(វីដេអូ) SpaceX បាញ់បង្ហោះ​សាក​ល្បង​រ៉ុកកែត​ទៅកាន់​ផ្កាយ​ព្រះអង្គារ​

ការ​សាកល្បង​ហោះ​ហើរ​រយៈ​ចម្ងាយ​ខ្លី​នៃ​រ៉ុកកែត​ Starship នេះ អាច​បង្កើត​បាន​ជា​ជំហាន​ធំមួយ​សម្រាប់​មនុស្ស​នៅក្នុង​ដំណើរ​ឆ្ពោះ​ទៅ​រុករក​ពិភព​ព្រះអង្គារនា​ពេល​ដ៏ខ្លី​ខាងមុខ​។

នៅក្នុង​ការ​សាកល្បង​នេះ​ ឧបករណ៍​ហោះ​ហើរ​ Starship SN5 បាន​ហោះ​ឡើង​ទៅលើ​ក្នុង​រយៈ​ពេល​ត្រឹម​តែ40​វិនាទី​ប៉ុណ្ណោះ​ នៅ​ឯ​មូលដ្ឋាន​របស់​ SpaceX ដែល​មាន​ទីតាំង​ក្នុង​ភូមិ​ Boca Chica ភាគ​ខាង​ត្បូង​រដ្ឋ​ Texas សហរដ្ឋ​អាមេរិក​។ ​គំរូ Starship SN5 ធ្វើ​អំពី​ដែក​ថែប​មិន​ច្រែះ​​នេះ ត្រូវ​បាន​បាញ់​បង្ហោះ​សាក​ល្បង​នៅ​វេលា​ម៉ោង​6​និង​57​នាទី​ព្រឹក​ ថ្ងៃទី​5​សីហា​ (ម៉ោង​នៅ​កម្ពុជា) ហើយ​បាន​ហោះ​ឡើង​ដល់​កម្ពស់​150​ម៉ែត្រ​។ ក្រោយមក វា​ក៏​បាន​ចុះ​ចត​ទៅ​តាម​គម្រោង​ដោយ​ជោគ​ជ័យ​។

SN5 គឺជា​គំរូ​ Starship ទី​ពីរ​របស់​ក្រុម​ហ៊ុន​ SpaceX ដែល​បាន​ហោះ​ផុត​ពី​ដី​។ មុន​នោះ យាន​ដែល​មាន​រូប​រាង​តឿ​ Starhopper ក៏ធ្លាប់​ត្រូវ​បាន​បាញ់​បង្ហោះ​ឡើង​ជា​ច្រើន​ដង​កាល​ពី​រដូវ​ក្ដៅ​2019 នៅ​មុនពេលផ្អាក​​ដំណើរ​ការ​។ មុន​យាន SN5 យាន​មួយ​ចំនួន​ដែល​ជា​កំណែ​សាក​ល្បង​ ត្រូវ​បាន​បំផ្លាញ​ក្នុង​ពេល​ធ្វើ​ការ​សាក​ល្បង​សម្ពាធ​ និង​បញ្ឆេះ​ម៉ាស៊ីន​។

Starhopper និង SN5 សុទ្ធ​តែ​បំពាក់​ម៉ាស៊ីន​​ Raptor ដែលជា​ម៉ាស៊ី​ជំនាន់​ថ្មី​ដ៏​ខ្លាំង​ក្លា​របស់​ SpaceX។ កំណែ Starship ចុង​ក្រោយ​នឹង​ត្រូវបាន​បំពាក់​ម៉ាស៊ីន​ Raptor ចំនួន​6 និង​មាន​កម្ពស់​50​ម៉ែត្រ​ ហើយ​អាចដឹក​មនុស្ស​បាន​100​នាក់​។​​ យាន​នេះ​នឹង​ត្រូវ​បាន​បាញ់​បង្ហោះ​ចេញ​ពី​ពិភព​ផែន​ដី​ជាមួយ​នឹង​រ៉ុកកែត​ Super Heavy ដែល​មាន​បំពាក់​ម៉ាស៊ីន​ Raptor ចំនួន​31គ្រឿង​​។ ឧបករណ៍​ទាំង​2នេះ​ក៏សុទ្ធ​តែ​អាច​ប្រើប្រាស់​ឡើង​វិញ​បាន​ដូច​គ្នា​។ Super Heavy នឹង​ចុះ​ចត​លើ​ផែន​ដី​វិញបន្ទាប់​ពី​ការ​ហោះ​ហើរ​ម្ដងៗ។ ចំណែក​យាន​ Starship ក៏មាន​ថាម​ពល​គ្រប់​គ្រាន់​ដើម្បី​ហោះ​ទៅ​ដល់​ឋាន​ព្រះចន្ទ​ និង​ផ្កាយ​ព្រះអង្គារ​។

បើ​សិន​ជា​ដំណាក់កាល​អភិវឌ្ឍ​ Starship និង Super Heavy ដំណើរការ​ដោយ​រលូត​ យាន​ទាំង​នេះ​នឹង​អនុញ្ញាត​ឱ្យ​មនុស្ស​កសាង​មូលដ្ឋាន​របស់​ខ្លួន​នៅ​លើ​ពិភពព្រះអង្គារ​ក្នុង​រយៈ​ពេល​ពី​50​ទៅ​100​ឆ្នាំ​ខាង​មុខ​។

ប្រភព៖ Space

Advertisement