(វីដេអូ) រ៉ុកកែត Vega ដែល​ដឹក​ផ្កាយ​រណប​53​គ្រឿង​ ត្រូវ​បាន​បាញ់​បង្ហោះទៅ​កាន់​អវកាស​ដោយ​ជោគជ័យ​​

(វីដេអូ) រ៉ុកកែត Vega ដែលដឹកផ្កាយរណប53គ្រឿង ត្រូវបានបាញ់បង្ហោះទៅកាន់អវកាសដោយជោគជ័យ

ជើងហោះហើរដែលត្រូវបានធ្វើឡើងកាលពីព្រឹកនេះ គឺជាជំហានដ៏ធំមួយបង្ហាញអំពីសមត្ថភាពក្នុងការបាញ់បង្ហោះ​ផ្កាយ​រណប​ច្រើន​គ្រឿងក្នុងពេលតែមួយរបស់ក្រុមហ៊ុន Arianespace ដែលមានមូលដ្ឋាននៅប្រទេសបារាំង។

រ៉ុកកែតរុញច្រានដែលមាន4ជាន់ ឈ្មោះថា Vega របស់ក្រុមហ៊ុន Arianespace ត្រូវបានបាញ់បង្ហោះ​នៅ​វេលា​ម៉ោង​8​និង​51​នាទីព្រឹកថ្ងៃទី3កញ្ញា (ម៉ោងនៅកម្ពុជា) ចេញពីមជ្ឈមណ្ឌលអវកាស Guiana នៅអាម៉េរិកខាងត្បូង ដោយមាននាំទៅជាមួយនូវផ្កាយរណបចំនួន53គ្រឿងរបស់ដៃគូពាណិជ្ជកម្មចំនួន21មកពីប្រទេសចំនួន13 ឡើងទៅកាន់គន្លងតារាវិថីរបស់ផែនដី។

បេសកកម្ម VV16 គឺជាជើងហោះហើរដំបូងរបស់កាំជ្រួចរុញច្រាន Vega រាប់ចាប់ពីតាំងពីករណីបាញ់បង្ហោះដោយបរាជ័យកាលពីថ្ងៃទី10កក្កដា2019 ដែលបានបណ្ដាលឱ្យកាំជ្រួចនិងផ្កាយរណបសង្កេតផែនដី FalconEye1 របស់ UAE បានបាត់ខ្លួន។ មូលហេតុនៃបរាជ័យនេះ ត្រូវបានគេរកឃើញថា ដោយសារបញ្ហាគ្រប់គ្រងកំដៅ។

នៅក្នុងជើងហោះហើរលើកនេះ បញ្ហាខាងលើត្រូវបានដោះស្រាយ ហើយអ្វីៗទាំងអស់ដំណើរបានល្អទៅតាមផែនការដែលបានកំណត់។ ការបាញ់បង្ហោះលើកនេះក៏ជាជំហានថ្មីមួយនៃការចាប់ផ្ដើមនៃឧបករណ៍ពង្រាយផ្កាយរណប SSMS របស់ទីភ្នាក់ងារអវកាសអឺរ៉ុប (ESA) ផងដែរ។

ឧបករណ៍ពង្រាយផ្កាយរណប SSMS លើកនេះ រួមមាន2ផ្នែក ក្នុងនោះ ផ្នែកខាងលើផ្ទុកផ្កាយរណបចំនួន7គ្រឿងដែលមានទម្ងន់ចាប់ពី15-150គីឡូក្រាម និងផ្នែកខាងក្រោមផ្ទុកផ្កាយរណប46គ្រឿង ដែលភាគច្រើនមានទំហំតូច។

ផ្កាយរណបចំនួន53គ្រឿងខាងលើនេះ ត្រូវបានពង្រាយទៅក្នុងគន្លងគោចរនៃភពផែនដី ដោយ​ចំណាយពេល​1​ម៉ោង​និង​45នាទីបន្ទាប់ពីត្រូវបានបាញ់បង្ហោះ។ ផ្កាយរណបទាំងនេះនឹងបំពេញបេសកកម្មផ្សេងៗគ្នា មានដូចជា ការសង្កេតផែនដី ផ្ដល់សេវាកម្មទូរគមនាគមន៍ និងការសាកល្បងផ្នែកបច្ចេកវិទ្យា។ល។

រ៉ុកកែតរុញច្រាន Vega ដែលមានកម្ពស់30ម៉ែត្រនេះ ត្រូវបានផលិតឡើងដើម្បីដឹកផ្កាយរណបដែលមានទម្ងន់មធ្យម និងស្រាល។ នៅមុនពេលជួបបរាជ័យជាលើកដំបូងជាមួយនឹង FalconEye1 រ៉ុកកែត Vega បានហោះហើរដោយជោគជ័យចំនួន14លើកជាប់ៗគ្នា រាប់ចាប់ពីពេលបានបង្ហាញវត្តមានកាលពីខែកុម្ភៈ2012៕

ប្រភព៖ Space

Advertisement