Microsoft និង Walmart កំពុងប្រជែងទិញ TikTok ក្រោយពេល CEO លាលែងពីតំណែង

លោក Kevin A. Mayer ​ជា​នាយក​ប្រតិបត្តិ TikTok បាន​លា​លែង​ពី​តំណែងដោយ​ខ្លួន​ឯង កាល​ពី​ជាង 1សប្ដាហ៍​មុន ។ ដំ​ណឹង​ដ៏​តក់​ក្រហល់​ភ្លាម​ៗ​បែប​នេះ បានកើតឡើង ​ក្រោយ​ពីរូបលោក​​ឡើង​កាន់​មុខ​តំណែង​នេះ ​បាន​រយៈពេល​មិន​ដល់ 4​ខែ​ផង​។ លោក Kevin បាន​លើក​ឡើង​ពី​សម្ពាធ​​​​នៃ​ជម្លោះ​នយោបាយ ​ជា​មូលហេតុ​នាំ​ឱ្យ​លោក​​លា​លែង​ពី​តំណែងនេះ។

TikTok គឺ​ជា​បណ្ដាញ​សង្គម​វីដេអូ​ ដ៏​ពេញ​និយម​មួយ​ ​​ដែល​គ្រប់​គ្រង​ដោយ​ក្រុមហ៊ុន​ចិន ByteDance ដែល​រង​ការ​គំរាម​កំហែង​ខ្លាំង​ពី​សំណាក់​រដ្ឋបាលរបស់​លោក​ដូណាល់ ​ត្រាំ។

លោក ដូណាល់ ត្រាំ បាន​ចេញ​បទ​បញ្ជា​ប្រតិបត្តិ​ ហាម​ឃាត់​មិន​ឱ្យ​ពលរដ្ឋ​អាមេរិក ​ធ្វើ​អាជីវកម្ម​ជា​មួយ​ក្រុមហ៊ុន TikTok ដែល​នឹង​មាន​ប្រសិទ្ធភាព​​ក្រោយ​​ 45​ថ្ងៃ​ (នៅ​រង្វង់​ថ្ងៃ​ទី21 ខែ​កញ្ញា) ។

ប្រសិន​បើ ByteDance អាច​​លក់​ប្រតិបត្តិការ​​របស់ TikTok នៅ​អាមេរិក​ ​ទៅ​ឱ្យ​ក្រុមហ៊ុន​អាមេរិក មាន​ន័យ​ថា TikTok នឹង​អាច​បន្ត​ដំណើរ​ការ​នៅ​អាមេរិក​បាន។ មក​ទល់​ពេល​នេះ​​ក្រុមហ៊ុន​ផ្គត់​ផ្គង់​ទំនិញ Walmart និង ​Microsoft កំពុង​ប្រជែង​គ្នា​​ទិញ​យក TikTok មក​កាន់​កាប់៕

Advertisement