Microsoft នឹង​ឱ្យ​ថ្លៃ​ប៉ុន្មាន​សម្រាប់​ទិញ​ TikTok?

Microsoft នឹង​ឱ្យ​ថ្លៃ​ប៉ុន្មាន​សម្រាប់​ទិញ​ TikTok?

បណ្ដាញ​សង្គម​សម្រាប់​ចែក​រំលែក​​វីដេអូខ្លី​ TikTok ​ត្រូវ​បាន​​ក្រុម​ហ៊ុន​ ByteDance កំណត់​តម្លៃ​ដល់​ទៅ​ជាង​50​ពាន់​លាន​ដុល្លារ​អាមេរិក​ ជាមួយ​នឹង​ប្រាក់ចំណូល​រំពឹង​ទុក​ថា​នឹង​ឡើង​ដល់​1​ពាន់​លាន​ដុល្លារ​ក្នុង​មួយ​ឆ្នាំៗ​។

ក្រុម​ហ៊ុន​ Microsoft កាលពី​ម្សិល​មិញ​ (2​សីហា) បាន​ទទួល​ស្គាល់​ថា កំពុង​តែ​ចរចា​ជាមួយ​ក្រុម​ហ៊ុន​ ByteDance នៅ​ប្រទេស​ចិន​ដែល​ជា​ក្រុម​ហ៊ុន​មេ​របស់បណ្ដាញ​សង្គម​​ TikTok ដើម្បី​ទិញ​បណ្ដាញ​សង្គម​នេះ​នៅ​សហរដ្ឋ​អាមេរិក​។​ តាមគម្រោង​ ពួកគេ​នឹង​មាន​កិច្ច​ព្រម​ព្រៀង​មួយ​នៅ​ក្នុង​ថ្ងៃទី​15​កញ្ញា​ខាង​មុខ។ សេចក្ដី​ប្រកាស​នេះ​ត្រូវ​បាន​ធ្វើ​ឡើង​ក្រោយ​ពី​ជំនួប​រវាង​លោក Satya Nadella ដែលជា CEO របស់​ Microsoft និង​ប្រធានាធិបតី​សហរដ្ឋ​អាមេរិក​Donald Trump។ កាល​ពី​ប៉ុន្មាន​ថ្ងៃ​មុន​ លោក​ Trump ថែម​ទាំង​បាន​និយាយ​ថា​នឹង​ហាម​ TikTok ​នៅ​សហរដ្ឋ​អាមេរិក​ ទន្ទឹម​នឹង​នេះ​ លោក​ក៏បាន​ជំទាស់​នឹង​ការ​ដែល​ក្រុម​ហ៊ុន​ Microsoft ចង់ទិញ TikTok ផងដែរ​។

បច្ចុប្បន្ន​ គេ​មិន​ទាន់​ដឹង​ច្បាស់​ថា Microsoft នឹង​ហ៊ាន​ទិញ​ TikTok ក្នុង​តម្លៃ​ប៉ុន្មាន​នៅ​ឡើយ​។​ កាល​ពី​សប្ដាហ៍​មុន​ Reuters បាន​ចេញ​ផ្សាយ​ថា ByteDance បាន​កំណត់​តម្លៃ​ TikTok លើស​ពី​50​ពាន់​លានដុល្លារ​អាមេរិក​។ ប៉ុន្តែ ដោយ​សារ​សម្ពាធ​ពី​រដ្ឋាភិបាល​អាមេរិកាំង​ តម្លៃ​នេះ​អាច​នឹង​ថយ​ចុះ​ច្រើន​។

បច្ចុប្បន្ន ByteDance មានភាគ​ហ៊ុន​របស់​អ្នក​វិនិយោគ​ជា​ច្រើន​ ក្នុង​នោះ​ក៏​មាន​មូលនិធិ Vision Fund របស់​ SoftBank ដែល​មាន​ទីស្នាក់​ការ​កណ្ដាល​នៅ​ប្រទេស​អង់គ្លេស​ មូលនិធិ General Atlantic នៅ​សហរដ្ឋអាមេរិក​ និង​ Sequoia Capital នៅ​សហរដ្ឋ​អាមេរិក​ផងដែរ​។ នៅក្នុង​ការ​ប្រមូល​ទុន​កាល​ពី​ខែ​មីនា ក្រុម​ហ៊ុន​ ByteDance ត្រូវ​បាន​កំណត់​តម្លៃ​ត្រឹម​​100​ពាន់​លាន​ដុល្លារ​អាមេរិក​។ សារ​ព័ត៌មាន​ WSJ ដក​ស្រង់​ប្រភ​ព​ព័ត៌មាន​ដែល​ជិត​ស្និទ្ធ​ បាន​ឱ្យ​ដឹង​ថា កាល​ណោះ មាន​ការ​កំណត់​តម្លៃ​ TikTok ប្រមាណជាជាង​30​ពាន់​លានដុល្លារ​។

Microsoft នឹង​ឱ្យ​ថ្លៃ​ប៉ុន្មាន​សម្រាប់​ទិញ​ TikTok?
លោក Bill Gates អតីត​ CEO របស់​ Microsoft និង​លោក Satya Nadella ដែលជា CEO របស់​ Microsoft នា​បច្ចុប្បន្ន

ក្រុម​ហ៊ុន​ Microsoft បាន​ឱ្យ​ដឹង​ថា ពួក​គេ​អាច​អញ្ជើញ​ក្រុម​អ្នកវិនិយោគ​អាមេរិកាំង​ផ្សេង​ទៀត​ឱ្យ​ចូល​មក​ទិញ​ភាគ​ហ៊ុ​ន​តូច​ៗ​របស់​​ TikTok។ បច្ចុប្បន្ន អ្នក​វិនិយោគ​ប្រមាណជា​70​%របស់​ ByteDance គឺ​មក​ពី​សហរដ្ឋ​អាមេរិក​។

យោង​តាម​ WSJ ក្រុម​ហ៊ុន ByteDance​ កន្លង​មក​នេះ តែង​តែ​គេច​មិន​ចង់​លក់​ TikTok នៅ​សហរដ្ឋ​អាមេរិក​ ដោយ​សារ​ពួកគេ​គិត​ថា បណ្ដាញសង្គម​នេះ​អាច​គំរាម​កំហែង​ដល់​អ្នក​ប្រើ​ប្រាស់​ និង​ប្រាក់​ចំណូល​របស់​ Facebook។ ក្រុម​ហ៊ុន​ ByteDance បានឱ្យ​ដឹង​នៅ​ក្នុង​របាយ​ការណ៍​ប្រាក់​ចំណូល​របស់​ TikTok ថា ឆ្នាំ​នេះ​រកបាន​​ចំណូល​​1​ពាន់​លាន​ដុល្លារ​អាមេរិក​ ហើយ​ឆ្នាំ​ក្រោយ​នឹង​ឡើង​ដល់​6​ពាន់​លាន​ដុល្លារ​។ ក៏ប៉ុន្តែ នៅទូទាំង​ពិភពលោក​ TikTok នៅ​​មិន​ទាន់​រក​បាន​ចំណេញ​នៅ​ឡើយ​។

យោង​តាម​កិច្ច​ព្រម​ព្រៀងដំបូង​ Microsoft នឹង​ទទួល​កាន់កាប់​ផ្នែក​អាជីវកម្ម​របស់ TikTok​ នៅ​សហរដ្ឋ​អាមេរិក​ កាណាដា អូស្ត្រាលី និងនូវែល​ហ្សេឡង់។ ក្រុម​ហ៊ុន​បាន​ឱ្យ​ដឹង​ថា នឹង​ធានា​សុវត្ថិ​ភាព​ចំពោះ​ទិន្នន័យ​ទាំង​អស់​របស់​អ្នក​ប្រើប្រាស់នៅ​សហរដ្ឋ​អាមេរិក​ ដែល​នឹង​ត្រូវ​បាន​ផ្ទេរ និង​រក្សា​ទុក​នៅ​ប្រទេស​នេះ​។

អំពី​បញ្ហា​សំខាន់​នៅក្នុង​ការ​ចរចា​រវាង​​ Microsoft និង​ ByteDance នោះគឺ​ការ​ផ្ដាច់​ដោយ​ឡែក​នូវ​បច្ចេក​វិទ្យារបស់​ TikTok ចេញ​ពី​បណ្ដាញ​របស់​ ByteDance។ ByteDance បច្ចុប្បន្ន​មាន​កម្មវិធី​មួយ​ផ្សេង​ទៀត​ដែល​មាន​លំនាំដូច​ TikTok នៅក្នុង​ទឹក​ដី​ប្រទេស​ចិន​ និង​មានឈ្មោះ​ថា Douyin ហើយ​ TikTok នឹង​ Douyin កំពុង​​ប្រើប្រាស់​កូដ​តែ​មួយ​។Zhang Yiming,ByteDance,TikTok,Microsoft

លោក Zhang Yiming ស្ថាបនិក​របស់​ ByteDance ដែល​ជា​ក្រុម​ហ៊ុន​មេ​របស់​ TikTok
លោក Zhang Yiming ស្ថាបនិក​របស់​ ByteDance ដែល​ជា​ក្រុម​ហ៊ុន​មេ​របស់​ TikTok

ក្រុម​មន្ត្រី​អាមេរិកាំង​ មក​ដល់​ពេល​នេះ​ នៅ​តែ​ចោទ​ប្រកាន់​ថា TikTok គឺជា​ការ​គំរាម​កំហែង​មួយ​សម្រាប់​សន្តិសុខ​ជាតិ​។ ប៉ុន្តែ​ TikTok ក៏តែងតែ​ច្រាន​ចោល​ការ​ចោទ​ប្រកាន់​នេះ​។

Reuters ដកស្រង់​ប្រភពព័ត៌មាន​មួយ​ឱ្យ​ដឹង​ថា កិច្ច​ចរចា​រវាង​ ByteDance និង​ Microsoft នឹង​ត្រូវ​បាន​តាម​ដាន​ដោយ​គណៈ​កម្ម​ការ​វិនិយោគ​បរទេស​នៅ​សហរដ្ឋ​អាមេរិក​។ នេះ​គឺជា​នាយក​ដ្ឋាន​មួយ​ដែល​មាន​សិទ្ធិពេញ​លេញ​ អាច​​រារាំង​ការ​ទិញ​ដូរ​ក្រុម​ហ៊ុន​ណាមួយ​បាន​​ទាំង​អស់​។

ភាគី​ Microsoft ឱ្យ​ដឹង​នៅក្នុង​សេចក្ដី​ប្រកាស​កាល​ពីម្សិល​មិញ​ថា “Microsoft បាន​ដឹង​ច្បាស់​អំពី​សារ​សំខាន់​​ក្នុង​ការ​កាត់​បន្ថយ​ការ​ព្រួយ​បារម្ភ​របស់​ប្រធានាធិបតី​។ យើង​សន្យា​ថា​ទិញ​ TikTok ក្រោយពី​បាន​វាយ​តម្លៃ​ទូទៅ​អំពី​សន្តិសុខ​ ហើយ​នឹង​ផ្ដល់​ផលប្រយោជន៍​សេដ្ឋ​កិច្ច​សម​ស្រប​ដល់​សហរដ្ឋ​អាមេរិក​ រួម​ទាំង​ក្រសួង​ហិរញ្ញវត្ថុអាមេរិក​ផងដែរ​”៕

ប្រភព៖ Reuters​ និង WSJ

Advertisement