កំពូលអ្នកសរសេរកម្មវិធីកុំព្យូទ័រ​​វ័យ​19​ឆ្នាំ​ ក្លាយជា “Mark Zuckerberg ទី2” នៅជ្រលងភ្នំ Silicon! ដំណើរការ​មិន​ទាន់​បាន​3​ឆ្នាំ​ផងក៏បានក្លាយជាក្រុមហ៊ុនថ្មីដែលមានតម្លៃពាន់លានដុល្លារ

កំពូលអ្នកសរសេរកម្មវិធីកុំព្យូទ័រវ័យ19ឆ្នាំ ក្លាយជា “Mark Zuckerberg ទី2” នៅជ្រលងភ្នំ Silicon! ដំណើរការមិនទាន់បាន3ឆ្នាំផងក៏បានក្លាយជាក្រុមហ៊ុនថ្មីដែលមានតម្លៃពាន់លានដុល្លារ

Alexandr Wang គឺជារឿងជោគជ័យដែលលេចធ្លោជាងគេបង្អស់នៅជ្រលងភ្នំ Silicon៖ “ឈប់រៀនពីសាលា MIT (Massachusetts Institute of Technology) ដ៏ល្បីឈ្មោះ ដើម្បីបង្កើតក្រុមហ៊ុនក្នុងវ័យ19ឆ្នាំ និងទទួលបានជោគជ័យមកដល់សព្វថ្ងៃ។

កាលពីឆ្នាំទៅ2019 ក្រុមហ៊ុនរបស់ Alexandr Wang ដែលមានឈ្មោះថា Scale AI បានក្លាយជាក្រុមហ៊ុនថ្មីដែលមានតម្លៃលើសពី1ពាន់លានដុល្លារ ដែលគេហៅថា Unicorn បន្ទាប់ពីបានធ្វើសកម្មភាពរយៈពេលតែ3ឆ្នាំប៉ុណ្ណោះ។ ក្នុងអំឡុងពេលនោះ Scale AI ប្រមូលទុនបាន123លានដុល្លារអាមេរិក។ ក្រុមអ្នកវិនិយោគសំខាន់របស់ Scale AI រួមមានដូចជា ស្ថាបនិក និងជា CEO របស់ក្រុមហ៊ុន Dropbox ក្រុមហ៊ុន Quora និងសហស្ថាបនិក2រូបរបស់ Instagram ផងដែរ។

បច្ចុប្បន្ន ក្រោយពីប្រមូលទុនបន្ថែមបាន100លានដុល្លារ និងត្រូវបានកំណត់តម្លៃជាង1ពាន់លានដុល្លារ ក្រុមហ៊ុនរបស់ Wang មានបុគ្គលិកចំនួន180នាក់ និងកំពុងធ្វើការជាមួយដៃគូធំៗជាច្រើន ក្នុងនោះមានក្រុមហ៊ុន Airbnb, Pinterest, Samsung, Lyft និងក្រុមហ៊ុន Toyota ជាដើម។ល។

ប្រការដែលគួរឱ្យចាប់អារម្មណ៍បំផុតអំពីភាពជោគជ័យយ៉ាងឆាប់រហ័សរបស់ Wang នោះគឺប្រការដែលគាត់មិនធ្លាប់មានគំនិតបង្កើត Scale AI សោះឡើយ។ អ្វីដែលគាត់ចង់ធ្វើកាលពីនៅជាអ្នកសរសេរកូដវ័យជំទង់ គឺចង់ “បង្កើតអ្វីមួយ” ដោយខ្លួនឯង។

ក្នុងវ័យ19ឆ្នាំ Wang បានរកឃើញបញ្ហាបច្ចេកទេសមួយ៖ “បញ្ញាសិប្បនិម្មិត (AI) នឹងឆ្លាតវៃបាន លុះត្រាតែមានមនុស្សម្នាក់ជួយកំណត់ឱ្យបានច្បាស់ថា វាកំពុងត្រូវបានហ្វឹកហាត់ប្រកបដោយភាពត្រឹមត្រូវបំផុត”។ ដូច្នេះ Wang ក៏បានសម្រេចចិត្តបង្កើតថ្នាលបណ្ដុះបណ្ដាលមួយទាក់ទិននឹងដំណោះស្រាយនានាដោយប្រើប្រាស់ទិន្នន័យដែលអតិថិជនប្រមូលបាន ប្រកបដោយភាពជាក់លាក់ខ្ពស់ និងត្រូវបានបញ្ជាក់ដោយមនុស្ស។

កំពូលអ្នកសរសេរកម្មវិធីកុំព្យូទ័រវ័យ19ឆ្នាំ ក្លាយជា “Mark Zuckerberg ទី2” នៅជ្រលងភ្នំ Silicon! ដំណើរការមិនទាន់បាន3ឆ្នាំផងក៏បានក្លាយជាក្រុមហ៊ុនថ្មីដែលមានតម្លៃពាន់លានដុល្លារ
រថយន្ត​បើក​បរ​ស្វ័យ​ប្រវត្ត​មួយ​គ្រឿង​ដែល​ប្រើប្រាស់​បច្ចេក​វិទ្យា​របស់​ក្រុម​ហ៊ុន​ Scale AI

ឧទាហរណ៍៖ បើសិនជាអតិថិជនចង់បង្កើតដំណោះស្រាយដើម្បីជួយឱ្យរថយន្តបើកបរស្វ័យប្រវត្តរបស់ពួកគេ ឱ្យស្គាល់រាល់រថយន្ត អ្នកថ្មើរជើង និងអ្នកជិះកង់នៅលើដងផ្លូវ នោះ Scale នឹងប្រើប្រាស់រូបថត និងវីដេអូដែលរថយន្តបើកបរស្វ័យប្រវត្តទាំងនោះថតបានក្នុងអំឡុងបើកបរសាកល្បង និងធ្វើការបញ្ជាក់ជាថ្មីថា ពួកវាអាចស្គាល់ ឬដឹងច្បាស់ដែរ ឬអត់។

ក៏ប៉ុន្តែ ពេលនោះ Wang នៅមិនទាន់មានគំនិតទាក់ទិននឹងការបង្កើត Scale AI នៅឡើយ រហូតដល់ពេលបានចូលជាសមាជិកនៃក្រុម Y Combinator កាលពីឆ្នាំ2016។ Wang ឱ្យដឹងថា៖ “ពេលនោះ ខ្ញុំមានគំនិតរាប់លានផ្សេងៗគ្នា ដូចជាការជួយឱ្យគ្រប់គ្នាអាចស្វែងរកវេជ្ជបណ្ឌិតបានងាយស្រួលជាដើម”។

ទីប្រឹក្សាម្នាក់របស់ក្រុម Y Combinator បាននិយាយជាមួយ Wang ថា៖ ចូរស្វែងរកស្ថានភាពមួយដែលមនុស្សជាច្រើនកំពុងជួបប្រទះ ហើយពួកគេត្រៀមខ្លួនជាស្រេចក្នុងការបង់ប្រាក់ជូនដើម្បីទទួលបានដំណោះស្រាយ។ ក្នុងអត្ថបទមួយស្ដីអំពីវិធីដើម្បីទទួលបានគំនិតក្នុងការបើកមុខជំនួញថ្មី ស្ថាបនិករបស់ក្រុមហ៊ុន Y Combinator ធ្លាប់បានណែនាំថា៖ “ចូររស់នៅក្នុងអនាគត ហើយកសាងនូវអ្វីដែលពេលនេះវានៅមានភាពខ្វះចន្លោះ”។

បន្ទាប់ពីបានដឹងច្បាស់អំពីអនាគតដ៏ត្រចះត្រចង់នៃវិស័យបញ្ញាសិប្បនិម្មិត Wang ក៏បានផ្ដោតទៅលើវិស័យ AI នេះ។ ប៉ុន្តែ ជំនួសឱ្យការបង្កើតផលិតផល AI ជាក់លាក់ណាមួយ Wang បែរជាជ្រើសយកការបង្កើតមូលដ្ឋានដើម្បីជួយឱ្យផលិតផល AI របស់ក្រុមហ៊ុននានា មានភាពងាយស្រួលក្នុងការអភិវឌ្ឍ និងដំណើរការ។ ពេលនោះ ក្រុមហ៊ុន Scale AI ក៏ត្រូវបានបង្កើតឡើង។

ដោយសារតែជាកំពូលអ្នកសរសេរកូដវ័យក្មេង Wang មានភាពងាយស្រួលក្នុងការប្រមូលទុនវិនិយោគសម្រាប់ក្រុមហ៊ុនថ្មីរបស់ខ្លួន។ មានស្រុកកំណើតនៅទីក្រុង Los Alamos រដ្ឋ New Mexico នៃសហរដ្ឋអាមេរិក ក្នុងគ្រួសារមួយដែលមានឪពុកនិងម្ដាយជាអ្នកវិទ្យាសាស្ត្រ Wang ទទួលបានចំណេះដឹងយ៉ាងច្រើនពីពួកគេ។ Wang ដណ្ដើមបានជ័យជំនះនៅក្នុងពិធីប្រកួតប្រជែងគណិតវិទ្យា និងសរសេរកូដដែលត្រូវបានរៀបចំដោយសាលាមធ្យមសិក្សាដែល Wang កំពុងរៀន។

Alexandr Wang និង​ដៃ​គូ Lucy Guo ជា​ស្ថាបនិក​របស់​ក្រុម​ហ៊ុន​ Scale AI

ប្រការនេះបាននាំឱ្យ Wang ទទួលបានចំណាប់អារម្មណ៍ពីក្រុមហ៊ុនបច្ចេកវិទ្យានានា។ ក្រោយពីបានបញ្ចប់ការសិក្សានៅសាលាមធ្យមសិក្សា Wang ត្រូវបានបញ្ជូនទៅកាន់ជ្រលងភ្នំ Silicon ដើម្បីហាត់ការនៅឯក្រុមហ៊ុន Addepar។ ក្រោយមក Wang ក៏បានក្លាយជាបុគ្គលិកពេញសិទ្ធិរបស់ Quora។

ក្រោយពីបានធ្វើការនៅទីនេះអស់មួយរយៈពេល Wang ក៏បានចូលរៀននៅវិទ្យាស្ថានបច្ចេកវិទ្យា Massachusetts (MIT) ដែលមានឈ្មោះល្បីល្បាញនៅសហរដ្ឋអាមេរិក។ ប៉ុន្តែ បន្ទាប់ពីបានសិក្សារយៈពេល1ឆ្នាំ Wang ក៏សម្រេចចិត្តបោះបង់ការសិក្សាដើម្បីផ្ដោតទៅលើ Scale។

ត្រឹមតែរយៈពេល10ខែដំបូង ក្រុមហ៊ុនរបស់ Wang ប្រមូលទុនបានដល់ទៅ4.5លានដុល្លារអាមេរិក និងបង្កើតបានផលិតផលដំបូងដែលផ្ដោតសំខាន់លើ machine vision ជាប្រព័ន្ធមួយដែលប្រើប្រាស់វិញ្ញាណសិប្បនិម្មិត (sensor) ក្បូនដំណោះស្រាយផ្នែករឹងនិងផ្នែកតន់ (hardware and software algorithm) ដើម្បីបង្កើតស្វ័យភាពនៃមុខងារត្រួតពិនិត្យទិន្នន័យជារូបភាព ចាប់ពីសាមញ្ញដល់ស្មុគស្មាញ។ តាមរយៈនេះ Scale AI ក៏ចាប់ផ្ដើមមានអតិថិជនដំបូងៗ ក្នុងនោះមានដូចជាបណ្ដាក្រុមហ៊ុនផលិតរថយន្តបើកបរស្វ័យប្រវត្ត និងយន្តហោះ drone ជាដើម។

ចាប់តាំងពីពេលនោះមក Wang ក៏មានឈ្មោះល្បីល្បាញនៅជ្រលងភ្នំ Silicon ជាមួយនឹងរហ័សនាមថា “Mark Zuckerberg ទី2”។ ពាក្យណែនាំរបស់ Wang សម្រាប់ក្រុមអ្នកដែលចង់បង្កើតក្រុមហ៊ុនថ្មី នោះគឺ “ផ្ដោតទៅលើការកសាងផលិតផលដែលអាចជួយដោះស្រាយបញ្ហាដែលមនុស្សជាច្រើនកំពុងជួបប្រទះ ដែលពួកគេត្រៀមខ្លួនជាស្រេចក្នុងការបង់ប្រាក់ដើម្បីទទួលបានដំណោះស្រាយ”៕

ប្រភព៖ Business Insider

Advertisement