កម្មវិធីកែរូបភាពជាច្រើន នៅក្នុង Play Store ជាកម្មវិធីបោកបញ្ឆោត

កាលពីពេលថ្មីៗនេះ​ក្រុម​អ្នកស្រាវជ្រាវ​បាន​រកឃើញ​កម្មវិធី​កែ​រូបភាព​ក្លែងក្លាយ​ចំនួន ២៩ នៅក្នុង Google Play Store ដែល​មិនអាច​ប្រើ​បាន​ដូច​អ្វីដែល​បាន​សន្យា ហើយ​មិន​ត្រឹមតែ​ប៉ុណ្ណោះ វា​ថែមទាំង​ធ្វើឱ្យមាន​បញ្ហាផ្សេងៗមួយចំនួន​ជាមួយ​ទូរ​សព្ទ​របស់​លោកអ្នក​ទៀតផង។ កម្មវិធី​ទាំងនេះ​ត្រូវបាន​អ្នកប្រើប្រាស់ ទាញយក​ប្រមាណ ៣.៥លាន​ដង រួចមកហើយ។

ពេលដែល​លោកអ្នក​បញ្ចូល​កម្មវិធី​នេះ វា​នឹង​ធ្វើឱ្យ​ឧបករណ៍​របស់លោក​អ្នក​បើក​វេ​ប​សាយ ដែលមាន​ការផ្សព្វផ្សាយ​ពាណិជ្ជកម្ម​ដោយ​ស្វ័យប្រវត្តិ។ ការ​ជ្រៀតចូល​នេះ​ត្រូវបាន​គេ​ឱ្យ​ឈ្មោះថា Chartreuse Blur ព្រោះ​កម្មវិធី​ទាំងអស់នេះ​គឺជា​ប្រភេទ​កម្មវិធី​សម្រាប់​កែ​រូបភាព​ហើយ​ភាគច្រើន​មាន​ពាក្យ Blur ក្នុង​ឈ្មោះ​កម្មវិធី​ផងដែរ។ ឧទាហរណ៍​កម្មវិធី Square Photo Blur គឺជា​កម្មវិធី​ក្លែងក្លាយ ហើយក៏​ត្រូវបាន​លុបចេញ​ពី Play Store រួចហើយ​ដែរ។

អ្នកស្រាវជ្រាវ​បានបង្ហាញ​ពីរ​ចំណុច ដែល​អាចឱ្យ​អ្នកប្រើប្រាស់​សម្គាល់​បាន​ថា​តើ​កម្មវិធី​នេះ ជា​កម្មវិធី​ក្លែងក្លាយ​នោះ​គឺ ទីមួយ នៅពេលដែល​លោកអ្នក​បញ្ចូល​កម្មវិធី icon របស់​វា​ត្រូវបាន​លុប​ចេញពី Home screen។ ទី​ពីរ គឺ​បន្ទាប់ពី​បញ្ចូល​កម្មវិធី​នោះ​ហើយ លោក​អ្នកនឹង​ចាប់ផ្ដើម​ទទួលបាន​ការផ្សព្វផ្សាយ​ពាណិជ្ជកម្ម​ដោយ​ស្វ័យប្រវត្តិ​ជា​ញឹកញាប់។ ដូច្នេះ​ប្រសិនបើ​លោកអ្នក​បាន​បញ្ចូល​កម្ម​វិធី​នេះ ហើយ​មានបំណង​ចង់​លុប​វា​ចោល​វិញ​នោះ លោកអ្នក​ត្រូវ​ចូលទៅក្នុង Settings របស់​ទូរ​សព្ទ​ទើប​លុប​វា​ចោល​បាន៕

ប្រភព៖ នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា

Advertisement