ហ្វេសប៊ុក សហការជាមួយគណៈកម្មការទន្លេមេគង្គ ដើម្បីលើកកម្ពស់ការយល់ដឹងពីគ្រោះទឹកជំនន់ និងគ្រោះរាំងស្ងួតក្នុងតំបន់

ទីក្រុង​វៀង​ច័ន្ទ​ន៍ ប្រទេស​ឡាវ/ហាណូយ ប្រទេស​វៀតណាម ថ្ងៃទី31 ខែសីហា ឆ្នាំ2020 – ថ្ងៃនេះ បណ្តាញ​សង្គម​ហ្វេ​ស​ប៊ុ​ក(Facebook) និង​លេខាធិការដ្ឋាន​គណៈកម្មកា​រ​ទន្លេមេគង្គ(MRCS) បានប្រកាស​ដាក់​ដំណើរការ​នូវ​គំនិត​ផ្តួចផ្តើម​រួមគ្នា​មួយ ដើម្បី​ផ្តល់​ការជូនដំណឹង​ជាមុន ស្តីពី​គ្រោះទឹកជំនន់ និង​ព័ត៌មាន​តាមដាន​ពី​គ្រោះរាំងស្ងួត ដល់​សហគមន៍ និង​ប្រទេស​ក្នុង​តំបន់​ទន្លេមេគង្គ​ក្រោម។

ជា​កិច្ចសហប្រតិបត្តិការ​ដែល​មិន​ធ្លាប់មាន​ពីមុនមក គំនិត​ផ្តួចផ្តើម​រួមគ្នា​នេះ មាន​គោលដៅ​លើកកម្ពស់​ការយល់ដឹង​របស់​សាធារណជន​ជាទូទៅ នៅក្នុង​ប្រទេស​ជា​សមាជិក​ទាំង4 របស់ MRC រួមមាន ប្រទេស​កម្ពុជា ឡាវ ថៃ និង​វៀតណាម អំពី​ប្រព័ន្ធ​ព័ត៌មាន​ទឹកជំនន់ និង​គ្រោះរាំងស្ងួត​របស់ MRC និង​បណ្តុះបណ្តាល​សមត្ថភាព​ម​ន្ត្រី​ពាក់ព័ន្ធ អំពី​ការប្រើប្រាស់​ប្រព័ន្ធ​ឌីជីថល​តាម​អ៊ី​ន​ធើ​ណិ​ត។ កិច្ចសហប្រតិបត្តិការ​នេះ មាន​រយៈពេល 1ឆ្នាំ ពោលគឺ ពី​ឆ្នាំ2020 ដល់​ឆ្នាំ2021។

លោកស្រី សាន​ទិ អា​ឡិច​ហ្សា​ន​ដឺរ (Shanti Alexander) អ្នកគ្រប់គ្រង​កិច្ចការ​សហគមន៍​រប​ស់ Facebook ប្រចាំ​តំបន់​អាស៊ី​ប៉ាស៊ីហ្វិក បាន​ថ្លែងថា៖ “នៅ Facebook យើង​តែងតែ​ស្វែងរក​មធ្យោបាយថ្មីៗ ដើម្បី​ផ្តល់​ការគាំទ្រ​ដល់​កិច្ចការ​អភិវឌ្ឍន៍​នៅក្នុង​តំបន់​នេះ។ ជាមួយនឹង​ឧបករណ៍​សម្បូរបែប​ជាច្រើន ដែល​ជួយ​ដល់​សហគមន៍​ឱ្យ​ចេះ​ត្រៀមខ្លួន ឆ្លើយតប និង​ស្តារឡើងវិញ​នូវ​សមត្ថភាព និង​ដើម្បី​បង្កើត​ភាព​ធន់​នឹង​គ្រោះមហន្តរាយ យើង​សប្បាយចិត្ត​ដែល​បាន​រួមគ្នា​ជាមួយ MRC ដើម្បី​ផ្តល់ព័ត៌មាន​ពី​គ្រោះទឹកជំនន់ និង​គ្រោះរាំងស្ងួត​ដែល​អាច​កើតមាន ជូន​ប្រជាពលរដ្ឋ​រាប់លាន​នាក់​នៅក្នុង​តំបន់​នេះ ដើម្បីឱ្យ​ពួកគេ​ត្រៀម​ឱ្យបាន​កាន់តែ​ប្រសើរ សម្រាប់​ប្រឈម​នឹង​វិបត្តិ​នេះ”

បើ​យោងតាម​របាយការណ៍រ​បស់​អង្គការសហប្រជាជាតិ ស្តីពី​ការបាត់បង់​ផ្នែក​សេដ្ឋកិច្ច ភាពក្រីក្រ និង​គ្រោះមហន្តរាយ នៅក្នុង​រយៈពេល 2ទសវត្សរ៍​ចុងក្រោយ​នេះ គេ​សង្កេតឃើញថា ការបាត់បង់​ផ្នែក​សេដ្ឋកិច្ច​ដោយផ្ទាល់ ពី​គ្រោះមហន្តរាយ​ទាក់ទង​នឹង​អាកាសធាតុ បាន​កើនឡើង​រហូតដល់​ទៅ 250%។ នៅក្នុង​តំបន់​មេគង្គ​ក្រោម ចន្លោះ​ពី​ឆ្នាំ1998 ដល់​ឆ្នាំ2017 ប្រទេស​ថៃ​បាន​រង​ការវាយប្រហារ​អាក្រក់​បំ​ផុត ដែល​ធ្វើឱ្យមាន​ការខូចខាត​ជា​ទឹកប្រាក់​ប្រមាណ​ជា 52.4ពាន់​លាន​ដុល្លារ​អាមេរិក។

បើ​យោងតាម MRC ខណៈដែល​ទឹកជំនន់​ប្រចាំ​រដូវ បាន​នាំមក​នូវ​អត្ថប្រយោជន៍ផ្សេងៗគ្នា​ដល់​តំបន់ ការខាតបង់​ប្រចាំឆ្នាំ​ជា​មធ្យម​កើតចេញពី​ទឹកជំនន់​នៅក្នុង​អាង​ទន្លេមេគង្គ​ក្រោម មានតម្លៃ​ប្រមាណ​ពី 60 ទៅ 70លាន​ដុល្លារ​អាមេរិក នេះ​បើ​គិត​ជារួម។ ប្រទេស​កម្ពុជា និង​វៀតណាម បាន​បាត់បង់​ប្រមាណ 2ភាគ3 នៃ​ការ​ខូ​ត​ខាត​ដោយ​ទឹកជំនន់​ប្រចាំឆ្នាំ​សរុប​នៅក្នុង​តំបន់​ទន្លេមេគង្គ នេះ​បើ​គិត​ដោយឡែក។

ការសិក្សា​ជាច្រើន​របស់ MRC នាពេលថ្មីៗនេះ ក៏បាន​បង្ហាញ​ផងដែរ​ថា ព្រឹត្តិការណ៍​ទឹកជំនន់​ក្នុង​តំបន់​អាង​ទន្លេមេគង្គ​ក្រោម បាន​កើនឡើង ជា​ញឹកញាប់ និង​កាន់តែ​ធ្ងន់ធ្ងរ​ឡើង នៅក្នុង​ប៉ុន្មាន​ទសវត្សរ៍​កន្លងមកនេះ ហើយ​និន្នាការ​នេះ នឹង​បន្ត​ទៅមុខទៀត។ អាង​ទន្លេ​នេះ ក៏​ងាយ​នឹងរង​ផលប៉ះពាល់​ពី​ការប្រែប្រួល​អាកាសធាតុ​បន្ថែមទៀត​ផងដែរ ដែល​រួមបញ្ចូល​ទាំង​កំណើន​សីតុណ្ហភាព​នៃ​មេ​ដ្យា​ន ដែល​បាន​ព្យាករ​ទុក​ប្រមាណ 0.8ដឺ​ក្រេ នៅ​ឆ្នាំ2030។

“យើង​មើលឃើញ​ពី​សារៈសំខាន់​ខ្លាំង​បំផុត នៃ​ការ​ផ្តល់នូវ​ព័ត៌មាន​ដែល​គួរឱ្យ​ទុកចិត្ត និង​ទាន់ពេលវេលា ស្តីពី​កម្ពស់​ទឹក ដល់​ប្រទេស និង​បណ្តា​សហគមន៍​នានា​តាម​ដង​ទន្លេមេគង្គ ដែល​ប្រឈម​នឹង​គ្រោះទឹកជំនន់ និង​គ្រោះរាំងស្ងួត ព្រមទាំង​ការប្រែប្រួល​អាកាសធាតុ ដើម្បីឱ្យ​ពួកគាត់​អាច​ចាត់វិធានការ​ទាន់ពេល​វេលា ក្នុងការ​ចៀសវាង ឬ​កាត់បន្ថយ​ហានិភ័យ និង​រៀបចំ​ឆ្លើយតប​ប្រកបដោយ​ប្រសិទ្ធភាព។ នេះ​បើតាម​ការលើកឡើង​រប​ស់​បណ្ឌិត អា​នុ​ល័ក គិ​តិ​ឃួន (Anoulak Kittikhoun) ប្រធាន​មន្ត្រី​ផ្នែក​យុទ្ធសាស្ត្រ និង​ភាពជា​ដៃគូ​របស់ MRCS។

MRC  បាន​ដំឡើង​ស្ថានីយ​ជលសា​ស្ត្រ​ចំនួន22  តាម​ដង​ទន្លេ​មេ នៃ​ទន្លេមេគង្គ  ក្នុង​អាង​ទន្លេ      មេគង្គ​ក្រោម ដើម្បី​តាមដាន និង​ប្រមូល​ទិន្នន័យ​ពី​កម្រិត និង​កម្ពស់​ទឹក និង​បរិមាណ​ភ្លៀង​ធ្លាក់​នៅក្នុង​ទន្លេ ដែល​ទិន្នន័យ​ទាំងនេះ បាន​បញ្ចូល​ទៅក្នុង​ប្រព័ន្ធ​ព្យាករ​ទឹកជំនន់ និង​គ្រោះរាំងស្ងួត​មេគង្គ​របស់ MRC។ ប្រព័ន្ធ​នេះ ផ្តល់​ទិន្នន័យ​ពី​កម្ពស់​ទឹក​ប្រចាំថ្ងៃ​ដល់​សាធារណជន និង​រដ្ឋាភិបាល​មេគង្គ រួមទាំង​ការជូនដំណឹង​ជាមុន​ពី​គ្រោះទឹកជំនន់ និង​ការ​ព្យាករ​ពី​គ្រោះរាំងស្ងួត ដែលមាន​រយៈពេល​ពេញ 1ឆ្នាំ។

តាមរយៈ​កិច្ចសហប្រតិបត្តិការ​នេះ គេ​នឹង​ពន្យល់​ពី​ប្រព័ន្ធ​ផ្តល់​ព័​ត៌​មួយ​នេះ តាមរយៈ​វីដេអូ​គំនូរជីវចល 3Dមួយ ដែល​នឹងត្រូវ​ចែកចាយ​លើ​បណ្តាញ​សង្គម Facebook ដើម្បី​ឱ្យបាន​ទៅដល់​សហគមន៍ អ្នកប្រើប្រាស់​ទូទៅ នៅក្នុង​តំបន់​នេះ។

Facebook ក៏​នឹង​ធ្វើការ​បំប៉ន​ដល់​មន្ត្រី​ពាក់ព័ន្ធ​មកពី​ប្រទេស​ជា​សមាជិក​ទាំង4 ពី​របៀប​ប្រើប្រាស់​ឧបករណ៍​ឌីជីថលផ្សេងៗ ដើម្បី​ធ្វើការ​ប្រាស្រ័យ​ទាក់ទង​ឲ្យ​មាន​ប្រសិទ្ធភាព និង​រហ័ស ក្នុងអំឡុង និង​ក្រោយពេល​មាន​គ្រោះមហន្តរាយ។ ការបណ្តុះបណ្តាល នឹង​រួមបញ្ចូល​នូវ​ផែនទី​ដង់ស៊ីតេ​ប្រជាជន​របស់ Facebook ដែលជា​កម្មវិធី​មួយ​ប្រើប្រាស់​បច្ចេកទេស​រូបភាព​ដ៏​ទំនើប ដើម្បី​ដាក់​សំណុំ​ទិន្នន័យ​សាធារណៈ និង​បែប​ពាណិជ្ជកម្ម តាមរយៈ​សមត្ថភាព​អេ​អាយ (Artificial Intelligence)។ ផែនទី​ទាំងនេះ មាន​លក្ខណៈ​លម្អិត  រហូតដល់ 3ដង​លើសពី​ប្រភព​ដែលមាន​ស្រាប់៕

 

សម្រាប់​ព័ត៌មាន​បន្ថែម សូម​ទាក់ទង៖

លោក មាស សុភ​ក្ត្រ មន្ដ្រី​ទំនាក់ទំនង​សម្រាប់​អ្នកសារព័ត៌មាន

លេខាធិការដ្ឋាន​នៃ​គណៈកម្មការ​ទន្លេមេគង្គ

អ៊ីមែល៖  sopheak@mrcmekong.org

ទូរ​សព្ទ​ដៃ៖ +856-20-77779168

 

លោកស្រី ង្វៀន ឃូ​អិ​ញ ត្រាំ​ង

អ្នកគ្រប់គ្រង​ផ្នែក​ទំនាក់ទំនង

ហ្វេ​ស​ប៊ុ​ក​ប្រចាំ​ប្រទេស​វៀតណាម និង​កម្ពុជា

អ៊ីមែល៖ quynhtrang@fb.com

Advertisement