(វីដេអូ) រកឃើញប្រព័ន្ធដែលមានព្រះអាទិត្យ3ដួង កំពុងនាំគ្នា “ហែក” ថាសបង្កើតភព

រកឃើញប្រព័ន្ធដែលមានព្រះអាទិត្យ3ដួង កំពុងនាំគ្នា “ហែក” ថាសបង្កើតភព

បណ្ដុំផ្កាយ “ក្មេង” មួយដែលមានចម្ងាយពីផែនដី1,300ឆ្នាំពន្លឺ កំពុងតែហែកកម្ទេចថាសដែលមានតួនាទីបង្កបង្កើតភពនៅជុំវិញពួកវា បង្កើតបានជាខ្សែក្រវាត់បញ្ឆិតគ្នាជាច្រើនជាន់។

ប្រព័ន្ធព្រះអាទិត្យនានាដែលត្រូវបានរកឃើញនៅក្នុងចក្រវាល តែងមានរូបរាងជាថាសរាបស្មើយ៉ាងល្អ ដោយមានភពជាច្រើន និងថាសធូលីវិលជុំវិញផ្កាយដែលនៅកណ្ដាល និងមានទិសស្របគ្នា។ ប៉ុន្តែ ប្រការនេះមិនមែនត្រឹមត្រូវគ្រប់ពេលនោះទេ ពិសេសគឺចំពោះប្រព័ន្ធដែលមានព្រះអាទិត្យច្រើនដួង ដូច GW Orionis ជាដើម។

GW Orionis គឺជាប្រព័ន្ធផ្កាយ3 ដែលមានព្រះអាទិត្យចំនួន3 ស្ថិតនៅក្នុងកញ្ចុំផ្កាយ Orion។ ក្នុងប្រព័ន្ធនេះ ផ្កាយទាំង3វិញជុំវិញគ្នា និងមានចម្ងាយពីផែនដីប្រមាណជា1,300ឆ្នាំពន្លឺ។

នៅក្នុងការសិក្សាស្រាវជ្រាវថ្មីបំផុតដែលទើបត្រូវបានចុះផ្សាយនៅលើទស្សនាវដ្ដី Science កាលពីថ្ងៃទី3កញ្ញា ក្រុមអ្នកវិទ្យាសាស្ត្រអន្តរជាតិ បានសង្កេតឃើញថា ក្រុមផ្កាយនេះកំពុងតែនាំគ្នាហែកថាសបង្កបង្កើតភព (ក្នុងថាសនេះ ភាគច្រើនគឺជាឧស្ម័ន ធូលី និងដុំថ្មអវកាស) ជាបំណែក និងកំពុងតែរុញច្រានបំណែករបស់ថាសនេះឱ្យឃ្លាតចេញពីផ្ទៃរាបរបស់គន្លងគោចរដំបូង។

Alison Young ដែលជាអ្នកស្រាវជ្រាវមកពីសាកលវិទ្យាល័យ Exeter និង Leicester របស់អង់គ្លេស បានសង្កត់ធ្ងន់ថា កន្លងមកធ្លាប់មានការលើកឡើងអំពីករណីហែកថាសបង្កបង្កើតភព ប៉ុន្តែនេះគឺជាភ័ស្តតាងជាក់ស្ដែងដំបូងគេបង្អស់។ ប្រការនេះមានន័យថា ក្នុងចក្រវាល ពិតជាមានភពដែលវិលជុំវិញក្រុមផ្កាយមេរបស់ពួកវាទៅតាមគន្លងតារាវិថីបែបទ្រេត។

ក្រុមអ្នកវិទ្យាសាស្ត្រឱ្យដឹងថា រង្វង់ខ្សែក្រវាត់ធូលីដែលមានសភាពទ្រេតបំផុតរបស់ប្រព័ន្ធ GW Orionis នេះ គឺស្ថិតនៅផ្នែកខាងក្នុងរបស់ថាសធូលី ដែលនៅជិតផ្កាយទាំង3ដួង។ រង្វង់នេះផ្ទុកធូលី និងវត្ថុអវកាសដែលមានទម្ងន់ធ្ងន់ជាង30ដងបើធៀបនឹងទម្ងន់របស់ផែនដី ដែលនេះមានន័យថា វាមានលក្ខខណ្ឌគ្រប់គ្រាន់ដើម្បីបង្កើតបានជាភពក្នុងចំនួនច្រើន។

អ្នកវិទ្យាសាស្ត្រ Alexander Kreplin មកពីសាកលវិទ្យាល័យ Exeter បានពន្យល់ថា៖ “ភពដែលកកើតឡើងនៅក្នុងរង្វង់ទ្រេតនេះ នឹងគោចរតាមគន្លងទ្រេតជុំវិញផ្កាយដែលនៅកណ្ដាល។

ក្រុមតារាវិទូអន្តរជាតិ ដែលរួមមានជនជាតិអង់គ្លេស បែលហ្សិក ឈីលី បារាំង និងអាម៉េរិកាំង បានចាប់ផ្ដើមសង្កេតទៅលើប្រព័ន្ធផ្កាយ GW Orionis តាំងពីឆ្នាំ2008 ដោយប្រើម៉ាស៊ីនប្រមូលកាំរស្មី AMBER និងឧបករណ៍ GRAVITY នៅលើកែវយឹត VLT ដែលមានទីតាំងនៅក្នុងស្ថានីយសង្កេត ESO ក្នុងទឹកដីនៃប្រទេសឈីលី។ ទិន្នន័យដែលប្រមូលបាន ត្រូវបានប្រើប្រាស់ដើម្បីបង្កើតជារចនាសម្ព័ន្ធនៃប្រព័ន្ធផ្កាយនេះតាមរយៈកុំព្យូទ័រ ដែលអនុញ្ញាតឱ្យអ្នកវិទ្យាសាស្ត្រដឹងអំពីប្រការដែលបានកើតឡើងខាងលើនេះ៕

ប្រភព៖ Scitech Daily/Space

Advertisement