យន្តហោះអវកាសដំបូងគេបង្អស់នឹងហោះហើរចាប់ពីឆ្នាំ2021

យន្តហោះអវកាសដំបូងគេបង្អស់នឹងហោះហើរចាប់ពីឆ្នាំ2021

Dream Chaser ជាមធ្យោបាយហោះហើរដែលត្រូវបានផលិតឡើងដោយក្រុមហ៊ុន Sierra Nevada នៅ Colorado សហរដ្ឋអាមេរិក នឹងក្លាយជាយន្តហោះអវកាសឯកជនដំបូងគេបង្អស់ក្នុងពិភពលោក ដែលហោះហើរនៅលើគន្លងគោចររបស់ផែនដី។

យានអវកាសមានស្លាបនេះនឹងហោះឡើងត្រង់ទៅលើនៅលើរ៉ុកកែតរុញច្រានមួយ ប៉ុន្តែនឹងបញ្ចប់បេសកកម្មរបស់វាដោយការចុះចត់ដូចទៅនឹងយានអវកាស Space shuttle ដែល NASA ធ្លាប់បានប្រើប្រាស់។ កាលពីខែមីនា ក្រុមហ៊ុន Sierra Nevada បានប្រកាសបង្ហាញប្រព័ន្ធស្លាបរបស់យន្តហោះ Dream Chaser ដំបូងដែលអាចប្រើប្រាស់បានជាផ្លូវការ ដែលនេះកំពុងបោះជំហានទៅជិតដល់ដំណាក់កាលដែលអាចដឹកជញ្ជូនសម្ភារៈ និងឧបករណ៍វិទ្យាសាស្ត្រទៅផ្គត់ផ្គង់ស្ថានីយអវកាសអន្តរជាតិ (ISS)។ Sierra Nevada បានឱ្យដឹងថា យន្តហោះអវកាសនេះមានឈ្មោះថា Tenacity។

តាមគម្រោង Tenacity នឹងធ្វើការហោះហើរជាលើកដំបូងនៅចុងឆ្នាំ2021 នៅលើខ្នងរ៉ុកកែត Vulcan Centaur របស់ United Launch Alliance ហោះចេញពីមជ្ឈមណ្ឌលអវកាស Kennedy របស់អង្គការ NASA។ ការចុះចតដូចយន្តហោះធម្មតារបស់យាន Tenacity នេះ នឹងអនុញ្ញាតឱ្យការប្រមូលឧបករណ៍ពិសោធន៍ត្រលប់មកផែនដីវិញយ៉ាងមានប្រសិទ្ធភាព និងសុវត្ថិភាព។

ដំបូងឡើយ Dream Chaser ត្រូវបានរចនាឡើងសម្រាប់តែដឹកមនុស្សប៉ុណ្ណោះ។ Sierra Nevada ធ្លាប់ទទួលបានទុនវិនិយោគជាច្រើនលើកពីកម្មវិធី Commercial Crew របស់ NASA ដើម្បីអភិវឌ្ឍយានអវកាស។ ប៉ុន្តែ ក្រុមហ៊ុននេះបានធ្វើឱ្យកិច្ចសន្យាដឹកអ្នកអវកាសធ្លាក់ទៅលើដៃ Boeing និង SpaceX ក្នុងឆ្នាំ2014។ យ៉ាងណាក៏ដោយ ឆ្នាំ2016 អង្គការ NASA បានជ្រើសរើសម៉ូដែលយន្តហោះអវកាសរបស់ Sierra Nevada សម្រាប់គម្រោង Commercial Resupply Services 2។

តាមរយៈកិច្ចព្រមព្រៀងខាងលើនេះ Sierra Nevada នឹងត្រូវធ្វើការបាញ់បង្ហោះយានគ្មានមនុស្សបើកបរចំនួន6លើក ដើម្បីដឹកទំនិញទៅកាន់ស្ថានីយអវកាសអន្តរជាតិ ISS នៅក្នុងឆ្នាំ2024ខាងមុខ។

Anna Hare ដែលជាអ្នកទទួលខុសត្រូវផ្នែកទំនាក់ទំនងរបស់ក្រុមហ៊ុន បានឱ្យដឹងថា Sierra Nevada ត្រូវផ្លាស់ប្ដូរ module ប្រមាណជា20% របស់ Dream Chaser ដើម្បីប្រែក្លាយវាពីធម្យោបាយដឹកអ្នកដំណើរឱ្យទៅជាធម្យោបាយដឹកទំនិញ។ Sierra Nevada ក៏នឹងមិនបោះបង់លទ្ធភាពនៃការអភិវឌ្ឍវាឱ្យទៅជាយន្តហោះអវកាសសម្រាប់ដឹកមនុស្សនាពេលខាងមុខនោះដែរ៕

Dream Chaser អាចដឹកទំនិញបានប្រហែល900គីឡូក្រាមនៅក្នុងជើងហោះហើរនីមួយៗ។ ទូដាក់ទំនិញមានទំហំ4.9ម៉ែត្រដែលមានឈ្មោះថា Shooting Star អាចភ្ជាប់ជាមួយនឹងយន្តហោះអវកាស ដែលនេះនឹង​ជួយ​ឱ្យយានអាច​ដឹក​ទំនិញ​4,500​គីឡូក្រាមបន្ថែមទៀត។ នៅពេលដែល Tenacity ត្រលប់មកដល់ស្រទាប់អូហ្សូនរបស់ផែនដី Shooting Star នឹងត្រូវផ្ដាច់ចេញ។ ដោយសារ Dream Chaser ផ្ទុកថាមពលសុវត្ថិភាព ក្រុមអ្នកបច្ចេកទេសអាចចូលទៅគ្រប់គ្រងយាននេះបានយ៉ាងឆាប់រហ័សក្រោយពីវាបានចុះចត។ ផ្នែកខាងក្រោយរបស់យន្តហោះអវកាសនេះនឹងបើកទ្វារ ហើយបុគ្គលិកនឹងចូលទៅប្រមូលយកសម្ភារៈនានាចេញពីទីនោះបានលឿន។ នេះគឺជាប្រការដ៏សំខាន់ ពិសេសគឺនៅពេលសម្ភារៈទាំងនោះជារបស់សម្រាប់ពិសោធន៍។ យន្តហោះអវកាសនេះក៏អាចហោះហើរដោយស្វ័យប្រវត្តិទាំងស្រុង ដោយមិនចាំបាច់មានបញ្ជាពីអ្នកបើកបរ៕

ប្រភព៖ Space

Advertisement