Safe Folder របស់កម្មវិធី Files by Google នឹងបង្កើនសុវត្ថិភាពក្នុងការរក្សាទុកឯកសារ

ស្ទើរតែ​គ្រប់​ទីកន្លែង​ទៅហើយ​ជុំវិញ​ពិភពលោក ដែល​ប្តី-ប្រពន្ធ បងប្អូន ឬក៏កូនៗប្រើប្រាស់​របស់​រួមគ្នា​ដូចជា​ទូរ​សព្ទ​ជាដើម ហើយ​រឿងនេះ​វា​សឹងតែ​ក្លាយទៅជា​វប្បធម៌​ទៅហើយ ដែល​មនុស្ស​គ្រប់គ្នា​នឹង​គិតបែបនេះ ជាពិសេសនារី។ ថ្វីត្បិតតែ​ការចែក​គ្នា​ប្រើ​បែបនេះ​វា​មាន​ប្រយោជន៍​ក៏ពិតមែន ផ្ទុយទៅវិញ​វា​ក៏​ជា​បញ្ហា​មួយ​ដែរ ទាក់ទង​ទៅនឹង​ឯកសារ​ផ្ទាល់ខ្លួន​ដែល​អាច​ឱ្យគេ​ចូល​មើល​បាន។

ដើម្បី​រក្សា​ឯកសារ​ផ្ទាល់ខ្លួន​ឱ្យ​កាន់​តែមាន​សុវត្ថិភាព​ជាង​មុន ក្រុមហ៊ុន Google កំពុងធ្វើការ​កែសម្រួល​កម្មវិធី Files by Google ដោយ​បន្ថែម Safe Folder។ Files by Google ត្រូវបាន​បង្កើតឡើង​កាលពី​ឆ្នាំ ២០១៧ ដើម្បី​ជួយ​កាត់បន្ថយ​តម្រូវការ​នៃ​ទំហំ​ផ្ទុក​នៅក្នុង​ទូរ​សព្ទ​របស់​លោកអ្នក​ក្នុងការ​រក្សាទុក​ឯកសា​រ ម្យ៉ាងវិញទៀត​ដោយសារ​ឯកសារ ត្រូវបាន​ផ្ទុក​នៅលើ​អុ​ិ​ន​ធឺ​ណិ​ត វា​ក៏មាន​ភាពងាយស្រួល​ក្នុងការ​ទាញយក​ឯកសា​រទាំង​នោះមក​ប្រើ​វិញ​ដែរ។

ចំពោះ​ការបន្ថែម​មុខងារ Safe Folder គឺ​ប្រៀបបាន​ដូចជា​ទូរ​សុវត្ថិភាព​មួយ​ដែល​អាច​ចាក់​សោបាន ដោយ​ប្រើ​លេខ​កូដ ៤ខ្ទង់ ហើយ​អាច​ទុក ឯកសារ រូបភាព វីដេអូ ឯកសារ​ជា​សំឡេង​ជាដើម ដើម្បី​ការពារ​ពី​ការ​លួច​ចូល​របស់​អ្នកដទៃ។ Folder នឹងត្រូវ​ចាក់សោ​ដោយ​ស្វ័យប្រវត្តិ​នៅពេល​យើង​ចាក​ចេញពី​កម្មវិធី​នេះ ដែល​មិន​អាចឱ្យ​អ្នកណា​ចូល​មើល​ឯកសារ​ដែលមាន​នៅក្នុង Folder នេះ​បានទេ ហើយ​វា​នឹង​ទាមទារ​ឱ្យ​វាយ​លេខ​សម្ងាត់​នៅពេលដែល​យើង​ចង់​ចូល​ម្តងទៀត។ សូមបញ្ជាក់​ផងដែរ​ថា បច្ចុប្បន្ន​ក្រុមហ៊ុន Google កំពុង​ដាក់​ប្រើប្រាស់​សាកល្បង (beta) នូវ​មុខងារ Safe Folder ហើយនឹង​ដាក់ឱ្យ​ប្រើប្រាស់​ជាទូទៅ​ក្នុង​ពេលអនាគត៕

ប្រភព៖​ នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា

Advertisement