Microsoft នឹង​ចំណេញ​​អ្វី​ខ្លះ បន្ទាប់ពី​បាន​ទិញ​ TikTok?

Microsoft នឹង​បាន​អ្វី​ខ្លះ បន្ទាប់ពី​បាន​ទិញ​ TikTok?

បច្ចុប្បន្ន Microsoft ត្រូវ​បាន​គេ​ចាត់​ទុក​ថា​ជា​ក្រុម​ហ៊ុន​របស់​មនុស្ស​ដែល​មាន​វ័យ​ច្រើន​ ដូច្នេះ​ បើ​សិន​ជា​ទទួល​បាន​ជោគ​ជ័យ​ក្នុង​ការ​ទិញ​ក្រុម​ហ៊ុន​ TikTok នៅ​សហរដ្ឋ​អាមេរិក​ នោះ​​ Microsoft នឹង​ក្លាយ​ជា​ក្រុម​ហ៊ុន​ទាន់​សម័យ​ជាង​មុន​។

Microsoft ទើប​តែ​បាន​ប្រកាស​ថា កំពុង​តែ​ចរចា​ជាមួយ​ក្រុម​ហ៊ុន​ ByteDance របស់​ចិន​ ដើម្បី​ទិញ​ TikTok នៅ​សហរដ្ឋ​អាមេរិក​។ NYT (New York Times) បាន​បញ្ជាក់​ថា Microsoft អាច​ប្រើប្រាស់​ឥទ្ធិពល​ហិរញ្ញវត្ថុ​ដើម្បី​ក្ដោប​ក្ដាប់​ចំណូល​ចិត្ត​របស់​យុវវ័យ​តាម​រយៈ​ជំនួញ​មួយ​នេះ​។

សេចក្ដី​ប្រកាស​ត្រូវ​បាន​ភាគី​ Microsoft លើក​ឡើង​ ក្រោយ​ពី​ជំនួប​រវាង​ CEO Satya Nadella និង​លោក​ Trump។ ប្រធានាធិបតី​សហរដ្ឋ​អាមេរិក​ ធ្លាប់បាន​គំរាម​បិទ​បណ្ដាញ​សង្គម​វីដេអូខ្លី​នេះ​ ដោយ​សារ​មាន​ការ​ព្រួយ​បារម្ភ​អំពី​សន្តិ​សុខ​ជាតិ​។

TikTok កំពុង​ទទួល​បាន​ការ​និយម​ប្រើ​នៅ​ទូទាំង​ពិភពលោក​ ពិសេស​គឺ​យុវវ័យ​។ ដូច្នេះ ការ​ទិញ​ TikTok នេះ​ អាចជួយ​ឱ្យ​ក្រុម​ហ៊ុន​ Microsoft ដែល​មាន​ឈ្មោះ​ល្បី​ល្បាញ​ខាង​ទិន្ន​ន័យ​និង​ប្រព័ន្ធ​ប្រតិបត្តិ​ការស្រាប់​ អាច​គ្រប់​គ្រង​បណ្ដាញ​សង្គម​មួយ​ក្នុង​ចំណោម​បណ្ដាញ​សង្គម​ដែល​មាន​ឥទ្ធិ​ពល​លំដាប់​កំពូល​ៗ​នៅ​សហរដ្ឋ​អាមេរិក​។

CEO របស់​ក្រុម​ហ៊ុន​ Microsoft លោក Satya Nadella

Dan Ives ដែលជា​នាយក​ប្រតិបត្តិ​ និង​ជា​អ្នក​ជំនាញ​ខាង​វិភាគ​របស់​ក្រុម​ហ៊ុន​ Wedbush Securities បាន​ថ្លែង​ថា “Microsoft ត្រូវ​បាន​គេ​ចាត់​ទុក​ថា​ជា​ក្រុម​ហ៊ុន​របស់​អាណា​ព្យាបាល​ (សម្រាប់​មនុស្ស​មាន​អាយុ​ច្រើន​) នានា​។ ពួកគេ​កំពុង​តែ​ព្យាយាម​ប្ដូរ​ផ្លាស់​ប្រការ​នេះ​”។ លោក​បន្ត​ថា បើ​សិន​ជា​ជំនួញ​នេះ​បាន​សម្រេច​ជា​ស្ថាពរ​ នោះ​ Microsoft នឹង​វិវឌ្ឍខ្លួន​ពី​ក្រុម​ហ៊ុន​ដែល​មិន​សូវ​ទាក់​ទាញ​សម្រាប់​មនុស្ស​វ័យ​ក្រោម​25​ឆ្នាំ ទៅ​ជា​ក្រុម​ហ៊ុន​ “ទាន់​សម័យ​” ដូច​ TikTok។

ក្រោយពី​បាន​ក្លាយ​ជា​ CEO កាល​ពី​ឆ្នាំ​2014​ លោក Nadella បាន​ជួយ​ឱ្យ​ Microsoft ក្លាយ​ជា​ក្រុម​ហ៊ុន Cloud computing​ លំដាប់​យក្ស​មួយ​ក្នុង​ពិភពលោក​។ ក្រុម​ហ៊ុន​បច្ចេក​វិទ្យា​មួយ​នេះ​​ បច្ចុប្បន្ន មាន​ទុន​សរុប​ជាង​1.5លានលាន​ដុល្លារ​អាមេរិក​ និង​មាន​ទ្រព្យ​ជា​សាច់​ប្រាក់​សុទ្ធ​ចំនួន​130​ពាន់​លាន​ដុល្លារ​។

ក៏ប៉ុន្តែ Microsoft ហាក់​មិន​ទាន់​បាន​កំណត់​ទិស​ដៅ​ជាក់លាក់​ក្នុង​ការ​បម្រើ​អតិថិជន​វ័យ​ក្មេងនៅឡើយ​ ក្រៅ​តែ​ពី​វិស័យ​ហ្គេម​។ ក្នុងដំណាក់​កាល​បណ្ដាញ​សង្គម​ក្លាយ​ជា​ក្រុម​ហ៊ុន​ពាណិជ្ជ​កម្ម​ដ៏មិហា​មា ដូច​ជា​ Facebook ដែល​មាន​តម្លៃ​ដល់​ទៅ​ជាង​720​ពាន់​លាន​ដុល្លារ​ជា​ដើមនេះ Microsoft បែរ​ជា​តាម​មិន​ទាន់​និន្នា​ការ​នេះ​ទៅ​វិញ​។

នៅក្នុង​សម័យ​ Nadella ជំនួញ​ធំបំផុត​របស់​ Microsoft ​គឺ​ការ​ទិញ​ក្រុម​ហ៊ុន​អ៊ីនធឺណិត​នានា។ បណ្ដាក្រុម​ហ៊ុន​នេះ​ មាន​បណ្ដាញ​ដែល​ទាក់​ទាញ​អ្នក​ប្រើប្រាស់​បាន​ច្រើន ប៉ុន្តែ​ពួក​គេ​ក៏ត្រូវ​ការ​ហេដ្ឋារចនាសម្ព័ន្ធ​​ផ្ទុក​ទិន្ន​ន័យ​បែប​ Cloud computing​ ដែល​ Microsoft អាច​ផ្គត់​ផ្គង់​បាន​។

ឆ្នាំ2014​ Microsoft បាន​ទិញ​ក្រុម​ហ៊ុន​ Minecraft ក្នុង​តម្លៃ​2.5​ពាន់​លាន​ដុល្លារ​។ ឆ្នាំ​2016 ក្រុម​ហ៊ុន​នេះ​ក៏​បាន​ទិញ​ក្រុម​ហ៊ុន​ LinkedIn ក្នុង​តម្លៃ​26.2​ពាន់​លាន​ដុល្លារ​។ 2ឆ្នាំ​ក្រោយ​មក​ទៀត​ Microsoft បន្ត​ទិញ​ក្រុម​ហ៊ុន​ GitHub ដែល​ជា​មូលដ្ឋាន​អនឡាញ​សម្រាប់​ក្រុម​អ្នក​អភិវឌ្ឍ​ផ្នែក​ទន់​ (software) ក្នុង​តម្លៃ​7.5​ពាន់​លាន​ដុល្លារ​។

សារព័ត៌មាន NYT បាន​ឱ្យ​ដឹង​ថា យុវវ័យ​មិន​គួរ​ព្រួយ​បារម្ភ​ ខ្លាច​ Microsoft ធ្វើ​ឱ្យ​ការ​ទាក់​ទាញ​របស់​ TikTok ត្រូវ​ថយ​ចុះ​នោះ​ឡើយ​។ ព្រោះ​ថា នៅក្នុង​ករណី​ទិញ​ដូរ​ក្រុម​ហ៊ុន​មួយ​ចំនួន​កាលពី​ពេល​កន្លង​ទៅ​ថ្មី​ៗនេះ Microsoft បាន​បង្កើន​ធនធាន​មនុស្ស ហិរញ្ញវត្ថុ​ និង​បច្ចេក​វិទ្យា​នៅក្នុង​បណ្ដា​ក្រុម​ហ៊ុន​ដែល​ Microsoft បាន​ទិញ​ ប៉ុន្តែ ភាគ​ច្រើន​Microsoft នៅ​តែ​ទុក​ឱ្យ​ក្រុម​ហ៊ុន​ទាំង​នោះ​ ​ដំណើរ​ការ​ដោយ​ឯករាជ្យ​។

Microsoft នឹង​បាន​អ្វី​ខ្លះ បន្ទាប់ពី​បាន​ទិញ​ TikTok?
លោក Zhang Yiming ជា​ CEO របស់​ក្រុម​ហ៊ុន​ ByteDance ដែល​ជា​ក្រុម​ហ៊ុន​មេ​របស់​ TikTok

ជាមួយ​នឹង​អ្នក​ប្រើប្រាស់​ជាង​100​លាន​នាក់​នៅ​សហរដ្ឋ​អាមេរិក​ TikTok ប្រាកដ​ជា​ទទួល​បាន​ការ​យក​ចិត្ត​ទុក​ដាក់​ខ្ពស់​ ក្រោយ​ពី​​ Microsoft បាន​ទិញ​យក​មក​កាន់​កាប់​។ កិច្ច​ព្រម​ព្រៀង​ដែល​កំពុង​លើក​យក​មក​ចរចា​រួម​មាន​ ការ​ទិញ​ការិយាល័យ​នានា​របស់​ TikTok នៅ​សហរដ្ឋ​អាមេរិក​ កាណាដា អូស្ត្រាលី​និង​នូវែលហ្សេឡង់​។ ByteDance ដែលជា​ក្រុម​ហ៊ុន​មេ​របស់​ TikTok នឹង​នៅ​តែ​បន្ត​កាន់​កាប់​មូលដ្ឋាន​របស់​បណ្ដាញ​សង្គម​នេះ​នៅ​ឯទីក្រុង​ប៉េកាំង​។

Microsoft ក៏​អាច​ផ្ដល់​នូវ​អ្វី​ដែល​គូប្រជែង​នានា​មិន​មាន​ នៅ​ក្នុង​វិស័យ​បច្ចេក​វិទ្យា​នេះ​ នោះ​គឺភាព​សុខសាន្ត​នៅ​វ៉ាស៊ីង​តោន​។ Amazon, Facebook និង Google ធ្លាប់​ត្រូវ​បង្កើន​ការ​ប្រុង​ប្រយ័ត្ន​ក្នុង​កាលៈ​ទេសៈ​មួយ​ដែល​ស្ថិត​ក្រោម​ការ​តាម​ដាន​ទាក់​ទិន​នឹងបញ្ហា​ផ្ដាច់​មុខ​។ ដូច្នេះ ការ​ធ្វើ​កិច្ច​ព្រម​ព្រៀង​លំដាប់​ “យក្ស”​ ជាមួយ​នឹង​បណ្ដា​ក្រុម​ហ៊ុន​ដែល​មិន​មាន​ភាព​រឹង​មាំ​ផ្នែក​នយោបាយ​ ក៏​មិន​មាន​ការ​ទាក់​ទាញ​នោះ​ដែរ​។

បើ​ទោះ​ជា​ប្រឹង​ប្រែង​វាយលុក​ទីផ្សារ​ប្រទេស​ចិន​ជា​ង1​ទសវត្សរ៍​កន្លង​មក ប៉ុន្តែ Microsoft ទទួល​បាន​ជោគ​ជ័យ​តិច​តួច​ប៉ុណ្ណោះ​ក្នុង​ទីផ្សារ​មួយ​នេះ​។ Microsoft Windows និង Office មាន​ការ​ពេញ​និយម​នៅ​ប្រទេស​ចិន ក៏​ប៉ុន្តែ​ ភាគ​ច្រើន​គឺជា​ទំនិញ​គេច​ពន្ធ។ ទីផ្សារ​ប្រទេសចិន​ បាន​រួម​ចំណែក​មិន​ដល់​2​%​ផង​នៅ​ក្នុង​ចំណូល​សរុប​របស់​ Microsoft។

លោក Satya Nadella ជាមួយ​នឹង​លោក​ Trump

ការ​ជជែក​គ្នា​រវាង​ Satya Nadella ជាមួយ​នឹង​លោក​ Trump បាន​កាត់បន្ថយ​ការ​ព្រួយ​បារម្ភ​របស់​ប្រធានាធិបតី​អំពី​ TikTok ចំពោះ​សន្តិសុខ​ជាតិ​។ ការ​ព្រួយ​បារម្ភ​ធំបំផុត​របស់​រដ្ឋាភិបាល​អាមេរិកាំង​ នោះ​គឺ​បណ្ដាញ​សង្គម​នេះ​អាច​ជួយ​ឱ្យ​ចិន​​ក្ដោប​ក្ដាប់ព័ត៌មាន​ឯក​ជន​របស់​ពល​រដ្ឋ​អាមេរិកាំង​។ ប៉ុន្តែ បើ​តាម​ការ​ប្រកាស​កន្លង​មក​ Microsoft បាន​ធានា​ថានឹង​រក្សា​សុវត្ថិ​ភាព​ទិន្នន័យ​របស់​អ្នក​ប្រើប្រាស់​ TikTok នៅ​សហរដ្ឋ​អាមេរិក​៕

ប្រភព៖ NYT

Advertisement