សង្គម។ ក្នុងនោះ មាន​អាជីវកម្ម​ជាច្រើន បាន​ងាក​ទៅ​ចាប់យក​ការគ្រប់គ្រង​អាជីវកម្ម​តាម​ប្រព័ន្ធ​ឌីជីថល ដើម្បី​ជួយ​ឱ្យ​អាជីវកម្ម​របស់​ពួកគេ​អាច​បន្ត​ដំណើរការបាន​យូរអង្វែង ត​ទៅមុខទៀត។

បើ​និយាយ​អំពី​អាជីវកម្ម​ខ្នាតតូច និង​មធ្យម​ដែល​កំពុងបើក​ដំណើរការ​ធម្មតា​តាម Facebook នៅ​កម្ពុជា​វិញ 41ភាគរយ​នៃ​ពួកគេ​បាន​និយាយថា 1ភាគ4 នៃ​ប្រាក់ចំណូល​សរុប​ដែល​គេ​រកបាន​នា​អំឡុងពេល 2-3ខែ​កន្លងទៅនេះ គឺ​បានមកពី​ការលក់ទំនិញ​តាម​អន​ឡាញ។

លោកស្រី Sheryl Sandberg មានប្រសាសន៍ថា៖ «សហគ្រិន​គឺជា​មនុស្ស​ដែល​ចេះ​អត់ធន់ ហើយ​របាយការណ៍​បាន​បង្ហាញថា សហគ្រិន​នៅតែមាន​សុទិដ្ឋិនិយម​ចំពោះ​អនាគត​របស់​ពួកគេ។ មកដល់​ម៉ោង​នេះ គេ​មិនទាន់​ដឹង​ច្បាស់​ទេ ថា​តើ​គេ​ត្រូវ​ដើរ​ផ្លូវ​ណា ដើម្បី​ក្រោកឈរ​ឡើងវិញ ហើយ​អាជីវកម្ម​ជាច្រើន​ក៏​នឹងត្រូវ​ការ​ជំនួយ​គាំទ្រ​ពី​រដ្ឋាភិបាល ឬ​ស្ថាប័នផ្សេងៗ ដើម្បី​អាច​ក្រោកឈរ​ឡើងវិញ​បាន។ យើង​សង្ឃឹមថា របាយការណ៍​នេះ នឹង​ជួយ​ឆ្លុះ​បង្ហាញ​ឱ្យ​ស្ថាប័ន​ទាំង​នោះបាន​ឃើញថា តើ​ពួកគេ​គួរផ្ដល់​ជំនួយ​គាំទ្រ​ទៅលើ​វិស័យ​ណាខ្លះ ដើម្បីឱ្យ​ការជួយ​នោះ ទទួលបាន​លទ្ធផល​ល្អ​បំផុត។ នេះ​គឺជា​ពេលវេលា​ដ៏​លំបាក​សម្រាប់​អាជីវកម្ម​ជាច្រើន​នៅ​ពាសពេញ​ពិភពលោក ប៉ុន្តែ​ក្រុមហ៊ុន Facebook ប្តេជ្ញា​ថា នឹងធ្វើ​គ្រប់យ៉ាង​ដែល​អាច​ធ្វើបាន ដើម្បី​ជួយ​ឱ្យ​ពួកគេ​អាច​ឆ្លង​ផុត​ឧបសគ្គ​នេះ»៕

Advertisement