អ៊ីតាលីកំពុងតែធ្វើការស៊ើបអង្កេតទៅលើ Google Drive, Apple iCloud និង Dropbox ពាក់ព័ន្ធទៅនឹងរឿងមួយនេះ

អាជ្ញាធរ​ឃ្លាំមើល​តម្លាភាព​ក្នុងការ​ប្រកួតប្រជែងរ​បស់​ប្រទេស​អ៊ីតាលី (AGCM) បាន​បើក​ការស៊ើបអង្កេត​ទៅលើ​ក្រុមហ៊ុនធំៗចំនួន​បី​ទាក់ទង​ទៅនឹង​ការប្រើ​ទិន្នន័យ​របស់​អ្នកប្រើប្រាស់​នៅក្នុង​សេវាកម្ម Cloud ដើម្បី​ផ្សព្វផ្សាយ​ពាណិជ្ជកម្ម។ បន្ថែម​ទៅលើ​ការស៊ើបអង្កេត​នេះ ពួកគេ​ក៏បាន​បើក​ការស៊ើបអង្កេត​ទៅលើ​ករ​ណី​រំលោភបំពាន​ចំនួន ៦ ថែមទៀត បន្ទាប់ពី​ទទួលបាន​ការរាយការណ៍​ជាច្រើន​ពី​អ្នកប្រើប្រាស់​ទាក់ទង​នឹង​ការចោទប្រកាន់​ទាំងនេះ​ផងដែរ។

មូល​ហេតុដែល​នាំឱ្យមាន​ការចោទប្រកាន់​ទៅលើ​ក្រុមហ៊ុន​ទាំងបី​នោះ​គឺ ទាក់ទង​ទៅនឹង​ការប្រមូល​និង​ប្រើប្រាស់​ទិន្នន័យ​ដោយ​មិនមាន​ការជូនដំណឹង​ទៅដល់​អ្នកប្រើប្រាស់ ឬ​ដោយ​គ្មាន​ការអនុញ្ញាតឱ្យ​ប្រមូល​ទិន្នន័យ​ទាំងនោះ​ដើម្បី​ធ្វើការ​ផ្សព្វផ្សាយ​ពាណិជ្ជកម្ម​របស់ខ្លួន។ ជាងនេះទៅទៀត​ក្រុមហ៊ុន Dropbox ក៏​រង​ការចោទប្រកាន់ថា មិនបាន​ផ្ដល់ព័ត៌មាន​ឱ្យបាន​ច្បាស់លាស់​ទៅឱ្យ​អ្នកប្រើប្រាស់​ទាក់ទង​ទៅនឹង​នីតិវិធី​ដើម្បី​ធ្វើការ​ពិចារណា​ឡើងវិញ​ក្នុងការ​បញ្ចប់​ការប្រើប្រាស់​សេវាកម្ម​របស់​ពួកគេ​នោះទេ។

សូមបញ្ជាក់​ផងដែរ​ថា​កាលពី​ឆ្នាំ​កន្លងទៅ សហព័ន្ធ​អឺរ៉ុប​ក៏បាន​ជំរុញ​ឱ្យ ប្រព័ន្ធ​បណ្ដាញ​សង្គម​ទាំងអស់ ធ្វើការ​កែសម្រួល​ខ​និង​លក្ខខណ្ឌ (T&C) របស់​ពួកគេ​ដើម្បីឱ្យ​ងាយស្រួល​យល់ ហើយ​ជា​លទ្ធផល​ក្រុមហ៊ុន​ហ្វេ​ស​ប៊ុ​ក​ក៏បាន​កែសម្រួល​ខ​និង​លក្ខខណ្ឌ​របស់គេ​ដោយ​ប្រើ​ភាសា​សាមញ្ញ​ដែល​ងាយ​នឹង​យល់​រួចហើយ​ផងដែរ៕

ប្រភព៖​ នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា

Advertisement